​ក្រសួងការបរទេស ជួយ​អន្តរាគមន៍ ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន​៦​នាក់ នៅ​ម៉ាឡេស៊ី មក​កម្ពុជា​វិញ​

ភ្នំពេញ:
លោក ជុំ សុន្ទរី អ្នកនាំពាក្យ​
 ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​អោយដឹង​នៅ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍ ជួយ​ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន​៦​នាក់ ដែល​បាន​ទៅធ្វើ​ការ នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួបប្រទះ​នឹង ការលំបាក​ក្នុង​ការងារ អោយបាន​វិលត្រឡប់ មក​កម្ពុជា​វិញ​។​

​លោក ជុំ សុន្ទរី បាន​បន្តថា ពលករ​-​ពល​ការិនី​ខ្មែរ ទាំង​៦ នាក់ រួមមាន ៖

១-​ឈ្មោះ សុ​ត ជូ​ឡាង អាយុ ៣៥ ឆ្នាំ នៅ​ភូមិ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ទៅធ្វើ​ការ នៅ​ម៉ាឡេស៊ី ខាង​ផ្នែក​បោសសំអាត តាំងពី​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៥ តាមរយៈ​ក្រុមហ៊ុន H D នៅ​កម្ពុជា​។ ស្ថានទូត បានអោយ​ថៅកែ​របស់ ពល​ការិនី​រូបនេះ បើកប្រាក់​ខែ​ដែល​នៅសល់ តាម​សំណូមពរ​របស់​សាមីខ្លួន​។ ស្ថានទូត​បាន​បង់ប្រាក់​ពិន័យ អោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ទិញ​សំបុត្រ​យន្តហោះ អោយ​ពល​ការិនី​រូបនេះ​។

២-​ឈ្មោះ អេ​ន ឱន អាយុ ២៦ ឆ្នាំ និង ៣-​ឈ្មោះ យុន ពុ​ទ្ធី អាយុ​១៨ ឆ្នាំ​។ ពលករ​ទាំងពីរ នៅ​ភូមិ​ឈើ​ទេព ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិសាត់ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី ធ្វើការ​នៅ​កសិដ្ឋាន​ចិញ្ចឹម​គោ តាំងពី​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៥ តាមរយៈ​មេខ្យល់​។​

៤-​ឈ្មោះ ឡុ​ញ សុភាព អាយុ​៣៣ ឆ្នាំ  នៅ​ភូមិ​ពិសី ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ទៅ ម៉ាឡេស៊ី ធ្វើការ​តាម​ផ្ទះ តាំងពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦ តាមរយៈ​ក្រុមហ៊ុន Philimore នៅ​កម្ពុជា​។​
៥-​ឈ្មោះ ម៉ើ ស្រៀ​ង អាយុ ២៥ ឆ្នាំ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ទៅ​ម៉ាឡេស៊ី ធ្វើការ​ខាង​ផ្នែក​បោសសំអាត តាំងពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៦ តាមរយៈ មេខ្យល់​។​

៦-​ឈ្មោះ សុះ សាលី​ស អាយុ ២៥ ឆ្នាំ នៅ​ភូមិ​ជ្រលង​កៃស្នា ឃុំ​ឈូកសរ ស្រុក​កំពង់​ឡា​ច ខេត្តកំពង់ឆ្នាំង បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥  ធ្វើការ​ជា​អ្នកបកប្រែ ភាសា​ម៉ាឡេស៊ី តាមរយៈ​ក្រុមហ៊ុន Main Power 168​។

​ស្ថានទូត បាន​ទំនាក់ទំនង ទៅ​ថៅកែ របស់​ពល​ការិនី សុះ សាលី​ស ដើម្បី​ដោះស្រាយ​ប្រាក់ខែ ដែល​នៅ​សេសសល់ តាម​សំណើ​របស់ សាមីខ្លួន ប៉ុន្តែ​ថៅកែ​រូបនោះ បានគេច​វេសរ​ហូត មិន​ព្រម​ដោះស្រាយ​។ ស្ថានទូត បានសម្រេច​ប្ដឹង​តុលាការ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ កន្លងមកនេះ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ជីដូន​របស់​ពល​ការិនី​រូបនេះ បាន​ស្លាប់ ដូចនេះ​ពល​ការិនី សុះ សាលី​ស ចង់​ត្រឡប់ទៅផ្ទះ​វិញ អោយបាន​ឆាប់ ដោយ​សម្រេច មិន​ឡើង​តុលាការ​ទេ​។

​លោក​បាន​បន្ថែមថា ដោយ​ក្តី​អាណិតអាសូរ សា្ថ​ន​ទូត បាន​ទិញ​សំបុត្រ​យន្តហោះ និង​បង់ពិន័យ​ជូន ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ឱ្យ​នាង​។​

​ក្នុងកំឡុងពេល​រង់ចាំ ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​វិញ ស្ថានទូត​បានផ្ដល់​កន្លែង​ស្នាក់នៅ និង​ការហូបចុក ដល់​ពលករ​-​ពល​ការិនី ទាំង​៦​នាក់​។​
 ពល​ការិនី សុះ សាលី​ស បានមក​ដល់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ មិថុនា  ឆ្នាំ​២០១៦​។ ចំណែក ពលករ​-​ពល​ការិនី ទាំង​៥​នាក់​ទៀត បានមក​ដល់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦ កន្លងមកនេះ​៕N​/S