ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ ក្លាយ​ខ្លួន​ជា​អ្នក​ជួញដូរ​ថ្នាំញៀន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ ក្លាយ​ខ្លួន​ជា​អ្នក​ជួញដូរ​ថ្នាំញៀន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​



ភ្នំពេញ ​៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​២ ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ក្មេង​ប្រុស​ម្នាក់​នេះ​កំពុងតែ​ដើរ​លក់​ថ្នាំញៀន ប្រៀប​បាន​នឹង​ការ​លក់​ស្ករ​គ្រាប់​នៅ​ម្ដុំ​រោង​ចក្រ​ឆ្នាំង។ ការ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ក្រុម​១០៩ ភូមិ​២៣ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក។

ក្មេង​ប្រុស​ល្មើស​នឹង​ច្បាប់​ម្នាក់​នេះ មានឈ្មោះ សាំ ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ស្នាក់នៅ​មិន​ពិត​ប្រា​កដ នៅ​ក្បែរ​របង​សាលា​តិច​ណូ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

បើ​តាម​សម្ដី​របស់​ក្មេងប្រុស សាំ​ម៉ា​រ៉ា បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​រូបគេ​តែងតែ​ដើរ​លក់​ផ្កា​តាម​ភ្លើងស្តុប ក្រោ​យមក​ក៏​មាន​អ្នក​ជួញដូរ​ថ្នាំញៀន​ឲ្យ​រូបគេ ដើរ​លក់​សារធាតុ​ញៀន​នេះ ដោយ​ក្នុង​១​ថ្ងៃ​គេ​ឲ្យ​លុយ​៣​ម៉ឺន​រៀល ហើយ​ការងារ​នេះ ក្មេងប្រុស​ម្នាក់​នេះ​បញ្ជាក់​ថា ទើបតែ​ដើរ​លក់​បាន​ចំនួន​៣​ថ្ងៃ​ប៉ុណ្ណោះ ​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​តែម្ដង​។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​មុន​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​នេះ​កំពុង​ឈរ​ស្ពាយ​ថង់​ដាក់​សារធាតុ​ញៀន​ត្រៀម​លក់ កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​បឹង​កក់​២ ឃើញ​មាន​លក្ខណៈ​សង្ស័យ ក៏​ឃាត់ខ្លួន​ឆែក ឃើញ​មាន​សារធាតុ​ញៀន​ចំនួន​៥៩​កញ្ចប់​ជាក់​ស្ដែង ក៏​នាំមក​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​សួរនាំ​រក​មេខ្លោង​។​

បច្ចុប្បន្ន​ ជន​សង្ស័យ​ និង​វត្ថុ​តាង ​ត្រូវ​កម្លាំង​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌទួលគោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕