ទិន្នផល​ទុរេន​ឆ្នាំនេះ​ថយចុះ​ខ្លាំង ខណៈ​តម្លៃ​កើនឡើង​តិចតួច​ និពន្ធដោយ : ញ៉ុង​ ហេង       June-13-2016, 10:39 pm         96

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទិន្នផល​ទុរេន​ឆ្នាំនេះ​ថយចុះ​ខ្លាំង ខណៈ​តម្លៃ​កើនឡើង​តិចតួច​​ភ្នំពេញ​៖ ការប្រមូល​ផល​ទុរេន​ឆ្នាំ​២០១៦ នេះ មិន​អំណោយផល​ឡើយ​។ អ្នក​ដាំ​ទុរេន អះអាងថា ទិន្នផល​ទុរេន​របស់​ពួកគាត់​ក្នុងឆ្នាំនេះ ថយចុះ​ប្រមាណ​ពាក់កណ្តាល បើ​ធៀប​នឹង​ការប្រមូល​ផល​នៅ​ឆ្នាំមុន​។ អ្នក​ដាំ​ទុរេន ដែល​ផ្តល់​បទ​សំ​ម្ភា​សន៍​ដល់​សារព័ត៌មាន​ថ្មីៗ អះអាង​ដូចៗ​គ្នា​ថា ការធ្លាក់ចុះ​ទិន្នផល​ទុរេន​ឆ្នាំនេះ គឺ​មកពី​គ្រោះរាំងស្ងួត​។ ប៉ុន្តែ​ការថយចុះ​បរិមាណ​នេះ ធ្វើ​ឲ្យ​តម្លៃ​ទុរេន​ឆ្នាំនេះ​ឡើង​ជាង​មុន​ខ្លះ​។​

​លោក ប៊ុន ឈាង ម្ចាស់​ចម្ការ​ទុរេន​លក្ខណៈ​គ្រួសារ​មួយកន្លែង​នៅ​ខេត្តកំពង់ចាម ឲ្យ​ដឹងថា ការប្រមូល​ផល​ផ្លែ​ទុរេន​របស់លោក​ឆ្នាំនេះ បាន​ថយចុះ​ពាក់កណ្តាល​។ លោក មាន​ដី​ដាំ​ទុរេន​ចំនួន​៤​ហិកតា ដែល​កាលពី​ឆ្នាំមុន​លោក​ប្រមូល​ផល​ទុរេន​បាន​ប្រមាណ​៧​តោន​ពី​ចម្ការ​របស់លោក​។ តែ​បរិមាណ​នេះ បាន​ថយចុះ​មក​សល់​តែ​ប្រមាណ ៣,៥​តោន​តែប៉ុណ្ណោះ​ក្នុងឆ្នាំនេះ​។

​ម្ចាស់​ចម្ការ​ទុរេន​រូបនេះ ប្រាប់ថា មូលនៃ​ការធ្លាក់ចុះ​ទិន្នផល​នេះ គឺ​មកពី​គ្រោះរាំងស្ងួត​។ លោក  ប៊ុន ឈាង បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដំណាំ​ទុរេន ត្រូវការ​ទឹក​ខ្លាំងណាស់​។ វា​ត្រូវការ​អាកាសធាតុ​សមល្មម កុំ​ក្តៅ​ពេក​»​។ លោក​បន្ថែមថា​៖«​ឆ្នាំនេះ​ខ្វះ​ទឹក​។ ការប្រមូល​ផល​ថយចុះ​ច្រើន​។ ហើយ​ផ្លែ​របស់​វា ក៏​រៀង​តូច​ជាង​លើក​មុនៗ​»​។​

​រីឯ​ម្ចាស់​ចម្ការ​ទុរេន​នៅ​ខេត្តកំពត​មួយរូប​ទៀត​គឺ លោក បូរ៉ា  ក៏បាន​អះអាង​ពី​ការធ្លាក់ចុះ​ទិន្នផល​ទុរេន​របស់ខ្លួន​ផងដែរ​។ ផ្ទៃដី​ដាំ​ដុះ​ជិត​មួយ​ហិកតា លោក បូរ៉ា ប្រមូល​ផល​បាន​ប្រមាណ​តែ​ជាង​១​តោន​នៅក្នុង​ឆ្នាំនេះ  ដែល​ធ្លាក់ចុះ​ពាក់កណ្តាល បើ​ធៀប​នឹង​ឆ្នាំមុន​។ លោក ប្រាប់ថា អាកាសធាតុ​ឆ្នាំនេះ មិន​អំណោយផល​ដល់​ការដាំដុះ​ទុរេន​ឡើយ​។ អ្នក​ដាំ​ទុរេន​រូបនេះ និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្សត់​ទឹក​ឆ្នាំនេះ មានតែ​កាត់​ផ្លែ​វា (​ទុរេន​) ចោល​ខ្លះ​។ កាត់​បែប​ណ្ណឹ​ង ទើប​ដើម​អាច​ទ្រទ្រង់បាន​។ បើ​អត់​កាត់ចេញ​ខ្លះ ប្រមូល​ផល​បាន​តិចជាង​ណ្ណឹ​ង​ទៀត​»​។

ទិន្នផល​ទុរេន​ឆ្នាំនេះ​ថយចុះ​ខ្លាំង ខណៈ​តម្លៃ​កើនឡើង​តិចតួច​ និពន្ធដោយ : ញ៉ុង​ ហេង       June-13-2016,  10:39 pm         96

​ការធ្លាក់ចុះ​ទិន្នផល​ទុរេន​នេះ ក៏​កើតមាន​ចំពោះ​ចម្ការ​ដាំ​ទុរេន​ធំៗ​ផងដែរ​។ អ្នក​ដាំ​ទុរេន​មួយរូប​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម គឺ លោក ខាន់ សារិទ្ធ អះអាងថា ការប្រមូល​ផល​ទុរេន​របស់ខ្លួន​ឆ្នាំនេះ បាន​ថយចុះ​ជាង​ពាក់កណ្តាល ពោលគឺ​ពី​បរិមាណ​ប្រហែល ១០០​តោន​នៅ​ឆ្នាំមុន មក​នៅត្រឹម ៤០​តោន​ប៉ុណ្ណោះ​នៅ​ឆ្នាំនេះ​។ លោក មាន​ផ្ទៃដី​ដាំ​ដុះ​ទុរេន​ប្រមាណ​២០​ហិកតា​។ បើតាម​ការអះអាង​រប​ស់លោក សារិទ្ធ ក៏​មិន​ខុស​អ្វី​ពី​អ្នក​ដាំ​ទុរេន​ផ្សេងៗ​ទៀត​ដែរ គឺ​ការថយចុះ​ទិន្នផល​ទុរេន​នៅ​ឆ្នាំនេះ បណ្តាលមកពី​អាកាសធាតុ​ក្តៅ ខ្វះ​ទឹក​ស្រោចស្រព​។​

​ប៉ុន្តែ​ការធ្លាក់ចុះ​ទិន្នផល​ទុរេន​នៅ​ឆ្នាំនេះ បានធ្វើ​ឲ្យ​តម្លៃ​ទុរេន​នៅលើ​ទីផ្សារ​កើនឡើង​ជាង​ឆ្នាំមុន​ខ្លះ​។ អ្នកលក់​ទុរេន​នៅ​ខេត្តកំពង់ចាម​មួយរូប គឺ​អ្នកស្រី ធឿន ឲ្យ​ដឹងថា ទុរេន​ម៉ាន់​ថង​លេខ​១  ក្នុង​១​គីឡូក្រាម​ថ្លៃ ១៨០០០ រៀល ហើយ​ទុរេន​ម៉ាន់​ថង​លេខ​២ ថ្លៃ ១៦០០០ រៀល​។ តម្លៃ​នេះ​បាន​កើន​ជាង​ឆ្នាំមុន ដែល​អ្នកស្រី​លក់​ទុរេន​បាន​ក្នុងតម្លៃ ១៥០០០ រៀល និង ១៣០០០ រៀល​ប៉ុណ្ណោះ​។ 

​រីឯ​លោក សារិទ្ធ ដែលជា​អ្នក​ដាំ​ទុរេន​និង​ក៏​ជា​អ្នកលក់​នៅ​ភ្នំពេញ​ដែរនោះ មានប្រសាសន៍ថា តម្លៃ​ទុរេន​នៅ​ចុងរដូវ​នៅ​ឆ្នាំនេះ មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​។ លោក  ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ដើមរដូវ​(​ខែមេសា​ដល់​ដើមខែ​ឧសភា​) ខ្ញុំ​លក់​ទុរេន​ម៉ាន់​ថង​លេខ​១​ថ្លៃ​២​ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម ដូច​ឆ្នាំទៅ​ដែរ​។ តែ​ដល់​ចុងរដូវ​(​ខែឧសភា​ដល់​ខែមិថុនា​)  តម្លៃ​នៅ​២​ម៉ឺន​រៀល​ដដែល​។ លោក បន្ថែមទៀតថា​៖«​ពី​ឆ្នាំទៅ ទុរេន​នៅ​ចុងរដូវ​អ៊ីចឹង វា​សំបូរ​ណាស់ តម្លៃ​វា​ចុះមក​សល់ ៨​ពាន់​រៀល ឫ ១​ម៉ឺន​រៀល​»​។

​អាជីវករ​រូបនេះ ឲ្យ​ដឹង​ទៀតថា ទុរេន​ឆ្នាំនេះ មាន​លក់​ត្រឹម​ចុងខែ​មិថុនា​ប៉ុណ្ណោះ មិន​ដូច​ឆ្នាំមុន ដែល​ទុរេន​មាន​លក់​រហូតដល់​ខែកក្កដា​៕
ទិន្នផល​ទុរេន​ឆ្នាំនេះ​ថយចុះ​ខ្លាំង ខណៈ​តម្លៃ​កើនឡើង​តិចតួច​ និពន្ធដោយ : ញ៉ុង​ ហេង       June-13-2016,  10:39 pm         96