ទំនៀម​ទំលាប់​ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប​អង្គរ​

Videos


ហៅព្រលឹងនាគ (ព្រលឹងអ្នកបួស) គឺជាកិច្ចសំខាន់មួយនៅក្នុងពិធីបំបួសនាគ ដែលខ្មែរបានយកទំនៀមរបស់ខ្លួនមកផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា ។ ពិធីនេះនៅតែ បន្តធ្វើនិងស្ថិតក្នុងផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន សម្រាប់វត្តមួយចំនួននៅក្នុងខេត្ត សៀមរាប ដែលនៅកាន់ទំនៀមទំលាប់បុរាណ ។

ទាក់ទងនឹងពិធីហៅព្រលឹងនាគនេះ ថ្វីត្បិតតែត្រូវបានវត្តបុរាណជាអ្នកនៅតែ ប្រកាន់យក តែចំពោះការរៀបចំគ្រឿងរណ្តាប់និងកិច្ចធ្វើពិធី គឺមានលក្ខណៈខុសគ្នាទៅ តាមទម្លាប់នៃតំបន់នីមួយៗ។ប៉ុន្តែជាទូទៅគេក៏ឃើញការរៀបចំគ្រឿងរណ្តាប់ នៃការ ធ្វើពិធីនេះមិនមានអ្វីច្រើនឡើយ មានតែបាយព្រលឹងដែលគេរៀបចំដាក់ក្នុងកញ្ជើ មួយមានដូង ចេក អំពៅ ត្រាវ ដំឡូង មួយមុខ ១៩ ចំណិតដូចគ្នា ពងមាន់ឆ្អិន ១ គ្រាប់ និងបាយមួយដុំបិទដោយគម្របសាជីធ្វើពីកំណាត់ក្រហម និងស្លឹកចេកមួយធាង ។ ជម ៤ សម្រាប់អាចារ្យ ១ ឬរៀបត្រឹមម្លូរ ស្លា បារី ធូប ទៀន ភ្ញីផ្កា១ពានជូនអាចារ្យក៏បាន ដែរ ។

ទំនៀម​ទំលាប់​ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប​អង្គរ​

ព្រះតេជគុណ ម៉ក់ ប៉ឹង ចៅអធិការវត្តទីមុនីរង្សី ហៅវត្តព្រះអង្គទ្រង់ ដែលជាវត្ត ប្រកាន់នូវទំនៀមខ្មែរបុរាណនោះ មានសង្ឃដីការថា គេធ្វើពិធីហៅព្រលឹងនាគ ក៏ព្រោះ កាលមិនទាន់មកបួសនោះ គេហៅនាគនោះ ដោយឈ្មោះនេះ ឈ្មោះនោះ មិនសម នឹងនាគជាឈ្មោះបុគ្គលដ៏ប្រសើរនោះឡើយ ហើយបុគ្គលនោះតែងជាប់ជំពាក់វាក់វិន នឹងវាលវដ្តសង្សារ ចិត្តមិនស្ងប់ ព្រលឹងទាំង ១៩ បែកខ្ញែកមិននៅក្នុងខ្លួន ដូច្នេះហើយគេ ក៏ហៅព្រលឹងនាគនោះដើម្បីកុំឱ្យព្រលឹងនៅរសាត់អណ្តែតរហេតរហូត ទៅទីឆ្ងាយ ដោយព្រៃដោយវាល ក្រែងលោជួបគ្រោះភ័យអ្វីមួយ ហើយមិនអាចត្រឡប់មកវិញបាន ទើបសូមឱ្យព្រលឹងទាំងនោះចូលមកនៅក្នុងរូបក្នុងអង្គវិញឱ្យគ្រប់ ដូចពាក្យពោល ហៅថា «មកវ៉ើយព្រលឹងទាំងប្រាំបួនដណ្តប់សព្វគ្រប់ មកនៅរូបនៅអង្គនៃនាគទាំង អស់គ្នា សូមជាស្រណុកសុខសប្បាយ កុំទៅដោយព្រៃដោយផ្សាយ បាយគេក៏ថ្ម អង្ករ គេក៏គ្រួស បង្ហួសមកនៅផ្ទះយើង ផ្ទះធំស្រណុំស្រណុក ស៊ីចេកអំបុក ស៊ីត្រាវដំឡូង ស៊ីចេកដេកនៅ ស៊ីអំពៅដើរលេង» ។

ទំនៀម​ទំលាប់​ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប​អង្គរ​

ក្រៅពីពាក្យហៅព្រលឹងប៉ុន្មានម៉ាត់នេះ ក៏មាន ធម៌និងពាក្យប្រៀនប្រដៅជាច្រើនដល់នាគឱ្យលះបង់កិលេសតណ្ហា លះអំពើអបាយ មុខទាំងឡាយដែលខ្លួនជាប់ជំពាក់និងសាងឡើងក្នុងជីវិតជាគ្រហស្ថ ពិសេសភាព ស្អាតនៃរាងកាយ ដើម្បីសង្រួមកាយវាចាចិត្តក្នុងជីវិតជាអ្នកបួសក្នុព្រះពុទ្ធសាសនា ។

ទំនៀម​ទំលាប់​ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប​អង្គរ​

ព្រះតេជគុណក៏មានសង្ឃដីកាបន្តទៀតថា សម្រាប់វត្តព្រះអង្គ គេធ្វើពិ ធីហៅព្រលឹងនាគនាពេលយប់ជ្រៅ ព្រោះជាវេលាដ៏ស្ងប់ស្ងាត់ ហើយវាស្ថិតនៅក្នុង ដំណាក់ កាលធ្វើកិច្ចដេកអង្កររាបដែរ គឺអាចារ្យឱ្យនាគ (អ្នកបួស) ទាំងអស់ដេកនៅលើ អង្កររាបរួចក៏សូត្រហៅព្រលឹងនោះទៅ។ ចំពោះកិច្ចនៃការធ្វើពិធីនេះមិនដូចគ្នាឡើយ វាអាស្រ័យទៅតាមទំនៀមវត្តបុរាណនីមួយៗ តែវាមិនថ្វីនោះទេព្រោះនេះជាទំនៀមទម្លាប់ វាតែងតែដូចនិងខុសគ្នាខ្លះដូច្នោះឯង ហើយដោយឡែកនៅវត្តសម័យគេមិនធ្វើពិធីហៅព្រលឹងនាគនេះទេ ។

ទំនៀម​ទំលាប់​ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប​អង្គរ​

លោកតា ណេក ឡាយ អាចារ្យវត្តអាធ្វា ជាវត្តប្រកាន់នូវទំនៀមបុរាណដូចគ្នា បានប្រាប់ដូចគ្នានឹងព្រះតេជគុណ ម៉ក់ ប៉ឹង ដែរថា ពិធីហៅព្រលឹងនាគជាទំនៀម បុរាណ ធ្វើឡើងដើម្បីហៅព្រលឹងអ្នកបួសនោះកុំឱ្យវិលវល់ទៅណាផ្តេសផ្តាស ហោះហើរដើរទៅឆ្ងាយដាច់សង្វែង ឱ្យមកចូលរូបចូលអង្គវិញ មកស្តាប់ពាក្យ ប្រៀន ប្រដៅ ហើយតាំងកាយវាចាចិត្តឱ្យស្ថិតក្នុងភាពស្ងប់ ដើម្បីបួសរៀននៅក្នុងព្រះ ពុទ្ធ សាសនា ។

ទំនៀម​ទំលាប់​ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប​អង្គរ​

ពិធីនេះធ្វើឡើងធ្វើឡើងក្រោយពិធីសែនព្រែនដូនតាហើយ ដោយមាននាគ ទាំងអស់ចូលមកជុំគ្នាស្តាប់ធម៌និងពាក្យប្រៀនប្រដៅពីសំណាក់តាអាចារ្យ បន្ទាប់មក ទើបធ្វើពិធីដេកអង្កររាបនិងបង្វិលពពិលជាក្រោយ។ ទាក់ទងនឹងជំនឿហៅព្រលឹងនេះ ខ្មែរយើងមិនមានហៅតែព្រលឹងនាគនោះទេ គឺមានហៅព្រលឹងសក់ ព្រលឹងស្រូវ ព្រលឹងអ្នកឈឺជាដើម ខ្មែរមានជំនឿណាស់ ៕ សុថាត់

ទំនៀម​ទំលាប់​ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប​អង្គរ​
ទំនៀម​ទំលាប់​ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប​អង្គរ​