គួរធ្វើយ៉ាងណា នៅពេលដែល ទូរស័ព្ទរបស់អ្នកចូលទឹក?

នេះប្រាកដជាសុបិនដ៏អាក្រក់មួយ របស់អ្នកជាមិនខាន ប្រសិនបើអ្នកធ្វើឲ្យទូរស័ព្ទធ្លាក់ ពេលងូតទឹកដោយចៃដន្យ (កាន់តែអាក្រក់ជាងនេះ ធ្លាក់ចូលទឹកបង្គន់) ឬលោតចូលអាងទឹក  ឬសើមដោយសារតែឆ្លងកាត់ភ្លៀង ជាដើម -ល-។

ពេលនេះប័ណ្ណធានា មិនអាចរ៉ាប់រងការខូចខាត បង្កដោយសារតែទឹកបានទៀតទេ។ រូបថត និងកិច្ចសន្ទនា របស់អ្នកទាំងអស់ អាចនឹងត្រូវបាត់បង់ក្នុងពេលមួយពព្រិចភ្នែកបាន។​​ ប៉ុន្តែកុំបារម្ភអី! ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអាចជួយទូរស័ព្ទដែលលង់ទឹកបាន៖

១. យកទូរស័ព្ទចេញពីទឹកភ្លាមៗ

យើងដឹងថា ស្តាប់ទៅដូចជារឿងដែលត្រូវធ្វើហើយ តែវាអាចជារឿងមួយដែលហួសពេល បើអ្នកមិនប្រញ៉ាប់ប្រញ៉ាល់យកទូរស័ព្ទចេញ។ ទោះជាយ៉ាងណា នៅរាល់វិនាទីសុទ្ធតែអាចមានបញ្ហា ហេតុនេះបើអ្នកសំណាងល្អ អ្នកនឹងអាចជួយសង្រ្គោះទូរស័ព្ទបានទាន់ពេលវេលា។

តែប្រសិនបើទូរស័ព្ទរបស់អ្នក សើមទាំងជាប់ឆ្នាំងសាក នៅនឹងជញ្ជាំង សូមអ្នកកុំព្យាយាមយកវាចេញពីទឹកឲ្យសោះ។ អ្នកត្រូវស្វែងរក អ្នកជំនាញជាបន្ទាន់ដើម្បីសាកសួរ ពីជំហានដែលត្រឹមត្រូវ ដើម្បីយកទូរស័ព្ទចេញបានដោយសុវត្ថិភាព (ដូចជា ការបិទបារ៉ែតភ្លើង ឬសកម្មភាពស្រដៀងគ្នានេះផ្សេងទៀត)។

២. បិទទូរស័ព្ទចោល

ទូរស័ព្ទរបស់អ្នក អាចនឹងរលត់ដោយខ្លួនឯង ពេលធ្លាក់ចូលទឹក តែប្រសិនបើវាមិនរលត់ទេ សូមកុំស្ទាក់ស្ទើរឲ្យសោះ! អ្នកត្រូវប្រញ៉ាប់ ចុចបិទទូរស័ព្ទ ឬដោះថ្មចេញ ដើម្បីឲ្យវារលត់ភ្លាមៗ។ នេះនឹងការពារទូរស័ព្ទអ្នកមិនឲ្យ ទឹកធ្វើដំណើរចូលបានមួយកម្រិត។

៣. យកថ្មចេញ (បើអាច)

ប្រសិនបើអ្នកមាន ទូរស័ព្ទដៃដែលមិនអនុញ្ញាតឲ្យអ្នក យកថ្មចេញបាន ដូចជា iPhone អ្នកអាចរំលងជំហាននេះបាន។ ប៉ុន្តែប្រសិនបើអាចយកចេញបាន កុំបង្អង់ក្នុងការយកវាចេញឲ្យសោះ។ វានឹងអាចជួយ ការពារទូរស័ព្ទរបស់អ្នកពីការឆេះបាន។ នៅពេលដែលអ្នកយកថ្មចេញ ការធ្វើបែបនេះ នឹងជួយកាត់ផ្តាច់ថាមពលកុំឲ្យដំណើរការ និងចៀសវាងការខូចខាតធ្ងន់ធ្ងរផ្សេងទៀត។

៤. យកស៊ីម អង្គចងចាំ និងគ្រឿងផ្សេងៗចេញ

អ្នកគួរដោះ ស៊ីម អង្គចងចាំ គម្រប ឬ Case ចេញពីទូរស័ព្ទ។ មនុស្សជាច្រើនគិតថា ជួយស៊ីម ល្អជាងជួយទូរស័ព្ទទៅទៀត ព្រោះតែស៊ីមផ្ទុកនូវ ទិន្នន័យ និងលេខទូរស័ព្ទដែលសំខាន់ៗ។ អ្នកគួររក្សា គ្រឿងប្រដាប់ប្រដាទាំងអស់ខាងលើ នៅលើក្រណាត់សរសៃអំបោះ ឬកន្សែងក៏បាន (សូមអ្នកកុំដាក់វា នៅលើក្រដាសឲ្យសោះ ព្រោះវាមិនជ្រាបទឹកបានល្អទេ)។

៥. ជូតសម្អាត

អ្នកគួរតែធ្វើការជូតសម្អាតទូរស័ព្ទថ្មមៗ ដោយក្រណាត់ ឬកន្សែងទន់ៗ ចៀសវាងការគ្រវី ឬបង្វិលខ្លាំងៗ ដើម្បីការពារកុំឲ្យទឹកផ្លាស់ទីពាសពេញទូរស័ព្ទ។ អ្នកក៏អាចប្រើម៉ាស៊ីនបូមធូលី ដើម្បីបូមយកទឹក ចេញពីផ្នែកខាងក្នុង និងគៀនៗរបស់ទូរស័ព្ទ។ នេះគឺជាវិធីសាស្ត្រ ដែលធ្វើឲ្យទូរស័ព្ទអ្នកស្ងួតបានលឿនបំផុត និងអាចដំណើរវិញបានត្រឹមតែ ៣០ នាទីក្រោយ។ តែអ្នកត្រូវប្រុងប្រយ័ត្ន មិនឲ្យដាក់ ម៉ាស៊ីនបូម ជិតទូរស័ព្ទពេកទេ ព្រោះវាអាចចម្លងអគ្គិសនី ដែលនាំឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងទឹកទៅទៀត។

អ្វីដែលត្រូវចងចាំគឺ កុំប្រើម៉ាស៊ីនសម្ងួតសក់ ដើម្បីសម្ងួតទឹកចេញពីទូរស័ព្ទឲ្យសោះ ទោះបីជាមុខងារ ខ្យល់ត្រជាក់ ក៏ដោយ។ ការប្រើប្រាស់ ម៉ាស៊ីនសម្ងួតសក់ អាចធ្វើឲ្យមានទឹកចូលកាន់តែជ្រៅថែមទៀត និងធ្វើឲ្យមានសំណើមក្នុងសមាសភាគអគ្គិសនីរបស់ទូរស័ព្ទ។ ជម្រើសដ៏ល្អបំផុតគឺ ដាក់ទូរស័ព្ទចោល ២ ទៅ ៣ ម៉ោង នៅកន្លែងណាដែលមានខ្យល់ធម្មជាតិក្តៅឧណ្ណៗ។ 

៦. ប្រើសារធាតុស្រូបយកសំណើម

ជម្រើសបន្ទាប់ដែលល្អបំផុតនោះគឺ ដាក់ទូរស័ព្ទទៅក្នុងចាន ឬបាវអង្កររយៈពេល យ៉ាងតិចមួយយប់។ អង្ករមានប្រសិទ្ធិភាព ស្រូបយកជាតិទឹកដែលនៅសេសសល់ក្នុងទូរស័ព្ទ។ ប្រសិនជាមាន អ្នកអាចប្រើ គ្រាប់សម្ងួត (Desiccants) ជំនួសបាន ព្រោះវាអាចបំបាត់ជាតិសំណើមបានល្អជាងអង្ករទៅទៀត។ អ្នកគួរបង្វិលទូរស័ព្ទទៅទីតាំងផ្សេងគ្នាជារៀងរាល់ម៉ោង មុនពេលអ្នកចូលគេង។ នេះនឹងអនុញ្ញាតឲ្យ ជាតិទឹក អាចធ្វើចលនាចុះឡើង ហើយអាចរកកន្លែងចេញរួច។

៧. បើកទូរស័ព្ទវិញ

បន្ទាប់ពីរង់ចាំអស់ពេលយ៉ាងតិច ២៤ ម៉ោងនោះ អ្នកអាចផ្គុំទូរស័ព្ទរបស់អ្នកឡើងវិញ រួចបើកដំណើរការទូរស័ព្ទ។ អ្នកគួរព្យាយាម ស្តាប់ថាតើមានលឺសម្លេងខុសប្លែកអ្វីដែរអត់ ក៏ដូចជាមើលថាតើ វាដំណើរការបានប្រក្រតីដែរឬទេ។ ប្រសិនបើទូរស័ព្ទអ្នក មិនដំណើរការ ឬដំណើរការមិនបានត្រឹមត្រូវទេ អ្នកអាចស្វែងរកជំនួយ ពីអ្នកជំនាញបាន។ ជាពិសេស លើកក្រោយត្រូវប្រាកដថា ដាក់ស្រោមទូរស័ព្ទការពារ និងបិទ អេក្រង់ (Screen) ការពារផងដែរ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរធ្វើយ៉ាងណា នៅពេលដែល ទូរស័ព្ទរបស់អ្នកចូលទឹក?

គួរធ្វើយ៉ាងណា នៅពេលដែល ទូរស័ព្ទរបស់អ្នកចូលទឹក?

គួរធ្វើយ៉ាងណា នៅពេលដែល ទូរស័ព្ទរបស់អ្នកចូលទឹក?

គួរធ្វើយ៉ាងណា នៅពេលដែល ទូរស័ព្ទរបស់អ្នកចូលទឹក?