សង្ស័យ​ខ្យល់គរ ពេល​ផឹក​ស្រវឹង ដើរ​ទៅ​ដេក​ស្លាប់​នៅ​កណ្ដាល​វាលស្រែ​

សង្ស័យ​ខ្យល់គរ ពេល​ផឹក​ស្រវឹង ដើរ​ទៅ​ដេក​ស្លាប់​នៅ​កណ្ដាល​វាលស្រែ​



បាត់ដំបង ​៖​ ស្ត្រី​វ័យ​ជិត​៥០​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​កណ្ដាល វាលស្រែ ​បន្ទាប់ពី​ស្ត្រី​រូប​នេះ ​​​ផឹក​ស្រា​ឡើង​ស្រវឹង​ជោកជាំ ​ហើយ​ដើរ​ទៅ​វាល​ស្រែ​​នោះ។

ហេតុការណ៍​នៃ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​កណ្ដាល​វាល​ស្រែ​ខាងជើង​ភូមិ​ប្រហែល​មួយ​គីឡូម៉ែត្រ ស្ថិត​ក្នុង​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដោយ​ស្ត្រី​រងគ្រោះ​មានឈ្មោះ ចិន យឿន អាយុ​៤៦​ឆ្នាំ របរ​ធ្វើស្រែ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។ បើ​តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​នេះ​បាន​និយាយ​ថា ស្ត្រី​រូប​នេះ​គឺជា​មនុស្ស​ស្រវឹង​ខួប ដោយ​ពេល​ណា​ក៏​គេ​ដក​មេ​រហូត​គ្មាន​គិត​ពី​ពេលវេលា​នោះ​ទេ។ នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ ​គឺ​គេ​បាន​ផឹក​ស្រា​ឡើង​ស្រវឹង​ជោកជាំ​ ហើយ​គេ​មិនបាន​ធ្វើដំណើរ​ទៅផ្ទះ​នោះ​ទេ ដោយ​គេ​បាន​ដើរ​ចេញពី​ភូមិ​ទៅ​បាត់​រហូត​តែម្តង។

លុះដល់​ម៉ោង​១០ និង​១៥​នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល ប្រជាពលរដ្ឋ​ឈ្មោះ លី ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ បាន​មក​មើល​ស្រែ​ក៏​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ ដេក​ស្លាប់​ស្ដូកស្ដឹង​នៅ​កណ្ដាល​វាលស្រែ​បាត់​ទៅ​ហើយ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​គេ​ប្រហែល​ជិត​មួយ​គីឡូម៉ែត្រ។

ក្រោយពេល​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដើម្បី​ធ្វើ​កោសល្យវិច័យ ទើបបាន​អះអាង​ថា ស្ត្រី​រងគ្រោះ​អាច​កើត​ខ្យល់​គរ ដោយសារតែ​ផឹក​ស្រវឹង​ខ្លាំង​ពេក ហើយ​មិនបាន​ហូប​ចំណី​អាហារ​អ្វី​ទាំងអស់ និង​អាកាសធាតុ​ក៏​ក្ដៅ​ខ្លាំង​ ទើប​ធ្វើ​ឲ្យ​គាត់​មាន​អាការៈ​ឡេះឡះ​តែ​ម្តង​ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕
សង្ស័យ​ខ្យល់គរ ពេល​ផឹក​ស្រវឹង ដើរ​ទៅ​ដេក​ស្លាប់​នៅ​កណ្ដាល​វាលស្រែ​