​ប្ដី​សោក​ស្ដាយ​ស្ទើរ​បោក​ក្បាល ក្រោយ​អាន​សំបុត្រ​ប្រពន្ធ​ដែល​ខ្លួន​ជ្រុល​ដៃ​ធ្វើ​ឲ្យ​ស្លាប់​

ស្វាមីភរិយាមួយគូបានរៀបការជាមួយគ្នា១០ឆ្នាំហើយ ប៉ុន្តែគ្មានកូនសូម្បីតែម្នាក់។ ពួកគេរស់នៅជាមួយគ្នានិងសង្ឃឹមយ៉ាងមុតមាំថានឹងមានកូនម្នាក់នឹងគេមុនដល់ខួបអាពាហ៍ពិពាហ៍គម្រប់១១ឆ្នាំ។ ក្រុមគ្រួសារនិងមិត្តភ័ក្ដិរបស់ពួកគេធ្លាប់បានបញ្ចុះបញ្ចូលឲ្យពួកគេលែងលះគ្នា ប៉ុន្តែដោយក្ដីស្រឡាញ់ស្មោះស្ម័គ្រគ្នាទៅវិញទៅមកពួកគេក៏នៅតែបន្តចំណងអាពាហ៍ពិពាហ៍នេះរហូត។

ប៉ុន្មានខែកន្លងផុត។

ថ្ងៃមួយខណៈដែលស្វាមីកំពុងត្រលប់មកពីធ្វើការ ក៏បានឃើញភរិយារបស់ខ្លួនដើរតាមផ្លូវជាមួយបុរសម្នាក់។ ពួកគេមើលទៅដូចជាសប្បាយចិត្តមែនទែន។ មួយសប្ដាហ៍កន្លងមកទៀត ស្វាមីក៏បានឃើញភរិយារបស់ខ្លួននៅជាមួយបុរសនោះដដែលម្ដងទៀត។ បុរសជាប្ដីបានឃើញពួកគេជាមួយគ្នាជាច្រើនលើក និងជួនកាលឱបគ្នាទៀត។

នៅល្ងាចថ្ងៃមួយ ខណៈដែលស្វាមីត្រលប់មកដល់ផ្ទះ ក៏បានឃើញបុរសដដែលនោះជូនប្រពន្ធខ្លួនមកផ្ទះ និងមានថើបលាគ្នា។ បុរសជាប្ដីបានខឹងនិងខូចចិត្តយ៉ាងខ្លាំង។

​ប្ដី​សោក​ស្ដាយ​ស្ទើរ​បោក​ក្បាល ក្រោយ​អាន​សំបុត្រ​ប្រពន្ធ​ដែល​ខ្លួន​ជ្រុល​ដៃ​ធ្វើ​ឲ្យ​ស្លាប់​

នៅថ្ងៃបន្ទាប់ទៀតខណៈដែលបុរសជាប្ដីកំពុងកាន់ថូទៅដាក់ទឹក ទូរសព្ទក៏រោទិ៍ឡើយ។ គាត់បានលើកទូរសព្ទ ហើយក៏បានឮសំឡេងបុរសម្នាក់និយាយថា៖ “ហាឡូអូន បងនឹងទៅផ្ទះអូនល្ងាចនេះតាមសន្យា បងសង្ឃឹមថា…”

បុរសជាប្ដីស្ដាប់ឮតែប៉ុណ្ណេះក៏បិទទូរសព្ទឈប់ស្ដាប់ និងគិតខ្លួនឯងថា៖ “នេះជាសំឡេងមនុស្សប្រុស ហើយប្រាកដជាអាម្នាក់ដែលប្រពន្ធអញបណ្ដើររាល់ថ្ងៃនោះហើយ”។ គាត់គិតថាប្រពន្ធជាទីស្រឡាញ់របស់គាត់ក្បត់ចិត្តគាត់ទៅស្រឡាញ់បុរសម្នាក់នោះហើយ។ ភ្លាមនោះថូទឹកក៏របូតចេញពីដៃគាត់ធ្លាក់បែកខ្ចាយ។

ឮសំឡេងខ្លាំងដូច្នេះប្រពន្ធក៏ចូលមកមើលប្ដីហើយសួរថា៖ “មានរឿងអីទេបង?”

ដោយកំហឹងពេញខ្លួន បុរសបានច្រានប្រពន្ធទាំងកម្រោលទៅលើឥដ្ឋ ហើយនាងក៏លែងកម្រើក។ ក្រោយមកទើបបុរសប្ដីដឹងថាប្រពន្ធខ្លួនបានដួលចំអំបែងថូធំមួយ ទើបប្រញាប់ប្រញាល់ជួយប៉ុន្តែក៏យឺតពេល គឺនាងបានស្លាប់បាត់ទៅហើយ។ ពេលនោះគាត់បានឃើញសំបុត្រមួយក្នុងដៃរបស់នាង។ អត្ថន័យក្នុងសំបុត្របានធ្វើឲ្យគាត់ក្ដុកក្ដួលចិត្តជាទីបំផុត៖

“ប្ដីសំឡាញ់ អូនមិនដឹងនិយាយពីអារម្មណ៍ប្រាប់បងថាម៉េចទេ ដូច្នេះអូនត្រូវសរសេរសំបុត្រឲ្យបង។ អូនបានទៅរកពេទ្យម្នាក់ជាងមួយអាទិត្យហើយ ហើយអូនចង់ប្រាកដខ្លួនឯងសិនមុននឹងនិយាយដំណឹងដ៏ធំនេះប្រាប់បង។

លោកគ្រូបានបញ្ជាក់ច្បាស់ហើយថាអូនមានផ្ទៃពោះ។ កូនយើងនឹងកើតមកក្នុងរយៈពេល៥ខែទៀត។ លោកគ្រូពេទ្យដែលអូនបានជួបនោះគឺជាបងប្រុសបង្កើតរបស់អូនដែលបានបែកគ្នាជាយូរហើយ និងទើបតែបានជួបគ្នាក្រោយពួកយើងរៀបការ។ គាត់សន្យានឹងអូនថានឹងជួយមើលថែអូននិងកូនឲ្យបានល្អបំផុត និងមិនគិតថ្លៃអ្វីទាំងអស់។

គាត់សន្យាថានឹងមកហូបបាយជាមួយពួកយើងនៅល្ងាចនេះ។ អូនត្រូវសរសេរសំបុត្រឲ្យបង ព្រោះអូនរំភើបពេក និយាយមិនចេញទេ។ អរគុណ ដែលតែងតែនៅក្បែរអូនរហូត។

ពីប្រពន្ធសំឡាញ់របស់បង”

សំបុត្រក៏ជ្រុះពីដៃរបស់បុរសជាប្ដី។ ភ្លាមនោះគាត់បានឮសំឡេងគោះទ្វារ ដែលនោះគឺបុរសដែលគាត់ធ្លាប់ឃើញនៅជាមួយប្រពន្ធរបស់គាត់កាលពីមុន។ បុរសម្នាក់នោះបានចូលមកក្នុងហើយនិយាយថា៖ “សួស្ដីខ្ញុំគឺ John ជាបងប្រុសរបស់ប្រពន្ធលោក…” តែភ្លាមនោះគាត់ក៏បានឃើញប្អូនស្រីរបស់គាត់ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ៕

គំនិតអប់រំ

រឿងខ្លីនេះចង់ប្រាប់ថា យើងមិនគួរវាយតម្លៃមនុស្សម្នាក់ឆាប់ពេកទេ។ មនុស្សស្រឡាញ់គ្នា គួរតែព្យាយាមនិយាយរកហេតុផលពីគ្នាឲ្យបានច្បាស់សិន។ យើងមិនគួរបណ្ដោយឲ្យកំហឹងគ្រប់គ្រងយើងឡើយ ព្រោះថាអ្វីដែលយើងបានឃើញនិងបានឮ មិនប្រាកដថាជាការពិតទាំងអស់នោះទេ ៕

ប្រភព៖ sabay

  • ​ប្ដី​សោក​ស្ដាយ​ស្ទើរ​បោក​ក្បាល ក្រោយ​អាន​សំបុត្រ​ប្រពន្ធ​ដែល​ខ្លួន​ជ្រុល​ដៃ​ធ្វើ​ឲ្យ​ស្លាប់​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:ចំនេះដឹង
Tags: