នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​អុង​មក​ទស្សនា​សារមន្ទីរ​ ព្រះ​នរោត្តម​សីហនុ​អង្គរ​ ខណៈ​កំពុង​ជួសជុល​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​អុង​មក​ទស្សនា​សារមន្ទីរ​ ព្រះ​នរោត្តម​សីហនុ​អង្គរ​ ខណៈ​កំពុង​ជួសជុល​

សៀមរាប ​៖​ បន្ទាប់​ពី​ឆ្លង​ផុត​រដូវវស្សា​ឆ្នាំ​នេះ​ហើយ,​ ការ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ ដែល​ធ្វើឡើង​ដោយ​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ និង​មូលនិធិ​ក្លឹប​១%​នៃ​ក្រុមហ៊ុន​អ៊ីង​អុង​(AEON)​របស់​ប្រទេស​ជប៉ុន ​នឹង​ដំណើរការ​ហើយ។ មុននឹង​ឈាន​ដល់​ដំណាក់កាល​ជួសជុល​នេះ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អ៊ី​អុង លោក​KeiichiTadaki​បាន​ចំណាយ​ពេល​មួយ​ព្រឹក​នា​ថ្ងៃទី​១២​ ខែឧសភា ​ឆ្នាំ​២០១៦​នេះ​​ដើម្បី​ចូល​ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ។ ទទួល​ដំណើរ​ទស្សនា​របស់​លោក​នាយក​ប្រតិបត្តិ​នៅ​ពេល​នេះ​មាន លោក​ ឈរ ថា​ណាត​អគ្គនាយករង​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌ និង​បរិស្ថាន លោក យិ​ត​ចាន់​ដារ​ដ្ឋ ប្រធាន​ស្តីទី​ នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ និង​មន្ត្រី​មួយ​ចំនួន​ទៀត​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

ទីប្រឹក្សា​ជាន់ខ្ពស់​ នៃ​ក្រុមហ៊ុន​អ៊ី​អុង និង​ជា​អ្នក​សម្របសម្រួល​ដំណើរ​ទស្សនា​នេះ​ គឺ​លោក Naoki Hayashi។ លោក​បញ្ជាក់​ថា មូលនិធិ​ក្លឹប​១%​នៃ​ក្រុមហ៊ុន​អ៊ីង​អុង​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​រួចហើយ​ទាក់ទិន​នឹង​ការ​ទទួល​ជួសជុល​សារមន្ទីរ​នេះ​ តែ​ដំណើរការ​ជាក់ស្តែង​នៃ​ការ​ជួសជុល​នឹងត្រូវ​ធ្វើឡើង​នៅ​រដូវប្រាំង​ឆ្នាំនេះ ដោយហេតុថា ការ​ជួសជុល​នេះ​គឺ​ធ្វើឡើង​ភាគច្រើន​ទៅលើ​ដំបូល និង​បង្អួច​។ ដូច្នេះ​ការ​ជួសជុល​ត្រូវ​រង់ចាំ​ដល់​រដូវ​អស់​ភ្លៀង​ទើប​អាច​ដំណើរការ​ទៅ​បាន​។ ចំណែក​ការ​មក​ទស្សនា​សារមន្ទីរ​របស់​លោកនាយក​ប្រតិបត្តិ​ នៅ​ពេលនេះ គឺ​មិន​មាន​អ្វី​ផ្លាស់ប្តូរ​លើ​គម្រោង​ជួសជុល​នោះ​ទេ​ គ្រាន់តែ​ឆ្លៀត​ដែល​លោក​មក​បំពេញការងារ​នៅ​ភ្នំពេញ​ក៏​ឆ្លៀតពេល​ចូល​មក​ទស្សនា​សារមន្ទីរ​មុននឹង​ឈាន​ដល់​ដំណាក់កាល​ជួសជុល​ប៉ុណ្ណោះ​។

ជា​មួយគ្នានេះ​លោកនាយក​ប្រតិបត្តិ​ក៏​នឹង​ទៅ​ទស្សនា​សួន​ឈើ​អនុស្សាវរីយ៍ ​ដែល​ក្រុមហ៊ុន​អ៊ី​អុង​បាន​ដាំ​កាលពី​ឆ្នាំ​២០០២ នៅ​ក្បែរ​សួន​គ្រឿងទេស ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​បន្ត​ដំណើរ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​ផង។

លោក យិ​ត ចាន់​ដារ​ដ្ឋ ប្រធាន​ស្តីទី​ នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​បាន​ជូន​ដំណើរ​ទស្សនា​នេះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​អ៊ី​អុង​បាន​រួម​ចំណែក​ច្រើន​ក្នុង​ការងារ​អភិរក្ស​វប្បធម៌​ និង​បរិស្ថាន​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ នៅ​ឆ្នាំ​២០០២​ក្រុមហ៊ុន​នេះ​បាន​ចូលរួម​ដាំ​សួន​ឈើ​អនុស្សាវរីយ៍​លើ​ទំហំ​ដី​ជិត​១០​ហិកតា​នៅក្បែរ​សួន​គ្រឿងទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​,​នៅ​ឆ្នាំ​២០០៧​បាន​កសាង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​នេះ ​ឡើង​ហើយ​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​ក្រុមហ៊ុន​អ៊ី​អុង​ក៏​ទទួល​ជួសជុល​សារមន្ទីរ​នេះ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ទៀត។ ក្រៅ​ពី​នេះ​ក្រុមហ៊ុន​ក៏​ធ្លាប់​ចូលរួម​បណ្ដុះបណ្ដាល​សិស្សសាលា​ក្នុង​តំបន់​អង្គរ និង​ក្រុង​សៀម​រាប​អំពី​ការងារ​អភិរក្ស​វប្បធម៌ និង​បរិស្ថាន​ផង​ដែរ៕