បារាំង​ប្ដេជ្ញា​បន្ត​គាំទ្រ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ទឹក​ស្អាត

ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា លោក ហ្សង់-ក្លូត ពាំបឺហ្វ (Jean-claude poimboeuf) លើក​ឡើង​ថា ប្រទេស​បារាំង នឹង​បន្ត​គាំទ្រ​ដល់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ លើ​គម្រោង​វិនិយោគ​ធំៗ​របស់​ស្ថាប័ន​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទឹក​ស្អាត​ដែល​កាន់​តែ​កើន​ឡើង​ជា​លំដាប់​របស់​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​ឯកអគ្គរដ្ឋទូត​បារាំង និង​លោក ហ្វីលីព ស្តាំងម៉េត (Philippe Steinmetz) នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង អញ្ជើញ​ទៅ​ពិនិត្យ​ដំណើរ​ការ​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធ ជំហាន​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធ ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​រាជធានី​ភ្នំពេញ ត្រូវ​បាន​កសាង​ឡើង​ជា​ពីរ​ដំណាក់​កាល ក្រោម​ជំនួយ​ពី​ដៃគូ​អន្តរជាតិ​នានា ក្នុង​នោះ​មាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​ជប៉ុន-អន្តរជាតិ (JICA)។ ការ​សាងសង់​ជំហាន​ទី​១ ទទួល​បាន​សហ​ហិរញ្ញប្បទាន​ចំនួន ១៦​លាន​អឺរ៉ូ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (លើ​ការ​ចំណាយ​សរុប​ជាង ៩០​លាន​ដុល្លារ) ហើយ​អាច​ផលិត​ទឹក​ស្អាត​បាន​ចំនួន ១៣​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​ដើម​ឆ្នាំ​២០១៣។

រីឯ​ការ​សាងសង់​ជំហាន​ទី​២ គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៦ ក្រោម​ឥណទាន​ថ្មី ៣០​លាន​អឺរ៉ូ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាជន ៣៥​ម៉ឺន​នាក់​បន្ថែម​ទៀត​នៅ​តំបន់​ជាយ​រាជធានី។ ក្រោយ​សាងសង់ រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធ នឹង​អាច​ផ្គត់ផ្គង់ ៥០​ភាគរយ​នៃ​តម្រូវ​ការ​ទឹក​ស្អាត​នៅ​ភ្នំពេញ និង​ក្លាយ​ទៅ​ជា​រោងចក្រ​ផលិត​ទឹក​ស្អាត​ធំ​ជាង​គេ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។