ចប់​ម៉​ង ! ទើប​ទិញ​ច្រើន​ម្តង​ស្រាប់តែ​មានរឿង

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ប៉ៃលិន​បាន​ឆ្មក់​ចូល​បង្ក្រាប​​​អាហារ​ដ្ឋា​ន​មួយ​កន្លែង ដោយ​​ឃាត់ខ្លួន​ម្ចាស់ហាង​ និង​រឹប​អូស​បានសត្វព្រៃ​ជា​ច្រើន​ក្បាល​ក្នុង​នោះ​មាន​សត្វ​អណ្តើក​ចំនួន​៥០​ក្បាល ទម្ងន់​៤៩​គីឡូក្រាម និង​សត្វ​ត្រកួត​ចំនួន​១៣​ក្បាល​ទម្ងន់​៤៣,៩​គីឡូក្រាម រួម​ទាំង​សាច់សត្វ​ចម្រុះ​ចំនួន​៥​គីឡូក្រាម​ ។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ប៉ៃលិន​និង​ខេត្តបាត់ដំបង ស្ថិត​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា ដោយ​មាន​ការ​សម្រប​សម្រួល​ពី​លោក​ សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន មន្ត្រី​អភិរក្ស​សត្វព្រៃ (MJP) នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ និង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅ​បង្ក្រាប​អាហារ​ដ្ឋា​ន​មួយ​កន្លែង​ដែល​មាន​ម្ចាស់ឈ្មោះ ទៀង សែន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ជន​ពិការ​ជើង​ឆ្វេង រស់នៅ​ភូមិ​ខាងលើ ដោយ​រឹបអូស​បាន​សត្វព្រៃ​ដូច​ជា​សត្វ​អណ្តើក​ចំនួន​៥០​ក្បាល ទម្ងន់​៤៩​គីឡូក្រាម សត្វ​ត្រកួត​ចំនួន​១៣​ក្បាល ទម្ងន់​៤៣,៩​គីឡូក្រាម រួម​ទាំង​សាច់សត្វ​ចម្រុះ​ចំនួន​៥​គីឡូក្រាម ព្រមទាំង​ឃាត់ខ្លួន​ម្ចាស់​ហាង​យក​មក​ធ្វើការ​សាកសួរ​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា សត្វព្រៃ​ទាំងនេះ​ខាង​រដ្ឋបាល​ព្រៃឈើ​នឹង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ដើម្បី​យក​ទៅ​ព្រ​លែង​នៅ​ក្នុង​ព្រៃ​ដែល​មាន​សុវត្ថិភាព ។ ចំណែកឯ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​ចម្លើយ​សារភាព​របស់​ម្ចាស់​អាហារដ្ឋានឈ្មោះ ទៀង សែន បានឱ្យ​ដឹង​ថា កន្លង​មក​គាត់​ធ្លាប់​ទិញ​សត្វ​ទាំងនោះ​ដែរ ដោយ​គ្រាន់តែ​ទិញ​ធ្វើ​ម្ហូប​ដើម្បី​លក់​ទទួលភ្ញៀវ​ដែល​មក​លេង​កំសាន្ត​នៅ​កន្លែង​របស់​គាត់​តិចតួច​ប៉ុណ្ណោះ ដោយ​គាត់​មិនមែន​ជា​អ្នក​ជួញដូរ​សត្វព្រៃ​អ្វី​នោះ​ទេ ។ លោក​បន្ត​ទៀត​ថា តែ​នៅ​ថ្ងៃ​កើតហេតុ​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​សម្រុក​យក​មក​លក់​ឱ្យ​គាត់ ទើប​ទិញ​ទុក​ធ្វើ​ម្ហូប ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​សត្វព្រៃ​ជា​ច្រើន​នៅ​តាម​ហាង​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​គេ​លក់ដូរ​យ៉ាង​គគ្រឹកគគ្រេង កម្រ​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ណាស់ ហើយ​គេ​ឃើញ​អ្នកខ្លះ​ចូល​ក្នុង​ហាង​ទិញ​កម្ម​ង់​យក​តែ​សត្វព្រៃ​មក​ហូប​ប៉ុណ្ណោះ ៕