Samsung អាច​ងាក​ទៅ​រក Tizen OS ពេល​​​​អស់​និស្ស័យ​​នឹង Android

របាយការណ៍​ថ្មី​មួយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Korean Times ឲ្យ​ដឹង​ថា Samsung អាច​នឹង​ផ្លាស់ប្ដូរ​​ប្រព័ន្ធ​ប្រតិបត្តិការ (OS) Android ទៅ​ប្រើ​ Tizen ផ្ទាល់​ខ្លួន​វិញ។

 

Samsung អាច​ងាក​ទៅ​រក Tizen OS ពេល​​​​អស់​និស្ស័យ​​នឹង Android

 

ការ​បញ្ជាក់​នេះ​មាន​ន័យ​ថា Android និង Android Wear ធ្លាប់​តែ​បំពាក់​លើ​ស្មាតហ្វូន​និង Smartwatch របស់ Samsung នឹង​ត្រូវ​ជំនួស​​តំណែង​​ដោយ Tizen ដែល​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ត្រកូល Galaxy កូរ៉េ​មួយ​នេះ បាន​សម្ងំ​ផលិត​ជា​យូរ។

 

ព័ត៌មាន​រសើប​នេះ​នៅ​មិន​ទាន់​អស់​ទេ ដោយ​មន្ត្រី​ជាន់​ខ្ពស់​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​របស់ Samsung ក៏​បាន​ធ្លោយ​និយាយ​ប្រាប់​សារព័ត៌មាន​ដដែល​ថា «បើ​សិន​អ្នក​ឯង​គ្មាន Ecosystem ផ្ទាល់​ខ្លួន​ទេ កុំ​សង្ឃឹម​ថា​មាន​អនាគត​ឲ្យ​សោះ»។

 

អំឡុង​ពេល​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ចំពោះ Google ដោយ​សារ Samsung ជា​ក្រុមហ៊ុន​ធំ​ជាង​គេ ដែល​បំពាក់ Android លើ​ស្មាតហ្វូន​ ហើយ​ក៏​ជា​គូរ​ប្រជែង​ធំ​របស់ Apple ដែរ​។

 

យ៉ាង​ណា ចំពោះ Samsung ប៉ុន្មាន​ឆ្នាំ​នេះ​បាន​ចាយ​ទុន​និង​ធនធាន​យ៉ាង​ច្រើន ដើម្បី​ផលិត​ Tizen ហើយ​ក្រុមហ៊ុន​នេះ​នឹង​ព្យាយាម​អូសទាញ​អ្នក​បង្កើត​កម្មវិធី​ជុំវិញ​ពិភពលោក ឲ្យ​ងាក​មក​រក OS ថ្មី​នេះ​ឲ្យ​បាន ពេល​អស់​និស្ស័យ​ជាមួយ Android៕

 

អត្ថបទ៖ ប៉ែត ផាន់និត