ប្រវត្តិ​ខ្មាន់កាំភ្លើង​នៅ ORLANDO ឈ្មោះ OMAR MATEEN

OMAR MATEEN ជា​ជនជាតិ​អា​មេ​រិ​ក​អាយុ​២៩​ឆ្នាំ ជា​អ្នក​រស់នៅ​ទីក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ពី​ទីក្រុង ORLANDO ជា​កន្លែង​បាញ់ប្រហារ ។ មនុស្ស​៥០​នាក់​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ក្នុង​ក្លិប​រាត្រី​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​មួយ​នៃ​ទីក្រុង ORLANDO រដ្ឋ​ផ្ល​រី​ដា ។

បុរស​នេះ​មុខមាត់​ស្អាតបាត​បាន​ប្រើ​កាំភ្លើង​វាយលុក​ធុន AR-15 មួយ​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម​ពេល​វាយប្រហារ ។ ប៉ូលិស​សហព័ន្ធ​ធ្លាប់​សួរ​ចម្លើយ​ជន​នេះ​ជា​ច្រើន​លើក​កាលពី​ឆ្នាំ​២០១៣ និង​២០១៤ ពី​បទ​មាន​ទំនាក់ទំនង​ជាយថាហេតុ​ជាមួយ​ពួក​ភេរវ​ករ តែ​ពុំ​តាមដាន​បន្ត​ឡើយ ។ គ្រួសារ​របស់​គេ​ដឹង​ពី​ចរិត​គេ​ច្បាស់ ក៏​ប៉ុន្តែ​ស្បថ​ថា អំពើ​របស់​គេ​ពុំ​ទាក់ទិន​នឹង​សាសនា​ឡើយ ។ ដោយ​រំលឹក​ពី​អតីតកាល​កំណត់​តាម​រយៈ​អំពើ​ហិង្សា គ្រួសារ​អតីត​ភរិយា​របស់​គេ​ពុំ​ធ្លាប់​ដែល​ឮ​គេ​និយាយ​ពី​ការ​គាំទ្រ​ចំពោះ​ភេរវកម្ម​ឡើយ។ ក៏​ប៉ុន្តែ​ជន​នេះ​មានការ​ក្តៅក្រហាយ​ខ្លាំង​ណាស់ ក្រោយ​ពី​ឃើញ​បុរស​២​នាក់​ឱប​គ្នា​នៅ​មុខ​ភរិយា និង​កូនប្រុស​គេ ។

កើត​នៅ​ក្រុង​ញូ​វ​យ៉​ក​ក្នុង​ឆ្នាំ​១៩៨៦ ដោយ​ឪពុក​ម្តាយ​គេ​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន រស់នៅ​សហរដ្ឋ​អា​េ​ម​រិ​ក OMAR MATEEN ធ្វើការ​ជា​ភ្នាក់ងារ​សន្តិសុខ​របស់​ក្រុមហ៊ុន​សន្តិសុខ​មួយ​នៅ FORT ST. LUCIE ហើយ​ដោយសារ​សកម្មភាព​វិជ្ជាជីវៈ​របស់​គេ​បែប​នេះ ទើប​គេ​មានការ​អនុញ្ញាត​ឱ្យ​កាន់​កាំភ្លើង ។ កាលពី​ឆ្នាំ​២០០៩ គេ​បាន​រៀប​ការ​ជាមួយ​ភរិយា​ទី​មួយ ដែល​បាន​លែងលះ​គ្នា​កាលពី​ឆ្នាំ​២០១១ ។ គេ​បាន​យកប្រពន្ធ​មួយទៀត រួច​មានកូន​ប្រុស​ម្នាក់ ។

អតីត​ភរិយា​របស់​គេ​លោកស្រី SITORA YUSUFIY រៀបរាប់​ថា ពី​ដើម​រៀង​មក រូបគេ​ស្រឡាញ់​គ្រួសារ​ណាស់ ចូល​ចិត្ត​បង្ក​បរិយាកាស​សប្បាយ ហើយ​លេងសើច​ច្រើន ក៏​ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ យើង​រៀប​ការ ខ្ញុំ​សង្កេត​ឃើញ​គេ​លែង​មាន​ភាព​នឹងន៎ បែកឆ្វេង ពុំ​ដឹង​មក​ពី​ហេតុ​អ្វី ។

អតីត​ភរិយា​រូប​នេះ​ដែល​សព្វថ្ងៃ​រស់នៅ​ក្រុង BOUDER រដ្ឋ​កូ​ឡា​រ៉ា​ដូ បន្ត​ថា OMAR MATEEN កាន់សាសនា​អ៊ិ​ស្លា​ម តែ​ពុំ​ធ្លាប់​ដែល​ឮ​គេ​និយាយ​សរសើរ​ភេរវកម្ម​ឡើយ ។ ចំពោះ​មិត្តភក្តិ​គេ​ពុំ​ឃើញ​មាន​សញ្ញា​រ៉ា​ឌី​កាល់​នានា​ឡើយ ពេល​ពួក​យើង​មក​រស់នៅ FORT PIERCE រដ្ឋ​ផ្ល​រី​ដា ដែរ ។ គេ​ចង់​ធ្វើ​ប៉ូលិស​ពេល​គេ​ធ្វើការ​ហ្វឹកហ្វឺន​ជាមួយ​បណ្តា​មិត្តភក្តិ​ដែល​ជា​ប៉ូលិស ហើយ​គេ​មានច្បាប់​អនុញ្ញាត​ឱ្យ​កាន់​កាំភ្លើង​នៅ​រដ្ឋ​ផ្ល​រី​ដា ៕