អតីត​អ្នក​ជាប់គុក​ក្នុង​សំណុំរឿង​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ ប្តឹង​លោក​ផ្កាយ​២​ប៉ូលិស​ស្នងការ​ខេត្តបន្ទាយមានជ័យ​ ទារជំងឺចិត្ត​១​ម៉ឺន​ដុល្លារ​

​អាច​ចាត់​ទុក​ថា​ជា​រឿង​ប្លែក​ និង​កម្រ​កើតឡើង​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​កាលពី​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​អតីត​អ្នក​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង​ប្លន់​ប្រដាប់​អាវុធ​ ដែល​ទើប​ចេញពី​គុក​វិញ​ម្នាក់​ ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ប្តឹង​ចោទប្រកាន់​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ជា​សាធារណៈ​ និង​ទារជំងឺចិត្ត​ចំនួន​៤០​លាន​រៀល​(​ប្រមាណ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​បុរស​ជា​អតីត​អ្នក​ជាប់គុក​ក្នុង​សំណុំរឿង​ចោទប្រកាន់​ថា​ ជា​មេចោរ​ប្លន់​ប្រដាប់​អាវុធ​កាលពី​ចុងឆ្នាំ​២០១៥​ និង​ទើប​រួចខ្លួន​បាន​ចេញពី​គុក​ នា​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ដែល​ប្តឹង​បក​ប្រឆាំង​មក​លើ​លោក​ផ្កាយ​២​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នោះ​ មានឈ្មោះ​ លួ​ន​ លាត​ ហៅ​ ភឹង​ លាត​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​ខ្មៅ​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ។​

​តាម​ការ​រៀបរាប់​ក្នុង​ពាក្យបណ្តឹង​របស់​បុរស​អតីត​អ្នក​ជាប់គុក​ក្នុង​សំណុំរឿង​ប្លន់​ប្រដាប់​អាវុធ​ឈ្មោះ​ លួ​ន​ លាត​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ លោក​ឧត្តមសេនីយ៍​ អាត់​ ខែ​ម​ បាន​សរសេរ​ផ្សព្វផ្សាយ​តាម​ Facebook​ ថា​ "​មុខសញ្ញា​ឈ្មោះ​ ភឹង​ លាត​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​ខ្មៅ​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក​ ដែល​ចាប់ខ្លួន​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ជា​មេខ្លោង​រៀប​គម្រោង​ប្លន់​ប្រដាប់​អាវុធ​នៅ​ភូមិ​រំដួល​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ។​ ក្រោយ​ការ​ស៊ើបអង្កេត​រយៈពេល​០១​ខែ​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ ប៉ុន្តែ​ត្រូវ​តុលាការ​ខេត្តបន្ទាយមានជ័យ​ដោះ​លែង​វិញ​ នៅ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​ "​ ។​

​ការ​បង្ហោះ​ផ្សព្វផ្សាយ​ក្នុង​ Facebook​ របស់​លោក​ឧត្តមសេនីយ៍​ អាត់​ ខែ​ម​ ដូច្នេះ​ ទើប​ធ្វើ​ឲ្យ​អតីត​អ្នក​ជាប់គុក​ឈ្មោះ​ លួ​ន​ លាត​ ប្តឹង​លោកស្នងការ​ប៉ូលិស​ អាត់​ ខែ​ម​ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ជា​សាធារណៈ​ និង​ទាម​ទារជំងឺចិត្ត​ចំនួន​៤០​លាន​រៀល​តែ​ម្តង​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ "​បើ​ដោះ​លែង​បែប​នេះ​ ខ្ញុំ​បារម្ភ​ថា​ ឈ្មោះ​ លួ​ន​ លាត​ ដែល​រៀបចំ​ និង​ដឹកនាំ​គម្រោង​ប្លន់​ប្រដាប់​អាវុធ​នៅ​ភូមិ​រំដួល​ ឃុំ​ភ្នំ​លៀប​ កន្លង​មក​ គឺជា​រឿង​បំផ្លាញ​ផែនការ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ ។​ "​ ។​

​លោក​ឧត្តមសេនីយ៍​ អាត់​ ខែ​ម​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០៤១២​ និង​កំពុង​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៥/១០៤៦​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​មជ្ឈដ្ឋាន​ទូទៅ​កំពុង​ទន្ទឹងរង់ចាំ​តាមដាន​មើល​ថា​ តើ​ករណី​បណ្តឹង​ដ៏​កម្រ​ខាងលើ​នេះ​ អាច​នឹង​មាន​ដំណើរការ​យ៉ាងណា​នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ?​ ៕​

អតីត​អ្នក​ជាប់គុក​ក្នុង​សំណុំរឿង​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ ប្តឹង​លោក​ផ្កាយ​២​ប៉ូលិស​ស្នងការ​ខេត្តបន្ទាយមានជ័យ​ ទារជំងឺចិត្ត​១​ម៉ឺន​ដុល្លារ​

Related