តុលាការ​កោះ​ហៅ​ ស្រីមុំ ជា​ថ្មី​ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ

ភ្នំពេញៈ បន្ទាប់ពីលេចឮព័ត៌មានថាបាត់ដំណឹងកញ្ញា ខុម ចាន់តារាទី ឬហៅ ស្រី មុំ ដែលមជ្ឈដ្ឋាននានាថាមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមួយរយៈមកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅនាងឱ្យចូលបំភ្លឺនៅសប្តាហ៍ក្រោយពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម។

តុលាការ​កោះ​ហៅ​ ស្រីមុំ ជា​ថ្មី​ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ

ក្នុងដីកាកោះហៅចុះហត្ថខាដោយព្រះរាជអាជ្ញារងសាលាដំបូងលោក សៀង សុខ កាលពីថ្ងៃទី ៨ ខែមិថុនា «បានកោះហៅ ស្រីមុំ រស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាមឲ្យចូលបំភ្លឺនៅថ្ងៃទី ១៦ ខែមិថុនា វេលាម៉ោង ៩ ព្រឹកដើម្បីសាកសួររឿងពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម»។

ព្រះរាជអាជ្ញាក៏បានកោះហៅមេធាវីលោក គឹម វាសនា ដែលការពារក្ដីឲ្យនាងចូលមកតុលាការនៅថ្ងៃជាមួយ ស្រីមុំ ផងដែរដើម្បីស្តាប់ការសាកសួរយកចម្លើយពីនាង។

លោក មេធាវី គឹម វាសនា ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកបានបញ្ជូនដំណឹងនេះទៅកូនក្តីរួចរាល់ហើយនិងបញ្ជាក់ថានឹងចូលបំភ្លឺតាមការអញ្ជើញ។

កាលពីថ្ងៃទី ១៩ ខែមេសា ស្រីមុំ ដែលរងការចោទថាមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ធ្លាប់បានចូលបំភ្លឺនៅតុលាការទាក់ទងនឹងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនដែលបង្ហាញថាមានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។

សូមរំឭកថាពេល ស្រីមុំ បានចូលបំភ្លឺនៅក្រសួងមហាផ្ទៃលើកដំបូងនាងបានបដិសេធថាមិនមានស្នេហាជាមួយលោក កឹម សុខា នោះទេដោយបញ្ជាក់ថាប្រធានស្តីទីរូបនេះគ្រាន់តែជាអតិថិជនក្នុងហាងកាត់សក់របស់នាងប៉ុណ្ណោះ។

ប៉ុន្តែ បន្ទាប់ពីនាងចូលបំភ្លឺនៅតុលាការនៅថ្ងៃទី ១៩ មេសា ទាក់ទងនឹងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនដែលបង្ហាញថាមានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារនាងក៏បានប្តូរចម្លើយវិញដោយបានប្រាប់ព្រះរាជអាជ្ញាថាពិតជាមានស្នេហាជាមួយលោក កឹម សុខា។ ក្រោយមកទៀតនៅថ្ងៃទី ២២ ខែមេសា ស្រីមុំ ក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា ទារសំណងជំងឺចិត្ត ៣០ ម៉ឺនដុល្លារដោយនាងយល់ថាលោក កឹម សុខា ធ្វើឲ្យរូបនាងខាតបង់ពេលវេលាបាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូរ។

ទាក់ទងនឹងករណីនេះប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ក៏ត្រូវបានតុលាការកោះហៅជាច្រើនលើកទាំងមានអភ័យសិទ្ធិដើម្បីសាកសួរពីដំណើររឿងទាក់ទង ស្រីមុំ តែលោកបដិសេធមិនចូលបំភ្លឺឡើយ។ ចំណែកមន្ត្រីសិទ្ធិមនុស្សអាដហុក ៤ នាក់ និងអគ្គលេខាអធិការរង គជប ម្នាក់ដែលបានអះអាងថាជួយជ្រោមជ្រែងផ្លូវច្បាប់ដល់ ស្រីមុំ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងបទសមគំនិតដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស៕

ប្រភពៈ ភ្នំពេញប៉ុស្តី៍