នគរបាល​ខេត្ត​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​ ជាមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​

នគរបាល​ខេត្ត​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​ ជាមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​



បន្ទាយមានជ័យ ​៖ ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១៦​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ ​​ចុះ​ល្បាត​ដល់​ចំណុច​ក្បែរ​ភ្លើងស្តុប​ខាងមុខ​ហាង​នំ សោម​រិទ្ធី ស្ថិត​ក្នុង​ភូមិ ១​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​​ហើយ​បាន​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​កំពុង​ជួញដូរ​គ្រឿង​ញៀន​យ៉ាងសកម្ម​ ​ ក៏​​​​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​ខ្លួន​​​​ ​រក​ឃើញ​វត្ថុតាង​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម ចំនួន​៧​កូន​ថង់​ស្មើ​នឹង​ទម្ងន់​១១.១​ក្រាម កូនជញ្ជីង​ថ្លឹង​១ ទូរស័ព្ទ​ដៃ​១​គ្រឿង កាំភ្លើង​ប៊ិច​១​ដើម ​និង​គ្រាប់​១​គ្រាប់។

ក្រោយពី​ឃាត់ខ្លួន​ ​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​សាកសួរ។ លោក​វរសេនីយ៍ឯក​ ចាប ​សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​គ្រឿងញៀន​ និង​អនីតិជន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​នោះ​មានឈ្មោះ​ឡាំ​ថេ​រ៉ា ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក ​ចាប សុ​ផា​រិ​ទ្ធ​ បាន​បញ្ជាក់​ទៀត​ថា នៅចំពោះមុខ​នគរបាល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិត​ជា​មាន​ថ្នាំញៀន​យក​ទៅ​លក់​តាម​ផ្លូវ​សាធារណៈ​ពិត​ ដូច​ការចោទប្រកាន់​របស់​នគរបាល​មែន។ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ហើយ​នោះ​ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕