គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​ប្រមូល​ញត្តិ​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទាំង​២៥​ខេត្ត-រាជធានី​លើក​ទី​២

គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ប្រមូល​ញត្តិ​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទាំង ២៥​ខេត្ត-រាជធានី ជា​លើក​ទី​២ នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ មិថុនា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា នឹង​ថ្វាយ​ញត្តិ​នេះ​ទៅ​ព្រះមហាក្សត្រ​ជា​លើក​ទី​២ ដើម្បី​ព្រះអង្គ​ជួយ​សកម្មជន​គណបក្ស សកម្មជន​សង្គម​ស៊ីវិល មន្ត្រី គ..ប កំពុង​ជាប់​ឃុំ និង​ករណី​លោក កឹម សុខា ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​កោះ​ហៅ។

អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​ទទួល​ញត្តិ​ថា ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​មិន​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ​ទេ ព្រោះ​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា។ លោក​ហៅ​ករណី​នេះ ថា​ជា​ករណី​នយោបាយ មិន​មែន​ជា​ករណី​បុគ្គល​លោក កឹម សុខា ទេ។

លោក អេង ឆៃអ៊ាង ថ្លែង​ថា «យើង​ដឹង​ទាំងអស់​គ្នា​ហើយ ទោះ​ជា​លោក បាន គីមូសភា​អឺរ៉ុប និង​បណ្ដា​ប្រទេស​ជា​មិត្ត ក៏​លោក​យល់​ច្បាស់​ដែរ។ បើ​សិន​ជា​រឿង​បុគ្គល ជា​រឿង​ស្រី​ស្នេហ៍ វា​មិន​ដែល​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ហ្នឹង មិន​ដែល​សភា​អឺរ៉ុប ដែល​មាន ២៨​ប្រទេស មាន​សមាជិក​សភា​ជាង ៦០០​នាក់​ហ្នឹង គេ​ឈឺ​ក្បាល​ហាល​ថ្ងៃ​អី​ទេប៉ុន្តែ​រឿង​ហ្នឹង​វា​ជា​រឿង​នយោបាយ​នៅ​ប្រទេស​កម្ពុជា។ អ៊ីចឹង​ហើយ ដើម្បី​បញ្ចប់​បញ្ហា​នេះ​បាន ទាល់​តែ​ជជែក​គ្នា​រក​ដំណោះស្រាយ​តាម​រយៈ​នយោបាយយើង​មិន​អាច​យក​តុលាការ​មក​ឡប់ឡែ​ទេ។ តុលាការ​ហ្នឹង គ្រាន់​តែ​ជា​ឧបករណ៍​មួយ​ដើម្បី​ប្រើប្រាស់​បង្វែសាច់​រឿង​ទេ។ ប៉ុន្តែ​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​យល់​ច្បាស់​រឿង​ហ្នឹង»

ទាក់ទង​នឹង​ការ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្ដាល នៅ​ថ្ងៃ​ទី​១៤ មិថុនា លោក​បញ្ជាក់​ថា មិន​មែន​មក​ធ្វើ​បាតុកម្ម​ទេ គឺ​មក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ទាក់ទង​ករណី​លោក កឹម សុខា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។