ក្លាយ​ជា​អ្នកទោស​ដោយសារ​ប្រាក់​ជំពាក់​៨០​ដុល្លារ

ក្លាយ​ជា​អ្នកទោស​ដោយសារ​ប្រាក់​ជំពាក់​៨០​ដុល្លារ



កណ្ដាល​ ៖​ ស្ត្រី​ជា​កម្មករ​ម្នាក់​បាន​រង​របួស​យ៉ាង​ដំណំ​ ខណៈ​ដេក​លក់​ ហើយ​ត្រូវ​ស្ត្រី​ជា​កម្មករ​ដូចគ្នា​លួច​ចាក់​នឹង​កាំបិត​ក្នុង​ផ្ទះ​ជួល​ ដោយសារតែ​ការ ជំពាក់​លុយ​៨០$​មិន​ព្រម​សង។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​ទៀបភ្លឺ​ ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៦ ​នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​ជួល នា​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល។ នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ញ៉ឹក ស្រីអូន ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ ជន​ជាតិខ្មែរ មុខរបរ​កម្មករ ដោយ មាន​ស្នាម​មុត​ត្រង់​ពោះ​២​កន្លែង.​ភ្លៅ​១​កន្លែង​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ ខេត្ត​កណ្ដាល​ មាន​ទីលំនៅ​ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក គីរីវង់ ខេត្ត តាកែវ។ ឯ​ជនសង្ស័យ​ឈ្មោះ ង៉ែត បូលីស ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្ដាល ​ត្រូវ​បាន ឃាត់ខ្លួន​។

ចំណែក​វត្ថុតាង​ដែល​ដកហូត​មាន​កូន​កាំបិត​ចិត្ត​បន្លែ​ដង​ឈើ ប្រវែង​២២.៥​សង់ទីម៉ែត្រ មាន​ប្រឡាក់​ឈាម ចំនួន​១។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​.២០១៦​វេលា​ម៉ោង​​២​​ទៀបភ្លឺ​ឈ្មោះ​ ង៉ែត ​បូលីស​ ដែល​ជា​ជន​សង្ស័យ​បាន​ហែក​ជញ្ជាំង​បន្ទប់​ ដែល​ធ្វើ​ពី​ក្ដារ​កុង​ផ្លាកកេ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ឈ្មោះ​ញ៉ឹក ស្រីអូន ដែល​ជា​ជនរងគ្រោះ ហើយ​បាន​យក​កូនកាំបិត​ចិត​បន្លែ ទៅ​ចាក់​ឈ្មោះ​ញ៉ឹក ស្រីអូន ដែល​កំពុង​ដេក​នៅ​លើ​គ្រែ​តែមួយ ជាមួយ ឈ្មោះ​ម៉ៅ ស្រី​ទូច ភេទ​ស្រី បណ្ដាល​ឲ្យ​ត្រូវរបួស​ជនរងគ្រោះ​ត្រង់​ពោះ២​កន្លែង ភ្លៅ​១​កន្លែង។ ភ្លាមៗ​នោះ​ក៏​ផ្អើល​ឆោឡោ រួច​ក៏​នាំគ្នា​ចាប់​បាន​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​កើតហេតុ​តែម្ដង ហើយក៏​រាយការណ៍​មក​សមត្ថកិច្ច ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​។ យ៉ាងណា​ឈ្មោះ​ង៉ែត បូលីស បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ចាក់​ទៅលើ​ឈ្មោះ ញ៉ឹក ស្រីអូន ប្រាកដ​មែន ដោយមាន​គំនុំ​ពី​រឿង​ជំពាក់​លុយ​ចំនួន ៨០$ ៕