បុរស​ប្រមឹក ​ចូល​ទៅ​ចាប់រំលោភ​កូនស្រី​អ្នកស្រុក ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ​

បុរស​ប្រមឹក ​ចូល​ទៅ​ចាប់រំលោភ​កូនស្រី​អ្នកស្រុក ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ​



ភ្នំពេញ ​៖​ បុរស​ប្រមឹក​ខួប​ម្នាក់​ ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​វាល​ស្បូវ​ ធ្វើការ​ឃាត់ខ្លួន ​បន្ទាប់​ពី​បុរស​កំហូច​ខាង​លើ​បាន​លប​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​កូនស្រី​អ្នក​ស្រុក ​តែ​ជនរងគ្រោះ​ដឹងខ្លួន​ក៏​ស្រែក​ឲ្យ​គេ​ជួយ​ ហើយ​ជនល្មើស​បាន​រត់​គេច​ខ្លួន​បាត់​អស់​រយៈ​ពេល​មួយថ្ងៃ​ទើប​ចាប់​ខ្លួន​បាន។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នា​យប់​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិត​ក្នុង​ភូមិ​ក្តី​តា​កុយ ​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​ ឈ្មោះ ​គ រ​ ​អាយុ​២៩​ឆ្នាំ​ មុខរបរ​ជា​កម្មការិនី​កាត់ដេរ​ ស្នាក់នៅ​ភូមិ​ក្តី​តា​កុយ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹង​ថា ​នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២ ​ខែ​មិថុនា​ ឆ្នាំ២០១៦​ គាត់​កំពុង​សម្រាក​ក្នុង​បន្ទប់​ផ្ទះ​ ជាមួយ​កូនប្រុស​តូច​អាយុ​៩​ឆ្នាំ ​ក៏​ស្រាប់​តែ​លេច​មុខ​មនុស្ស​ប្រុស​ម្នាក់​មក​ចាប់​ឱប​​ពីក្រោយ​ ហើយ​មនុស្ស​ប្រុស​ ដែល​ឱប​នាង​គឺជា​អ្នកភូមិ​ជា​មួយ​គ្នា​ ឈ្មោះ​អ៊ុត សុ​វ​ណ្ណេ​ត អាយុ​៣០​ឆ្នាំ។ ​នៅ​ពេល​នោះ ​នាង​ក៏​បាន​​ស្រែក​ ហើយ​ ​ជន​នោះ​បាន​រត់​គេ​ច​ខ្លួន​បាត់​ទៅ។ លុះ​ព្រឹក​ឡើង ​ជនរងគ្រោះ​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​ប៉ូលិស ​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។

ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ចូល​ទៅ​ចាប់​រំលោភ​នៅ​ក្នុង​បន្ទប់​ជនរងគ្រោះ ​ខណៈ​ពេល​ ដែល​ខ្លួន​ត្រឡប់​មកពី​ផឹក​ដើរកាត់​មុខ​ផ្ទះ​ជនរងគ្រោះ ​ហើយ​​ឃើញ​ចំហទ្វារ​ផ្ទះ​ ទើប​ខ្លួន​មានចិត្ត​ចូល​ទៅ​រំលោភ ​ប៉ុន្តែ​ពុំ​បានសម្រេច​ដោយ​ជនរងគ្រោះ​ដឹងខ្លួន​ ហើយ​ស្រែក​ ទើប​ខ្លួន​រត់គេច​រហូត​ដល់​រសៀល​ថ្ងៃទី​១២​ខែ​ឆ្នាំ​ដដែល ​​​​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែម្ដង។

ប៉ូលិស​បាន​បញ្ជាក់​ថា​ ជន​សង្ស័យ​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ចាត់ការ​តាមផ្លូវ​ច្បាប់​ ខណៈ​ដែល​ជនរងគ្រោះ​នៅ​តែ​ទាមទារ​ឲ្យ​ដាក់ទោស​ទណ្ឌ​ជនសង្ស័យ​ឲ្យ​ធ្ងន់ធ្ងរ៕