រុ​ស្ស៊ី​ស្ថាបនា​ហើយ​រួចរាល់​នាវា​រំលាយ​ទឹកកក​យោធា​ដំបូង​របស់​ខ្លួន

ពិធី​ដាក់​បញ្ចូល​ទឹក​នៃ​នាវា​រំលាយ​ទឹកកក​យោធា​មួយ​គ្រឿង​នៃ​គម្រោង​២១.១៨០ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១០ មិថុនា កន្លង​មកនេះ នៅ​ឯ​ការដ្ឋាន​នាវា AMIRAUTE ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ។

មានឈ្មោះ​ថា ILIA MOUROMETS ជា​កិត្តិយស​ដល់​កវីនិពន្ធ​មួយ​រូប នាវា​នេះ​ជានា​វា​រំលាយ​ទឹកកក​ដំបូង​គេ​កសាង​ឡើង សម្រាប់​កង​ម៉ា​រី​ន​រុ​ស្ស៊ី​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​១៩៧០​មក ។

អគ្គនាយក​ការដ្ឋាន​នាវា AMIRAUTE លោក​អា​ឡិច​សង់​ដ្រ៍ ប៊ូ​ហ្សា​កូវ ថ្លែង​ថា យើង​ដាក់​បញ្ចូល​ទឹក​នាវា​រំលាយ​ទឹកកក​សម្រាប់​ផ្គត់ផ្គង់ គឺជា​ជោគជ័យ​ធំ​មួយ​របស់​យើង ។ នា​សិសិររដូវ​ខាង​មុខ​នេះ យើង​នឹង​កសាង​នាវា​ថ្មី​ៗ​ទៀត​ប្រភេទ​អាក់​ទិ​ក​ក្នុង​ការដ្ឋាន​នាវា​របស់​យើង ។

នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ នាវា​រំលាយ​ទឹកកក​ថ្មី​នោះ នឹង​ត្រូវ​ធ្វើការ​បើកបរ​សាកល្បង​រួច​បន្ទាប់​មក​នឹង​ប្រគល់​ឱ្យ​កង​ម៉ា​រី​ន​រុ​ស្ស៊ី​ក្នុង​ឆ្នាំ​២០១៧ ។ សម្បក​នាវា​នេះ​អាច​ធន់​នឹង​សម្ពាធ​របស់​ទឹកកក​កម្រាស់​១​ម៉ែត្រ ។

រយៈពេល​ចុង​ក្រោយ​នេះ ប្រទេស​រុ​ស្ស៊ី​បាន​ចាត់វិធានការ​ជា​ច្រើន​ដើម្បី​ការពារ​ផលប្រយោជន៍​នយោបាយ យោធា ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តំបន់​អាក់​ទិ​ក ខណៈ​ផលប្រយោជន៍​ទាំងនេះ​រង​ការ​ប៉ះពាល់​កាន់តែ​ខ្លាំង​ក្នុង​តំបន់​នោះ ដោយសារ​បណ្តា​ប្រទេស​ជា​សមាជិក​អូតង់ ។ កាលពី​ខែមេសា ឆ្នាំ​២០១៤ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ចេញ​បញ្ជា​ឱ្យ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​នៅ​តំបន់​អាក់​ទិ​ក ដោយ​បង្កើត​មូលដ្ឋាន​នានា​សម្រាប់​បណ្តា​នាវា​លើ​ផ្ទៃសមុទ្រ និង​សម្រាប់​បណ្តា​នាវាមុជទឹក​ជំនាន់​ថ្មី រួច​បង្កើត​អង្គការ​ពិសេស​មួយ​ទទួល​បន្ទុក​ខាង​នយោបាយ​រុ​ស្ស៊ី​នៅ​អាក់​ទិ​ក ៕