អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ ​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី ​ដើម្បី​បញ្ឈប់​ការ​លិចលង់​ដោយ​ទឹកភ្លៀង​

អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ ​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី ​ដើម្បី​បញ្ឈប់​ការ​លិចលង់​ដោយ​ទឹកភ្លៀង​



ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ លោក​ សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​បាន​ចុះ​ពិនិត្យមើល​ការដ្ឋាន​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ ដែល​មាន​មុខកាត់​១​ម៉ែត្រ​ប្រវែង​៨០០​ម៉ែត្រ ស្ថិត​ក្នុង​ក្រុម​ទី​៣ ​ដល់​ក្រុម​ទី​៩ ​ក្នុង​ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ ​ដែល​ពី​មុន​មក​មាន​លូ​ទំហំ​តូច​ ដែល​មិន​អាច​ឲ្យ​ទឹក​ហូរ​ទៅ​បាន​លឿន​នោះ​ទេ។

លោក សេង សាញ់ ​បាន​មានប្រសាសន៍ថា​ ការ​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ ដែល​មាន​មុខកាត់​១​ម៉ែត្រ​នេះ​គឺ​ទឹក​លែង​មាន​ដក់​ និង​លិច ​ក្នុងភូមិ​ដូច​ពីមុន​ទៀតហើយ​។​

លោក​ចៅសង្កាត់​បាន​បន្ត​ថា ​ពេល​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី​នេះ​រួចរាល់​ហើយ ​ធ្វើ​ឲ្យ​ទឹក​លែង​លិច​ក្នុង​​ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹងមានជ័យ ​និង​ភូមិ​ចំរើន​ផល​ សង្កាត់​បឹងទំពុន។

លោក​ សេង សាញ់​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ពី​មុន​មក​ នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ​លោក​តែង​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ​និង​ភូមិ​ ចុះ​ស្ដារ​សំរាម​នៅ​តាម​មុខ​លូ​ទប់ស្កាត់​កុំ​ឲ្យ​សំរាម​ហូរ​ចូល​ក្នុង​លូ​ ដែល​ធ្វើ​ស្ទះ​ទឹក ​រហូតដល់​លិច​ផ្លូវ​ក្នុង​ភូមិ​រាប់​ម៉ោង​ទើប​រីង​ដែល​ធ្វើ​ឲ្យ​មាន​ផល​លំបាក​ ដល់​ប្រជាពលរដ្ឋ​ ដែល​ត្រូវការ​ធ្វើដំណើរ​។ ​ហើយ​ការដ្ឋាន​ស្ថាបនា​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ជា​បន្តបន្ទាប់​ ដើម្បី​រំដោះ​ទឹក​មិន​ឲ្យ​លិចលង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទៀតហើយ​។​

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ សេង សាញ់ ក៏បាន​ថ្លែង​អំណរគុណ​ ដល់​ លោក​ ពេជ្រ​ កែវ​មុនី​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ​ ដែល​លោក​អភិបាល​តែងតែ​ខិតខំ​ស្វែង​រក​ថវិកា​មក​ជួយ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ ក៏ដូចជា​សង្កាត់​ទាំង​៤​ក្នុង​ខណ្ឌមានជ័យ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដែល​ប្រជាពលរដ្ឋ​លោក​ចង់បាន​បំផុត​៕

អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ ​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី ​ដើម្បី​បញ្ឈប់​ការ​លិចលង់​ដោយ​ទឹកភ្លៀង​