ពាក្យចាស់​និយាយ​ថា ឈាម​ស្រែក ស្បែក​ហៅ !

ខេត្តបន្ទាយមានជ័យ ៖ ឃាតក​ដែល​កាប់សម្លាប់​យុវជន​ម្នាក់​ហើយ​គេចខ្លួន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​វិញ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ជា​ឃាតក​មានឈ្មោះ ប៊ិ​វ ឡុ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្រុង​សិរី​សោភ័ណ​។ លោក​វរៈសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រោម​ស្ពាន​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរី​សោភ័ណ​មាន​ករណី​ឃាតកម្ម ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​កាប់សម្លាប់​យ៉ាង​សាហាវឃោរឃៅ​បំផុត ហើយ​អូស​ទៅ​ចោល​ក្រោម​ស្ពាន​ទឹកថ្លា គឺ​ជន​រង​គ្រោះ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹង​ថា​មាន​អាយុ​ប្រហែល​១៧​ឆ្នាំ​។

លោក​បាន​បន្ត​ថា​ក្រោយ​ពេល​មាន​ករណី​ឃាតកម្ម កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត​កបាន​រត់គេច​ខ្លួន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​។​ហើយ​កម្លាំង​នគរបាល​ជំនាញ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ឃាតក នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ខេត្ត​សា​មុត​ប្រកាន ប្រទេស​ថៃ​។ លោក​វរៈសេនីយ៍ឯក សិទ្ធ ឡោះ បាន​បន្ត​ថា ចំពោះ​ឃាតក ដែល​សម្លាប់​យុវជន​ហើយ​គេចខ្លួន​គឺ​ឈាម​ស្រែក​ស្បែក​ហៅ ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​វិញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕