ក្រុមលេខ១ពានតូច ត្រូវប៉ះក្រុមលេខ១ពានធំឆ្នាំចាស់ នៅថ្ងៃនេះ

ការប្រកួតដណ្តើមពានធំក្នុងក្របខ័ណ្ឌ Division A នៃការប្រកួតបាល់ទះថ្នាក់ជាតិដណ្តើមពានរង្វាន់ស្រាបៀរលីអូ ប្រចាំឆ្នាំ ២០១៦ (Leo Cup National Volleyball 2016) នឹងចាប់ដំណើរការប្រកួតពីថ្ងៃអង្គារនេះតទៅ ហើយវាក៏ជាការជួបគ្នារវាងក្រុមលេខ១ពានតូចនៃក្របខ័ណ្ឌ Division B និងក្រុមម្ចាស់ជើងជើងពានធំ Division A ផងដែរ។

Division-A-ft16

ការយកឈ្នះក្រុមស្នងការនគរបាលខេត្តកំពង់ចាម ៣-០ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ បានធ្វើឲ្យក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតពានតូចនៃ Division B អមដោយទឹកប្រាក់១២លានរៀល និងបានឡើងមកលេខនៅ Division A នេះ។
ប៉ុន្តែសម្រាប់ការប្រកួតបើកឆាក នៅវិមានពហុកីឡដ្ឋានជាតិ នារសៀលម៉ោង២ថ្ងៃអង្គារនេះ ក្រុមការពារកោះឆ្នេរ បានប្រឈមនៅការប្រកួតដ៏តានតឹងបំផុត ខណៈពួកគេត្រូវជួបក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលធ្លាប់ឈ្នះទាំងពានតូច និងពានធំ កាលពីឆ្នាំ២០១៥នោះ។

ចំណែកក្រុមចំនួន៤ទៀត ក៏នឹងត្រូវធ្វើការប្រកួតស្វែងរកពិន្ទុ ដើម្បីប្រជែងគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃនេះផងដែរ ដោយក្នុងនោះក្រុមកងពលធំអន្តរាគមន៍លេខ៣ ត្រូវប្រកួតជាមួយក្រុមសាលាខេត្តកំពង់ចាម នារសៀលម៉ោង ៣:៣០ ហើយក្រុមម្ចាស់ជើងឯករងក្រសួងមហាផ្ទៃ ត្រូវជួបក្រុមសាកលវិទ្យាល័យជាស៊ីមកំចាយមារ(ពីមុនឈ្មោះក្រុមស្នងការនគរបាលខេត្តបាត់ដំបង) ចាប់ពីម៉ោង ៤:៣០ តទៅ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតដណ្តើមពានធំនៃក្របខ័ណ្ឌ Division A ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក ត្រូវឈ្នះទឹកប្រាក់១ម៉ឺនដុល្លារនេះ មានក្រុមចំនួន៨ ហើយក្រុមទាំងនេះ ត្រូវបានបែងចែកការប្រកួតជា២ពូល។ នៅក្នុងពូលនីមួយៗ ត្រូវធ្វើការជម្រុះយកក្រុមមានពិន្ទុខ្ពស់ជាងគេ២ក្រុមឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាត់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ័នេះ៕