ជំនាញ​ចុងភៅ​ ជា​ជំនាញ​ដ៏​ទាក់ទាញ​ និង​មាន​ឱកាស​ការងារ​ច្រើន​

ជំនាញ​ចុងភៅ​ ជា​ជំនាញ​ដ៏​ទាក់ទាញ​ និង​មាន​ឱកាស​ការងារ​ច្រើន​



ភ្នំពេញ ៖ ​​បច្ចុប្បន្ន​យុវជន​សិក្សា​ជំនាញ​ចុងភៅ និង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ផ្សេងៗ​ទៀត ទទួល​បាន​ឱកាស​ការងារ ១០០% ប្រាក់បៀវត្សរ៍​ខ្ពស់ និង​មានឱកាស​អភិវឌ្ឍន៍​ខ្លួន​ស្របតាម​កម្រិត​វិញ្ញាបនបត្រ​/​សញ្ញាប័ត្រ​ច្បាស់លាស់​។​ នេះ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភព​ព័ត៌មាន​ក្រសួងទេសចរណ៍.

ផ្អែក​តាម​របាយការណ៍​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ​ជាង​៥​លាន​នាក់. វិស័យ​ទេសចរណ៍ ក៏​ជា​វិស័យ​អតិពលកម្ម និង​ផ្អែកលើ​ជំនាញ (Skills and Labour – In​tensiveIndustry) មានន័យថា ​វិស័យ​នេះ​បាន​ចូលរួម​បង្កើត​ឱកាស​ការងារ ​ដែល​មាន​ជំនាញ និង​មា​ន​កម្រិត​គុណវុឌ្ឍិ​ជាក់លាក់។ រហូតមកដល់​បច្ចុប្បន្ន វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ៦២​ម៉ឺន​នាក់ លើ​មុខជំនាញ​ប្រមាណ​៤០​ជំនាញ ក្នុង​នោះ​រួមមាន ជំនាញ​ចុងភៅ (Cooki​n​g​) ផង​ដែរ ដែល​មាន ០៧ កម្រិត​ផ្សេងៗ​គ្នា​គឺ អ្នក​រៀបចំ​សាច់ (Butcher) អ្នកធ្វើ​នំ (Baker) ជំនួយ​ការ​ធ្វើ​បង្អែម (Commis Pastry) មេ​ចុងភៅ​ចម្អិន​អាហារ​តាម​ផ្នែក (Chef de Partie) មេ​ចុងភៅ​គ្រប់គ្រង​លើ​ការ​ចម្អិន (Commis Chef) មេ​ចុងភៅ (Demi Chef) និង​នាយ​ចុងភៅ (Executive Chef) ហើយ​ជំនាញ​ទាំង​នេះ​ស្ថិត​ក្នុង​ជំនាញ​ទាំង ៣២​មុខជំនាញ ដែល​អាច​បន្លាស់​ទី​ការងារ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN Mutual Recognition Arrangement on Tourism Professionals) ផង​ដែរ​។​

បច្ចុប្បន្ន​នេះ​ យុវជន​ដែល​សិក្សា​ជំនាញ​ចុងភៅ និង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ផ្សេងៗ​ទៀត ទទួល​បាន​ឱកាស​ការងារ ១០០% ប្រាក់បៀវត្សរ៍​ខ្ពស់ និង​មានឱកាស​អភិវឌ្ឍន៍​ខ្លួន​ស្របតាម​កម្រិត​វិញ្ញាបនបត្រ​/​សញ្ញាប័ត្រ​ច្បាស់លាស់។ ក្នុង​ស្មារតី​នៃ​ការ​ជំរុញ​ការ​បណ្ដុះបណ្ដាល និង​លើក​កម្ពស់​ជំនាញ​ចុងភៅ កម្ពុជា​បាន​ចូលរួម​ប្រកួត​ជំនាញ​ចុងភៅ​អាស៊ាន​ចំនួន២លើក (​លើក​ទី​១ នៅ​ឆ្នាំ​២០១២ ប្រទេស​ឥណ្ឌូណេស៊ី និង​លើក​ទី ២ នៅ​ឆ្នាំ​២០១៤ ប្រទេស​វៀតណាម​) ដែល​ជា​លទ្ធផល​កម្ពុជា​ទទួល​បាន​មេដាយ​ឆ្នើម​ចំនួន ០៣ (​សិស្សសាលា​បដិសណ្ឋាកិច្ច និង​ទេសចរណ៍ PSE រាជធានី​ភ្នំពេញ​ចំនួន ០២​រូប និង​សាលា​សណ្ឋាគារ និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប​ចំនួន ០១​រូប​) មានន័យថា​កម្ពុជា​មាន​អ្នកជំនាញ​ចុងភៅ ដែល​មាន​សមត្ថភាព និង​ជំនាញ​ពិតប្រាកដ​ស្របតាម​ស្តង់ដារ​អន្តរជាតិ៕