«​ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​»៖ សុភា​សិត​មាន​លក្ខណៈ​រើសអើង​ភេទ​ និពន្ធដោយ : ស៊ុំ សុជាតិ       June-07-2016, 8:19 am         36336

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132«​ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​»៖ សុភា​សិត​មាន​លក្ខណៈ​រើសអើង​ភេទ​​ភ្នំពេញ​៖ ការលើក​ឡើងជា​ទស្សនៈ ជា​គំនិត ជា​ពាក្យស្លោក ជា​សុភាសិត មិនមែន​មានន័យថា​សុទ្ធតែ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​នោះទេ​។ ប៉ុន្តែ​តម្លៃ ភាពត្រឹមត្រូវ របស់​អ្វី​ទាំងនោះ​គឺ​អាស្រ័យ​លើ​ស្ថានភាព កាលៈទេសៈ និង​សម័យ​កាលដែល​គេ​អាច​យកមក​បំពេញ ឬ​អនុវត្តបាន​។ ចំពោះ​សុភាសិត​ដូនតា​ខ្មែរ​ដែល​បាន​លើកឡើងថា «​ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​» វិញ​អាច​និយាយបានថា​ត្រឹមត្រូវ​ចំពោះ​សម័យមុន ប៉ុន្តែ​មិនអាច​និយាយថា​ត្រឹមត្រូវ​ចំពោះ​សម័យនេះ​បានទេ​។​

«​ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​» ស្ដាប់​ភ្លាម​គឺ​ពិតជា​មិនអាច​ទទួលយកបាន​នោះទេ សម្រាប់​បរិបទ​មនុស្ស​ខ្មែរ​សម័យនេះ​។ ប៉ុន្តែ គេ​ក៏​មិនអាច​បដិសេធ​ភ្លាមៗ​ថា សុភាសិត​នេះ​មិន​ត្រឹមត្រូវ​នោះទេ​។ ក្នុងករណីនេះ ដើម្បី​ទទួលស្គាល់ថា សុភាសិត​នេះ​ត្រឹមត្រូវ អ្នកអាន អ្នក​ស្ដាប់ អ្នក​ពិចារណា ត្រូវ​គិត​ទៅរក​សម័យកាល ដែល​ដូនតា​របស់ខ្លួន​បានលើកឡើង​នូវ សុភាសិត​មួយ​នេះ​។

​ជាការ​ពិតណាស់ នៅក្នុង​សង្គម​បែប​ប្រពៃណី​បុរាណ​របស់​បុព្វបុរស​ខ្មែរ ការ​ឲ្យ​តម្លៃ​លើ​ស្ត្រី ពិតជា​មិន​ត្រូវបាន​គេ​លើកកម្ពស់ ឲ្យ​ស្មើ​និង​បុរស​ឡើយ​។ ការជាប់​ជំពាក់​ជាមួយ​ផ្នត់គំនិត​ចាស់ ទំនៀម​ទំលាប់​ប្រពៃណី ធ្វើ​ឲ្យ​គេ​គិតថា​ស្ត្រី​គ្រាន់តែ​ជា​ទាសក​របស់​បុរស ទាសក​កិច្ចការ​ផ្ទះសំបែង មើលថែ​កូនចៅ ត្បាញ់ និង​កិច្ចការ​ក្នុងផ្ទះ​ជាច្រើន​ផ្សេងទៀត​។ ហេតុផល​នេះ ដូនតា​ខ្មែរ​មាន​ទស្សនៈ​មួយ​ក្នុងទិសដៅ​បំបិត​សិទ្ធិ និង​សេរីភាព​របស់​ស្ត្រី​។ បន្ថែម​ពីនេះ ដូនតា​បែរ​គិតថា ស្ត្រី​មិនអាច​សម្រេច​កិច្ចការ​ធំ​បាន ស្ត្រី​គ្មាន​សមត្ថភាព ស្ត្រី​មិន​យល់​កាលៈទេសៈ ស្ត្រី​ទន់ជ្រាយ ហេតុនេះហើយ​ដូនតា​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​ក្នុងការ​សិក្សា​រៀនសូត្រ ពង្រឹង​គំនិត​ស្មារតី ដើម្បី​ប្រឡូក​ក្នុងសង្គម​ឡើយ​។ កត្តា​ទាំងនេះ គឺជា​ដើមចម​នៃ​ការលើក​ឡើងជា​សុភាសិត​ថា «​ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​»​។

​ផ្ទុយ​ពី​សុភាសិត​ខាងលើ ជា​ធម្មជាតិ​របស់​មនុស្ស​ប្រុស​និង មនុស្ស​ស្រី គឺ​គ្មាន​អ្វីដែល​ល្អ​លើស​គ្នា អស្ចារ្យ​លើស​គ្នា​នោះទេ​។ បុរស​កើតមក​មាន​លក្ខណៈពិសេស​របស់ខ្លួន មួយផ្នែក ចំណែក​ស្ត្រី​មាន​ក៏មាន​លក្ខណៈពិសេស​រប​ស់​ខ្លួន​ដោយឡែក​ដូចគ្នា​។ ករណីខ្លះ ស្ត្រី​ប្រហែលជា​មិនអាច​ធៀប​នឹង​បុរស​បាន​មែន​ដូចជា​កម្លាំងកាយ និង​គោលជំហរ ស្មារតី​ជាដើម ប៉ុន្តែ​ក៏​មិន​ប្រាកដថា ស្ត្រី​មិនអាច​មាន​អ្វី​ទាំង​នោះទេ​។

​ជារួម​មក សុភាសិត​ដែល​បុព្វបុរស​ខ្មែរ លោក​បាន​លើកឡើងថា​«​ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​» ក្នុង​គោលបំណង​មួយ​ឲ្យ​តម្លៃ​លើ​បុរស ហើយ​មាន​លក្ខណៈ​រើសអើង​ចំពោះ​ស្ត្រីភេទ​។ ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​ពិចារណា គេ​មិនអាច​និយាយថា សុភាសិត​នេះ​ខុស ឬ​ត្រូវ​នោះទេ ប៉ុន្តែ​ត្រូវ​គិត​លើ​មូលដ្ឋាន​ហេតុ​និង​ផល​។ ទោះជា​យ៉ាងណា ចំពោះ​សុភាសិត​នេះ បច្ចុប្បន្នភាព​គេ​មិនគួរ​លើក​យកមក​និយាយ នាំ​តែ​ឲ្យ​កើតមាន​គំនិត​រើសអើង​ភេទ និង​ការបង្ករ​ហិង្សា​ផ្នែក​គំនិត​រវាង​បុរស​និង​ស្ត្រី និង​ជម្លោះ​ផ្នែក​ការទាមទារ​សិទ្ធិ សេរីភាព​៕