ក្រុម​អ្នកគាំទ្រ​រង​របួស​​ពេល​ប៉ះទង្គិច​គ្នា​នៅ​​អំឡុងពេល​ការ​ប្រកួត​ជើងឯក​ពានរង្វាន់​បាល់ទាត់​អឺរ៉ុប

សហព័ន្ធ FIFA ដែលជាអង្គការអន្តរជាតិខាងកីឡាបាល់ទាត់ បាននិយាយថា«ពួកជនបង្កើតភាពវឹកវរភ្លីភ្លើ» បានបណ្តាលឲ្យមានអំពើហិង្សា «គួរឲ្យខ្មាស់អៀន» នៅក្នុងការប្រកួតកីឡាបាល់ទាត់កាលពីថ្ងៃសោរ៍នៅក្នុងក្រុងពីរនៃប្រទេសបារាំង។

ក្រុម​អ្នកគាំទ្រ​រង​របួស​​ពេល​ប៉ះទង្គិច​គ្នា​នៅ​​អំឡុងពេល​ការ​ប្រកួត​ជើងឯក​ពានរង្វាន់​បាល់ទាត់​អឺរ៉ុប

សហព័ន្ធអន្តរជាតិនៃសមាគមកីឡាបាល់ទាត់បានថ្កោលទោសយ៉ាងខ្លាំងដល់អំពើហិង្សានេះ។

មានមនុស្សជាង៣៥នាក់បានត្រូវរបួសនៅក្នុងក្រុង Marseille បន្ទាប់ពីក្រុមអ្នកគាំទ្រកីឡាករបាល់ទាត់អង់គ្លេស និងរុស្សីបានប៉ះទង្គិចគ្នានៅខាងក្នុងនិងនៅជុំវិញកីឡាដ្ឋាន Velodrome។ បន្ទាប់ពីការប្រកួតដណ្តើមពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបបញ្ចប់ ដោយមានពិន្ទុស្មើគ្នា ក្រុមអ្នកគាំទ្រកីឡាកររុស្សីបានវាយប្រហារភាគីអង់គ្លេស ដោយបង្ខំឲ្យក្រុមអ្នកគាំទ្រប្រទេសអង់គ្លេសរត់គេចខ្លួន និងឡើងលើរបងនៅក្នុងការប្រឹងប្រែងរត់គេចខ្លួនពីការវាយប្រហារ។

នៅក្នុងក្រុង Nice អំពើហិង្សារវាងអ្នកគាំទ្រក្រុមកីឡាករអៀរឡង់ខាងជើង និងអ្នកគាំទ្រក្នុងស្រុកបានធ្វើឲ្យមនុស្ស០៧នាក់រងរបួស។

អង្គការត្រួតត្រាកីឡាបាល់ទាត់នៃទ្វីបអឺរ៉ុបបាននិយាយថា ខ្លួននឹងចាត់ «វិធានការកែតម្រូវ» ដើម្បីពង្រឹងកិច្ចការពារសន្តិសុខនៅឯកីឡាដ្ឋានទាំងពីរនេះ។

សហភាពនៃសមាគមកីឡាបាល់ទាត់អឺរ៉ុប បានថ្កោលទោសអំពើហិង្សានេះដោយនិយាយថា «ពួកមនុស្សដែលមានការទាក់ទិននឹងសកម្មភាពហិង្សាបែបនេះគ្មានកន្លែងនៅក្នុងកីឡាបាល់ទាត់ទេ»។

ក្រុមជម្រើសជាតិរុស្សីកំពុងរង់ចាំលទ្ធភាពនៃការដាក់ទណ្ឌកម្ម បន្ទាប់សកម្មភាពរបស់ក្រុមអ្នកគាំទ្រកីឡាកររុស្សី។សហភាព UEFA បាននិយាយថា ខ្លួនបើកទម្រង់ការខាងវិន័យប្រឆាំងនឹងសហព័ន្ធកីឡាបាល់ទាត់រុស្សី។ កាលពីបួនឆ្នាំមុននេះនៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីក្រុមអ្នកគាំទ្រកីឡាកររុស្សីមានការពាក់ព័ន្ធនឹងអំពើហិង្សាស្រដៀងគ្នានេះនៅក្នុងការប្រកួតជើងឯកបាល់ទាត់ កាលពីឆ្នាំ២០១២ ក្រុមជម្រើសជាតិរុស្សីបានត្រូវពិន័យដោយព្យួរបួនពិន្ទុ៕

ប្រភពៈ VOA