ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៧)

ភាគ​ទី​៧
ឈីវឈូជី​ក៏​ខឹង​ឡើង​ក្រហម​គុម្ព​ត្រចៀក​ គំហក​វិញ​ថា៖
«ហ៊ឹះ! លោក​ហ៊ាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​ ហើយ​កំសាក​រហូត​មិន​ហ៊ាន​សារភាព​ផង​ឬ?»
​អាចារ្យ​ពោល​រួច ក៏​គ្រវែង​ពាន​ស្រា​ធ្ងន់​រាប់​រយ​នាឡិ​នោះ​តម្រង់​មក​ព្រះកេស​ជាវមូ។ បុរស​ចាងអាសិង​ដែល​មាន​កម្លាំង​លើស​គេ​ក្នុង​ចំណោម​ជន​ចម្លែក​ ៧ រូប​នោះ​កាល​បើ​ឃើញ​ដូច្នេះ ក៏​ស្ទុះ​ហេ​មក​ត្រង​យក​ពាន​ស្ពាន់​ជាប់​នឹង​ថ្កល់​នៅ​លើ​ដៃ សូម្បី​ស្រា​មួយ​តំណក់​ក៏​ពុំ​ក្រឡក​ខ្ចាយ​ចេញ​ពី​ពាន​ដែរ​។ គាត់​ប្រមូល​កម្លាំង​ដៃ​បោះ​ពាន​ស្ពាន់​ទៅ​ឱ្យ​អាចារ្យ​វិញ។ ឈីវឈូជី​ទ្រ​យក​វិញ​យ៉ាង​ស្រួល​ហើយ​ពោល​វាចា​ថា​៖
«មែន! គេ​សរសើរ​ជន​ចម្លែក​រត់​មាត់​មិន​ខុស​មែន!»

 

គួរ​កត់​សម្គាល់​ថា ចាងអាសិង​បាន​ប្រើ​កម្លាំង​ខ្លាំង​ពេក ទាល់​តែ​ជាន់​បាក់​ក្ដារ​ទៅ​ជា​ពីរ​បី​បន្ទះ​ នាំ​ឱ្យ​​ភ្ញៀវ​ខាង​ក្រោម​ភ័យ​ ស្រែក​ទ្រហឹង​អឺងកង។
ពេល​នេះ​ អាចារ្យ​ងាក​មក​សង្ខើញ​ជាវមូ​ថា៖
«មើល៍! លោក​លាក់​ស្ត្រី​ទាំង​ពីរ​នេះ​នៅ​ទី​ណា? បើ​លោក​នៅ​តែ​មិន​ព្រម​ប្រគល់​មក​ឱ្យ​ខ្ញុំ​ ខ្ញុំ​នឹង​ដុត​ទាំង​ខ្លួន​លោក ទាំង​​វត្ត​របស់​លោក​ខ្ទេច​ជា​ផេះ​មិន​ខាន​ឡើយ»
ជូធុង​យក​ផ្លិត​ទះ​ក្បាល​ពោះ​ខ្លួន​ឮ​ផ្លក់​រួច​ពោល​​ជា​បន្ទាន់​ថា៖
«ព្រះ​គ្រូ​ជាវមូ ជា​បព្វជិត​ មាន​ធម៌​សច្ចៈ​ល្អ​ណាស់ ព្រះអង្គ​មិន​អាច​ប្រព្រឹត្ត​អំពើ​ថោកទាប​បែប​នេះ​ទេ ក្រែង​លោក​ជឿ​តាម​ពាក្យ​ញុះញង់​នៃ​ជន​ពាល​ដែល​ប្រាថ្នា​ ប្រឌិត​រឿង​សម្អុយ​ព្រះ​អង្គ​ទេ​ដឹង?»
អាចារ្យ​ឈីវឈូជី​ឆ្លើយ​ទាំង​កំហឹង​ថា៖
«គឺ​ខ្ញុំ​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​ខ្ញុំ​ មិន​មែន​ខ្ញុំ​ជឿ​តាម​ជន​ពាល​ទេ»
វាចា​ដ៏​ម៉ឺងម៉ាត់​របស់​អាចារ្យ​បាន​ញ៉ាំង​ជន​ចម្លែក​ឱ្យ​ភ្ញាក់​ផ្អើល​គ្រប់​ៗ​គ្នា។ ព្រះ​តេជគុណ​ជាវមូ​បន្លឺ​សង្ឃដីកា​ថា៖
«ហ៊ឹះ! លោក​ស្ងើច​កេរ្តិ៍​ឈ្មោះ​វីរបុរស​ទាំង​ប្រាំពីរ​នៅ​ជាងណាំ​នេះ ហើយ​បែរ​មក​បន្តុះ​បង្អាប់​កិត្តិនាម​យើង​ទៅ​វិញ ចូរ​លោក​ស៊ើប​មតិ​មហាជន​ក្នុង​ស្រុក​កាហេង​នេះ​ល​មើល តើ​ដែល​ឮ​ថា​អាត្មាភាព​​ធ្លាប់​ប្រព្រឹត្ត​អំពើ​ថោក​ទាប​បែប​នេះ​ដែរ​ឬ​ទេ?»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៧)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ