ង៉ែត សូរ​ង្សី ជួប​រឿង​ស៊យ​ផ្ទួនៗ​

ក្រោយប្រកាសលទ្ធផលថាបេក្ខនារី ង៉ែត សូរង្សី ជាកូនក្រុម Coach ឆន សុវណ្ណារាជ មិនអាចបន្តទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ បេក្ខនារីរូបនេះបានទ្រហ៊ោយំពេញមួយទំហឹងលើឆាក រហូតធ្វើឱ្យគ្រូបង្វឹកទាំង ៤ រូប ទប់អារម្មណ៍មិនបានក៏បង្ហូរទឹកភ្នែកតាមនាង ហើយសូម្បីតែអ្នកគាំទ្រដែលតាមដានផ្ទាល់នៅក្នុងស្ទូឌីយោ ក៏បង្ហាញភាពក្តុកក្តួលអួលណែនតាមនាងស្ទើរគ្រប់ៗគ្នាផងដែរ ។

ជាការពិតណាស់ភាពរន្ធត់នៅលើឆាកកាលពីយប់មិញនេះ ពិតជាបានធ្វើឱ្យបេក្ខជន-បេក្ខនារីម្នាក់ៗសុទ្ធតែរំជួលអារម្មណ៍ តួយ៉ាងកូនក្រុមរបស់គ្រូបង្វឹក ឆន សុវណ្ណារាជ គឺបេក្ខនារី ង៉ែត សូរង្សី បានទ្រហ៊ោយំ បង្ហាញពីអារម្មណ៍សោកស្តាយដែលខ្លួនឯងមិនឆ្ពោះទៅឈោងចាប់យកអ្វីដែលខ្លួនប៉ងប្រាថ្នាក្នុងជីវិតបាន ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មិនប៉ុន្មានម៉ោងក្រោយពេលកម្មវិធីបានបញ្ចប់ យើងឃើញមានការបង្ហោះរូបភាពរបស់បេក្ខនារី ង៉ែត សូរង្សី គេងសម្រាកលើគ្រែមន្ទីរពេទ្យ ជាមួយការបញ្ចូលខ្យល់អូកស៊ីហ្សែន មើលទៅគួរឱ្យសង្វេគជាពន់ពេក ។

ង៉ែត សូរ​ង្សី  ជួប​រឿង​ស៊យ​ផ្ទួនៗ​
ង៉ែត សូរ​ង្សី  ជួប​រឿង​ស៊យ​ផ្ទួនៗ​

សម្រាប់ការបង្ហោះរូបភាពបង្ហាញពីបេក្ខនារី ង៉ែត សូរង្សី កំពុងស្ថិតក្នុងស្ថានភាពជាអ្នកជំងឺនេះដែរ មិនមានការបញ្ចាក់ច្បាស់លាស់ថាបេក្ខនារី ង៉ែត សូរង្សី មានអាការធ្ងន់ធ្ងន់ ឬ ស្រាលយ៉ាងណាទេ ។ ជាមួយគ្នានេះយើងក៏នៅមិនទាន់ដឹងប្រាកដដែរថាអាការរបស់នាងពេលនេះបានធូរស្រាកស្រាន្តវិញហើយឬក៏នៅដែរ ស្របពេលដែលមានទំព័រហ្វេសប៊ុកមួយមានឈ្មោះ Sandra Romdul បានសរសេរបង្ហោះនូវពាក្យពេចន៍អាណិតអាសូរនាងដូច្នេះថា «អាណិតគាត់ ដែលយំដល់ថ្នាក់សន្លប់បាត់បង់ស្មារតី ! ចឹងតើ បានជាយប់មិញនេះ ពេលគាត់ដើរចេញទៅ ខ្ញុំឃើញ Coach នាំគ្នាងាកមើល ដូចមានរឿងអីកើតឡើង ។ ជាក់ស្តែងគាត់ជាបេក្ខនារីដែលមានសំឡេងស្រទន់ជាងគេ តាំងពីប្រឡងចម្រៀងនៅទូរទស្សន៍អប្សរា ជាមួយបេក្ខជន ថែល ថៃ ម្ល៉េះ ។ រង្សី ខិតខំតស៊ូជំនះភាពក្រីក្រ ខិតខំជួយជ្រោមជ្រែងប្អូនដែលមានជំងឺប្រចាំកាយ ។ សង្ឃឹមថា គាត់នឹងបានក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបទៅថ្ងៃអនាគត ព្រោះក្រៅពីសមត្ថភាពសំឡេងដ៏ពីរោះ គាត់ក៏មានការតស៊ូក្នុងជីវិតដ៏គួរឲ្យស្ញប់ស្ញែងដែរ» ៕ សាកល

ង៉ែត សូរ​ង្សី  ជួប​រឿង​ស៊យ​ផ្ទួនៗ​
ង៉ែត សូរ​ង្សី  ជួប​រឿង​ស៊យ​ផ្ទួនៗ​
ង៉ែត សូរ​ង្សី  ជួប​រឿង​ស៊យ​ផ្ទួនៗ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

អត្ថបទពាក់ព័ន្ទ៖ ទីបំផុត បេក្ខជន ៤ រូប ដែល​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី The Voice Cambodia Season 2 បាន​លេចមុខ​ហើយ​!

រាត្រីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ គឺជាវគ្គមួយដ៏ស្វិតស្វាញមួយសម្រាប់បេក្ខជន និង បេក្ខនារី ប្រកួតប្រជែងលើសមត្ថភាពសំឡេង ដើម្បីដណ្តើមប្រជាប្រិយភាពឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍បន្ទាប់ ។ ទីបំផុតបេក្ខជនឆ្នើម ៤ រូប ដែលមានសមត្ថភាពពិតបានរកឃើញហើយ ក្រោមការបោះឆ្នោតគាំទ្រ និង មានការជម្រុះជាបន្តបន្ទាប់ ហើយក្នុងនោះ Coach ម្នាក់ៗគឺនៅសល់កូនក្រុមតែម្នាក់គត់ ដែលជាបេក្ខជនកំពូលប្រចាំក្រុម ។

ទម្រាំតែមានឈ្មោះឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ បេក្ខជនទាំង ៤ រូប សុទ្ធតែបានឆ្លងកាត់នូវឧបសគ្គលាយឡំនឹងការរន្ធត់ជាមួយវគ្គជម្រុះជាច្រើនលើកច្រើនសា ក្នុងនោះបេក្ខជនផ្ទាល់ក៏ទទួលបាននូវបទពិសោធ និង តិចនិកថ្មីៗក្នុងការប្រើប្រាស់សំឡេងយ៉ាងក្រាស់ក្រែលពីគ្រូបបង្វឹកផងដែរ ។ ជាការពិតណាស់បេក្ខជន ៤ រូប ដែលនៅសល់សុទ្ធសឹងតែជាបេក្ខជនមានសមត្ថភាពខ្ពស់ ក្រោយការចម្រាញ់ដោយការបោះឆ្នោតសារជាសំឡេងពីមហាជនគ្រប់វគ្គ ហើយបេក្ខជនឆ្នើម ៤ រូប នោះរួមមាន បេក្ខនារី សាន ស្រីឡៃ ជាកូនក្រុម Coach ពេជ្រ សោភា, បេក្ខនារី ឈីន រតនៈ ជាកូនក្រុម Coach ណុប បាយ៉ារិទ្ធ, បេក្ខជន ឃី សុឃុន ជាកូនក្រុម Coach ឆន សុវណ្ណារាជ និង បេក្ខជន ថែល ថៃ ជាកូនក្រុម Coach ឱក សុគន្ធកញ្ញា ។ អ្នកទាំង ៤ រូប នេះហើយជាបេក្ខជនពោរពេញដោយសមត្ថភាព ដែលនឹងត្រូវប្រកួតប្រជែងគ្នាដណ្តើមប្រជាប្រិយភាពខ្ពស់ពីប្រិយមិត្តអ្នកគាំទ្រ នៅវគ្គផ្តាច់ព្រ័ត្រនាសប្តាហ៍ចុងក្រោយ ។

គួរបញ្ជាក់ថា ក្រោយការប្រកួតជម្រុះយ៉ាងស្វិតស្វាញ នៅពេលនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia Season 2 គឺនៅសល់តែបេក្ខជនឆ្នើម ៤ រូប ប៉ុណ្ណោះ គឺបេក្ខជន ២ រូប និង បេក្ខនារី ២ រូប ដែលនឹងត្រូវបន្តទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន និង រង្វាន់ប្រាក់រយលានពីកម្មវិធី ។ វគ្គផ្តាច់ព្រ័ត្រនេះដែរនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ នេះ ៕ សាកល