បុគ្គលិក​សង្គម​ស៊ី​វិល​បង់ពន្ធ​ ប្រាក់ខែ​ជូន​រដ្ឋ​ជា​កាតព្វកិច្ច​ តែ​អ្នកវិភាគ​ថា​រដ្ឋ​គួរ​ពិចារណា​ឡើង​វិញ

ភ្នំពេញ៖ ភាពមន្ទិល លើការកាត់ប្រាក់ពន្ធបៀវត្ស បុគ្គលិក មិនមែនរដ្ឋាភិបាល គឺជាចំណោទមួយ សួរគ្នាទៅវិញទៅមក របស់អ្នកធ្វើការងារលើវិស័យ ជួយអភិវឌ្ឍន៍សង្គមបែបនេះ ។ ការកាត់ពន្ធនេះ បានជះឥទ្ធិពល ជាខ្លាំងចំពោះ អារម្មណ៍របស់ បុគ្គលិក ធ្វើការងារក្រៅប្រព័ន្ធរដ្ឋាភិបាលមួយនេះ គឺមានការប៉ះទង្គិច អារម្មណ៍ ទាំង អ្នកប្រតិបត្តិការនឹងអ្នករស់នៅក្នុងបន្ទុក ។ ក្រុមគ្រួសារខ្លះថា នៅពេល ប្ដីឬប្រពន្ធ ឬកូន ចាកចេញពី ស្ថាប័នខ្លួនគឺគ្មានសំណង ពីរដ្ឋាភិបាលនោះទេ បើទោះជាមានការបង់ពន្ធលើប្រាក់ខែ អស់ជាច្រើន ម៉ឺនរៀល ក៏ដោយ ។

បុគ្គលិក​សង្គម​ស៊ី​វិល​បង់ពន្ធ​ ប្រាក់ខែ​ជូន​រដ្ឋ​ជា​កាតព្វកិច្ច​ តែ​អ្នកវិភាគ​ថា​រដ្ឋ​គួរ​ពិចារណា​ឡើង​វិញ

បញ្ហានេះគឺខុសពី អ្នកធ្វើការនៅស្ថាប័នរដ្ឋ ដែលពួកគេ ចូលនិវត្តន៍បានទទួលប្រាក់សោធន រហូតមួយជីវិត ។ ទាក់ទិន រឿងនេះមន្ត្រីរដ្ឋាភិបាល បានបកស្រាយ ការពាររដ្ឋាភិបាល ថាជាកាតព្វកិច្ច របស់ពលរដ្ឋ ត្រូវបង់វិភាគទានចូលរដ្ឋគឺរដ្ឋយកទៅអភិវឌ្ឍន៍ប្រទេស ។ ចំណែក មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគថា រដ្ឋគួមានគោលការណ័ថ្មីឡើងវិញ ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ដ្រីមានប្រសាសន៍ជាមួយវិទ្យុស្ដ្រីFM102ថា មន្ដ្រីរាជការការកាត់ពន្ធលើប្រាក់ខែត្រូវបានគិតជាពីរចំណែករួចជាស្រេចទៅហើយ ដោយមួយចំណែកគឺជាកាតព្វកិច្ចដែលត្រូវចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និង មួយចំណែកទៀតគឺជាប្រាក់សន្សំសម្រាប់ពេលដែលពួកគាត់ដល់វ័យចាស់ជរា ។

លោកថា ការកាត់ពន្ធលើប្រាក់ខែរបស់បុគ្គលិកឯកជនទាំងសង្គមស៊ីវិលផង ក្នុងកម្រិតណាមួយគឺដើម្បីជួយអភិវឌ្ឍន៍ប្រទេស ។

មន្ដ្រីជាន់ខ្ពស់រូបនេះបញ្ជាក់បន្ថែមថា ប្រសិនបើបុគ្គលិកស្ថាប័នឯកជនទាំងអស់ មានបំណងចង់បានការ ផ្ដល់ជាប្រាក់សោធននិវត្ដន៍ ដូចជាមន្ដ្រីរាជការ គឺស្ថាប័នឯកជនទាំងនោះអាច ធ្វើការពិភាក្សាជាមួយនិងក្រសួងសង្គមកិច្ច ដើម្បីរៀបចំពីទម្រង់បែបបទក្នុងការគណនាប្រាក់ពន្ធសម្រាប់ទាំងការចូលរួមបំពេញកាតព្វកិច្ច និងការសន្សំសម្រាប់ពេលចូលនិវត្ដន៍ពីការងារ ។

លោក ផៃ ស៊ីផាន៖ «ទីមួយការចូលរួមចំណែកនៃការបង់ពន្ធ ឬការសន្សំសម្រាប់យើងចូលនិវត្ដន៍ គឺខុសគ្នានៅក្នុងខ្ទង់នៃកាត់ប្រាក់បៀវត្ស គឺមួយចំនួនគឺការចូលរួមកិច្ចកសាងប្រទេសជាតិដែលជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗ មួយទៀតគឺការសន្សំប្រាក់ដើម្បីចូលនិវត្ដន៍នឹងទទួលបានបកមកវិញ ហើយសម្រាប់អង្គការដទៃទៀតខ្ញុំអត់យល់ថា ការបង់ជាសណ្ឋានយ៉ាងម៉េចត្រឹមតែកាតព្វកិច្ចការចូលរួមកសាងប្រទេស ឬ ក៏កាត់ប្រាក់សន្សំពេលចូលនិវត្ដន៍អាហ្នឹងខ្ញុំអត់ដឹងទេ» ។

វិទ្យុស្ត្រីFM 102 មិនអាចសុំការបំភ្លឺពី អ្នកនាំពាក្យ ក្រសួងសង្គមកិច្ចបានទេខណៈលោក អាមាដយះយ៉ា រដ្ឋលេខាធិការរបស់ក្រសួងនេះ បាន ឆ្លើយថាលោកមិនអាចឆ្លើយបានឡើយ ។

ចំណែកលោក បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចនិយាយយករួចតែខ្លួនពីការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជា អ្នកដឹកនាំប្រទេសបាននោះឡើយ ។ លោកថាប្រទេសធំៗនៅលើពិភពលោកទាំងរដ្ឋាភិបាល និងពលរដ្ឋរបស់ពួកគេ គឺសុទ្ធសឹងតែបានអនុវត្ដន៍ តួនាទីក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេដើម្បីបំរើផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមករួចហើយ ។

បុគ្គលិក​សង្គម​ស៊ី​វិល​បង់ពន្ធ​ ប្រាក់ខែ​ជូន​រដ្ឋ​ជា​កាតព្វកិច្ច​ តែ​អ្នកវិភាគ​ថា​រដ្ឋ​គួរ​ពិចារណា​ឡើង​វិញ

លោក កែម ឡី៖ «វាត្រូវរឿងដែលនិយាយពីកាតព្វកិច្ចរបស់ពលរដ្ឋ ដែលត្រូវបំពេញចំពោះរដ្ឋាភិបាល ក៏ប៉ុន្ដែរដ្ឋបានភ្លេចពីកាតព្វកិច្ចរបស់ខ្លួនចំពោះពលរដ្ឋ ហើយរឿងនេះរាជរដ្ឋាភិបាលត្រូវគិតគួរឡើងវិញ ក្នុងការរៀបចំឲ្យមានប្រាក់ចូលនិវត្ដន៍ ឲ្យគ្រប់មនុស្សដែលបង់ពន្ធចូលរដ្ឋទាំងបុគ្គលិកឯកជន និង មន្ដ្រីរដ្ឋ» ។

ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រត្ដិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថារាជរដ្ឋាភិបាលគួរ
មានការកែប្រែគោលនយោបាយ កាលពីមុនចេញខ្លះ ហើយគិតគួរផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋរបស់ខ្លួន ទាំងអស់ដែលត្រូវបានកាត់ពន្ធប្រាក់បៀរវត្សចូលរដ្ឋ ឲ្យទទួលអត្ថប្រយោជន៍បានដូចគ្នាគឺទាំង មន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីអង្គការសង្គមស៊ីវិល ក៏ដូចជាបុគ្គលិកឯកជន លោកជឿជាក់ថា រាជរដ្ឋាភិបាល និងចំណេញគោលនយោបាយ ហើយនឹងមានការគាំទ្រពីប្រជាពលរដ្ឋឡើងវិញ ។ លោកទទូចថា រាជរដ្ឋាភិបាល គួរតែបង្វែរការកាត់ប្រាក់ពន្ធលើបុគ្គលិកក្រៅរដ្ឋាភិបាល ទាំងនោះដោយប្រគល់ឲ្យស្ថាប័នរបស់ពួកគេជាអ្នកសន្សំវិញ ដើម្បីអត្ថប្រយោជន៍នៅពេលដែលពួកគាត់ចូលនិវត្ដន៍ឬចាកចេញពីស្ថាប័ននេះ ។

លោក សន ជ័យ៖ «ដោយសារមន្ដ្រីសព្វថ្ងៃគេសំអាងថា មានតែមន្ដ្រីសាធារណៈទេដែលត្រូវទទួលបានប្រាក់សោធននិវត្ដន៍ហ្នឹង ហើយជាជម្រើសមួយទៀតបើរដ្ឋមិនចង់ទទួលខុសត្រូវក៏មិនបញ្ហាដែរ ប៉ុន្ដែសុំឲ្យកាត់ប្រាក់ពន្ធទាំងអស់ហ្នឹងផ្ញើរទុកនៅស្ថាប័នឯកជនទាំងអស់នោះវិញទៅ ហើយនៅពេលដែលពួកគេឈប់ធ្វើការទៅគេនឹងទទួលបានប្រាក់សោធនិវត្ដន៍នោះវិញដែរ ដោយរដ្ឋមិនចាំបាច់ទទួលខុសត្រូវ» ។

ដូចគ្នានិងទស្សនៈរបស់លោក សន ជ័យ ដែរលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា បុគ្គលិកឯកជន សង្គមស៊ីវិលទាំងអស់សព្វថ្ងៃនេះ គឺធ្វើការដើម្បីបង់ពន្ធចិញ្ចឹមមន្ដ្រីរាជការ ទាំងអស់ ។ ក៏ប៉ុន្ដែនៅពេលដែលមន្ដ្រីសង្គមស៊ីវិល និងបុគ្គលិកឯកជន ដល់វ័យចាស់ជរាមិនអាចបំពេញការងារបន្ដបាន គឺគ្មានរាជរដ្ឋាភិបាលជួយចិញ្ចឹមពួកគេវិញទេ គឺមានតែត្រូវពឹងលើកម្លាំងខ្លួនឯងបន្ដចិញ្ចឹមខ្លួនឯង ទៀតប៉ុណ្ណោះ ។

លោកបណ្ឌិត មាស នី បន្ថែមថា រដ្ឋាភិបាលគួរណាតែរៀបចំរឿងប្រាក់សោធននិវត្ដន៍នេះឡើងវិញ ដោយគិតគួរទាំងបុគ្គលិករាជការ និងបុគ្គលិកឯកជនឲ្យបានត្រឹមត្រូវ ។ លោកថា បើទោះបីជារដ្ឋសន្សំប្រាក់សម្រាប់ពលរដ្ឋ ពីប្រាក់ពន្ធរៀងរាល់ខែត្រឹមតែ ៥ភាគរយនៃពន្ធសរុបក្នុងខែនីមួយៗក្ដីគឺសមល្មមហើយ ។

លោកបណ្ឌិត មាស នី៖ « ចំណុចនេះមួយដែលខ្ញុំគិតប្រទេសខ្មែរយើង បើនិយាយអំពីអយុត្ដិធម៍ ហើយចង់រកយុត្ដិធម៍គឺត្រូវចាប់ផ្ដើមថា អ្នកបង់ពន្ធដូចគ្នាថា តើនឹងទទួលបានអ្វីមកវិញដូចគ្នា ហើយក៏ជាចំណែកដែលធ្វើឲ្យអ្នកបង់ពន្ធសប្បាយចិត្ដនឹងបង់ពន្ធដែរ ប៉ុន្ដែបើដូចបច្ចុប្បន្ននេះ ជាក់ស្ដែងដូចខ្ញុំជាដើម្បី ពេលដល់អាយុមិនអាចធ្វើការបានគឺមានតែរត់ទៅធ្វើស្រែវិញ ឬពឹងកូនចៅចិញ្ចឹមប៉ុណ្ណឹង» ។

នៅកម្ពុជា អង្គការសង្គមស៊ីវិល ត្រូវបាន ដាក់ឱ្យស្ថិតនៅក្នុងច្បាប់ដោយឡែកមួយ ពីមន្ត្រីរាជការសាធារណៈនិងអ្នករាជការ ។ នៅប្រទេសកម្ពុជា មានអង្គការជាតិនិងអន្តរជាតិ ជិត៣០០០ ៕

ប្រភពៈ wmc.org.kh