លោក ជួន ណា​រិ​ន ផ្លាស់​ទៅ​សៀមរាប ឯ​ស្នងការ​តាកែវ​ទៅ​ខេត្ត​ព្រះ​សីហ​នុ

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជី​ឈ្មោះ​ដែល​បែកធ្លាយ​ចេញពី​នាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន ដែល​បច្ចុប្បន្ន​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ អាច​នឹង​ត្រូវ​ផ្លាស់​ទៅ​កាន់​តំណែង​ស្នងការ​នគរបាល​ខេត្តសៀមរាប ជំនួស​លោក​ឧត្តមសេនីយ៍ទោ ស៊​ត ណា​ឌី ។

បើ​តាម​បញ្ជី​ឈ្មោះ​ដដែល លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នឹង​ផ្លាស់​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ជំនួស​លោក​ឧត្ត​ម​សេនីយ៍​ទោ ជួន ណា​រិ​ន ។

ចំណែក​ស្នងការ​នគរបាល​ខេត្តតាកែវ នឹង​ត្រូវ​ជំនួស​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សុខ សំណាង អនុប្រធាន​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ ក្នុង​បញ្ជី​ឈ្មោះ​នោះ ក៏​មានការ​តែងតាំង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​ផង​ដែរ ដោយ​លោក​វរសេនីយ៍ឯក ឡុ​ច វណ្ណ​រ៉ា ស្នងការ​រង​ឡើង​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក​ឧត្តមសេនីយ៍ត្រី សម សា​មួន ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​ទៅ​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ៕