ឆក់​កាបូប​បានសម្រេច​តែ​គេចខ្លួន​មិន​រួច

ឆក់​កាបូប​បានសម្រេច​តែ​គេចខ្លួន​មិន​រួច



ភ្នំពេញ ​៖ ​ជន​សង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​គ្នា​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​៣​ឃាត់​ខ្លួន​ ក្រោយ​ពេល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រង​គ្រោះ​ម្នាក់​ ពេល​កំពុងតែ​ដើរ​តាម​ផ្លូវ​ជាមួយ​មិត្តភ័ក្ដិ​ជនជាតិ​ស្បែក​ខ្មៅ​ ​ហើយ​ព្យាយាម​រត់គេច​ខ្លួន ​តែ​គេច​មិន​រួច​​ ត្រូវ​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​ចាប់​បាន​​ ​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​១៧២​ កែង​ផ្លូវ​លេខ​៥១​ សង្កាត់​ផ្សារ​ថ្មី​៣ ​ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​ផាន់ ណា​ដា​វិដ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មុខរបរ ​និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ។ ចំណែក​ឯ​បក្ខពួក​ ដែល​រត់គេច​ខ្លួន​នោះ​ មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ អាយុ​ប្រហែល​៣០​ឆ្នាំ។ ជនរងគ្រោះ​ឈ្មោះ​កែវ មុំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌ​ដូនពេញ។ សម្ភារៈ​បាត់បង់​មាន​ទូរស័ព្ទដៃ​២​គ្រឿង​មួយ​គ្រឿង​ម៉ាក​LG​និង​ម៉ាក​ណូគា។ រីឯ​វត្ថុ​តាង​ចាប់​យក​ពី​ជនសង្ស័យ​មាន​ កាបូបស្ពាយ​១ ក្នុង​នោះ​សល់​តែ​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគា អិន​ចុច​ពិល​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ។

មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្តភ័ក្ដិ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ​បាន​ដើរ​តាម​ផ្លូវ​លេខ​១៧២ លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាង​លើ​ ស្រាប់តែ​លេច​មុខ​ជនសង្ស័យ​២​នាក់​​ ​​ដើរ​ថ្មើរជើង​តាម​ពីក្រោយ ​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនរងគ្រោះ​បានសម្រេច​ ហើយ​ពួកគេ​នាំគ្នា​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​បាន​ម្នាក់។ ចំណែក​ឯ​បក្ខ​ពួកវា​ម្នាក់ទៀត​បាន​យក​ទូរស័ព្ទ​ជនរងគ្រោះ​២​គ្រឿង​គេចខ្លួន​បាត់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់៕