បើកបរ​ស្រវឹង បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​៥​ផ្ទាំង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ទល់មុខ​ក្រុមហ៊ុន​លក់​រថយន្ត​មី​ត​ស៊ុ​យ​ប៊ូស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បាន​រេ​ចង្កូតរថយន្ត​ទៅ​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​៥​ផ្ទាំង និង​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ខូចខាត ព្រមទាំង​មនុស្ស​២​នាក់​ក្នុង​រថយន្ត​រង​របួស ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ បើកបរ​ដោយ​បុរស​ម្នាក់​មាន​វ័យ​ប្រហែល​៤០​ឆ្នាំ បើកបរ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2C-0654 មាន​ស្ថានភាព​ស្រវឹង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ចំណែកឯ​រថយន្ត​រង​គ្រោះ បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ពាក់​ស្លាក​លេខ ភ្នំពេញ 2W-0318  ជា​ប្រភេទ​ឆ្លាម ពណ៌​ទឹកមាស​ដូច​គ្នា ដោយ​ក្នុង​រថយន្ត​មាន​គ្នា​៣​នាក់ ។

ប្រភព​ពី​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​បំណង​ជូន​អ៊ុំ​ដែល​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ពោធិ​ចិន​តុង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ដោយ​អ្នកបើកបរ​ទំនង​ដូច​ជា​ស្រវឹង បាន​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​៥​ផ្ទាំង ហើយ​ក៏​ជ្រុល​មក​បុក​រថយន្ត​ខ្លួន បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ខាង​មុខ ព្រមទាំង​អ៊ុំ​របស់​ខ្លួន​ទាំង​២ បាន​រង​របួស​ម្នាក់​បែក​មាត់ និង​ម្នាក់​ទៀត​របួសស្រាល​ផង​ដែរ ។ ក្រោយ​ពី​កើតហេតុ ជន​បង្ក​មិន​បានរ​ត់ទៅ​ណា​ទេ ព្រម​ទទួលខុសត្រូវ រឿងរ៉ាវ​ដែល​កើតឡើង ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​បញ្ជូន​រថយន្ត ទាំង​ពីរ​គ្រឿង​ទៅ​កាន់​ការិយាល័យ​ចរាចរ​ជើង​គោក ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕