ជនសង្ស័យ​ចំនួន​០២​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​

ជនសង្ស័យ​ចំនួន​០២​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​



សៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​យោង​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ ជា​ សុ​វណ្ណា ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មាន​មុខរបរ​ជា​ចុងភៅ រស់​នៅ​ភូមិ​អារញ សង្កាត់​សៀមរាប ក្រុង​សៀមរាប,​បាន​បាត់​ម៉ូតូ​០១​គ្រឿង​ម៉ាក់​SUZUKI VIVA ពណ៌​ខ្មៅ​ផលិត​នៅ​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​សៀមរាប 1E : 9931 នៅ​ត្រង់​ចំណុច​ភូមិ​មណ្ឌល២ សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២៤ និង​០០​នាទី។

ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​ខាងលើ​រួចមក​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ដោយ​បាន​ការ​អនុញ្ញាត​ពី​សំណាក់​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​ បាន​ធ្វើការ​ស្រាវជ្រាវ​ ដោយ​យកចិត្តទុកដាក់ និង​មានការ​សហការ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំ​រើក​ ​​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ​នៅ​ហាង​កាហ្វេ​លី​លី​ខាងកើត​វិទ្យាល័យ​អង្គរ​​ ស្ថិតនៅ​សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្ត​សៀមរាប នៅ​វេលា​ម៉ោង​០៤ និង​២០​នាទី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦​។ មន្ត្រី​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ ​ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​មានឈ្មោះ ទី​១ រឿ​ម រុន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរជុំ​ខេត្ត​សៀមរាប​។ ទី​២ ឈ្មោះ​តឿ​ម តួ ភេទ​ប្រុស​អាយុ​២០ឆ្នាំ របស់​នៅ​ឃុំ​អ​ន្ទា​រ​សូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​រៀប​ចំ​ឯកសារ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕