រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ដឹកឈើ​ប្រណីត​ខុសច្បាប់

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​៣​គ្រឿង​ដឹកឈើ​បេង និង​គ្រញូង ក្នុង​នោះ​មាន​២​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​រថយន្ត​វី​ហ្គូ​បំពាក់​សឺ​រ៉ែ​ន​ស្លាក​លេខ​ខេមរភូមិន្ទ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​អាវុធហត្ថ​ខេត្ត រដ្ឋបាល​ព្រៃឈើ និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​ស្ទាក់​បង្ក្រាប​។​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា  ឆ្នាំ​២០១៦   ក្នុង​នោះ​រឹបអូស​បាន​ឈើ​ជា​ច្រើន​តែ​មិន​បាន​ឃាត់​ជនសង្ស័យ​ណា​ម្នាក់​នោះ​ទេ  ប្រសិនណាបើ​ទប់ស្កាត់​មិន​ទាន់​ពេលវេលា​នោះ ឈើ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នឹង​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​មិន​ខាន​ឡើយ​។

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​សេចក្តីរាយការណ៍ ថា​មាន​រថយន្ត​ទាហាន​២​គ្រឿង​បាន​បង្កប់​ឈើ​បេង បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ដឹក​មក​ពី​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង​ទៅ​កាន់​ស្រុក​មេមត់ ជាប់​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម ។ មន្ត្រី​ដដែល​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​នោះ​ខណៈ​រថយន្ត​ទាហាន ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 3-4797 និង​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ 3-4823  បាន​បើកបរ​មក​ដល់​ត្រង់​ចំណុច​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែក  ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ  បាន​ហៅ​ឈប់​ដើម្បី​សួរនាំ ព្រមទាំង​បាន​សុំ​ឆែកឆេរ​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត  ក៏​ឃើញ​មាន​ប្រភេទ​ឈើ​បេង​មានមុខ​កាត់​ធំ​ៗ​ចំណែក​មន្ត្រី​ទាហាន​ដែល​ជិះ​លើ​រថយន្ត​ទាំង​២​គ្រឿង  បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។  

សមត្ថកិច្ច​ក៏​បាន​បញ្ជូនមក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ  បន្ទាប់​មក​ទៀត​ក៏​មាន​ព័ត៌មាន​ថា មាន​រថយន្ត​វី​ហ្គូ​បំពាក់​សឺ​រែ​ន​បាន​បើក​ចេញ​ទិស​ដៅ​ខាងលិច​មក​កើត  ដោយ​មាន​ដាក់​គ្រញូង​ជា​ច្រើន​កំណាត់​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ កំពុង​តែ​ធ្វើ​ដំណើរ​មក​ដែរ ទំនង​មក​ពី​ខេត្តព្រះវិហារ​។ មន្ត្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​រថយន្ត​បំពាក់​សឺ​រែ​ន​មក​ជិត​ដល់​នោះ  កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចាំ​ស្ទាក់​ពី​ខាង​មុខ  ក្នុង​ពេល​នោះ​មាន​មនុស្ស​២​នាក់​បាន​រត់​ចុះ​ពីលើ​រថយន្ត​ចូល​ទៅ​ក្នុង​ព្រៃ​ចំការ​កៅស៊ូ​បាត់ ដោយ​បាន​បន្សល់​ទុក​តែ​រថយន្ត ក្នុង​នោះ​មាន​ស្តុក​ឈើ​គ្រញូង​ជា​ច្រើន​ដុំ​សុទ្ធ​សឹង​ជា​ខ្នាត​ត្រូវប៉ាន់ សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ព្រំដែន​វៀតណាម ។  នា​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​ចម្រុះ​កំពុង​តែ​នាំ​គ្នា​រាប់​ឈើ​បេង និង​គ្រញូង ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នោះ​ហើយ ៕