សម្តេចតេជោ ហ៊ុន សែន សួរមេ UN និងមេដឹកនាំដឹកនាំពិភពលោក តើទ្រាំបានទេ ពេលគេចោទភរិយា និងកូនថា ជាភរិយា និងកូនរបស់អ្នកដទៃ? (Video Inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងប្រតិកម្មជាថ្មី ដោយបង្ហាញក្តីឈឺចាប់ខ្លាំង ចំពោះអ្នកចោទប្រកាន់ភរិយា និងកូនប្រុសរបស់សម្តេចថា ជាអតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកថូ។ សម្តេចតេជោ បានបញ្ជាក់ថា មេដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ គឺជាអ្នកប្រឌិត និងចោទប្រកាន់រឿងនេះ។

ការប្រតិកម្មខ្លាំងៗរបស់សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតនេះ បានធ្វើឡើងបន្ទាប់ពីមានមនុស្ស ដែលគេដឹងថា មាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស បានធ្វើការប្រឌិតចោទប្រកាន់ភរិយារបស់សម្តេចតេជោ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងកូនប្រុសរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់អតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹក ថូ។ ក្រុមអ្នកប្រឌិតរឿងទាំងនេះ នៅបានទាមទារឲ្យមានការពិនិត្យ DNA រវាងសម្តេច និងលោក ហ៊ុន ម៉ាណែត ថែមទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចោទប្រកាន់នេះ ជាការប្រមាថធ្ងន់ធ្ងរបំផុតចំពោះភរិយា និងកូនប្រុសរបស់សម្តេច ដែលសម្តេចមិនអាចលើកលែងបាននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ព្រមទាំងមេដឹកនាំពិភពលោកដទៃទៀតថា តើការចោទប្រកាន់បែបនេះ គឺជាសិទ្ធិបញ្ចេញមតិ ឬជាការមូលបង្កាច់ត្រូវមានកំហុស។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំផ្ញើសារនេះ ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅមេដឹកនាំគ្រប់ប្រទេស ទៅស្ថានទូតទាំងអស់ថា បើគេចោទប្រពន្ធអ្នកឯងថា ជាស្រីខូច កូនអ្នកឯង មិនមែនជាកូនអ្នកឯង តើអ្នកឯងចាត់ទុករឿងនេះ ជាសិទ្ធិបញ្ចេញមតិ ឬជាការមូលបង្កាច់ត្រូវមានកំហុស។ ខ្ញុំមិនអត់ឱនឲ្យទេ ខ្ញុំទាមទារឲ្យប្រើពាក្យឧក្រិដ្ឋជន»

សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅក្រុមអ្នកវិភាគផងដែរថា តើពួកគេអាចទទួលយកបានទេ នៅពេលគេចោទភរិយា ដែលបានក្រាបផ្ទឹមជាមួយគ្នាថា ជាស្រីរបស់អ្នកដទៃនោះ។ «ពួកអ្នកវិភាគ បើគេចាត់ទុកប្រពន្ធលោកឯង ជាស្រីសំផឹងពីពេលមុន តើលោកឯងទទួលយកបានទេ?»

ប្រភពៈ freshnewsasia