សាស្ត្រាចារ្យ​ច្បាប់៖ ស្ថាប័ន​ព្រះមហាក្សត្រ​​ដែល​មាន​អំណាច​ពិត​ប្រាកដ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​តុលាការ​ឯករាជ្យ

ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានប្រកាសឲ្យប្រើកាលពីខែកក្កដា ឆ្នាំ២០១៤ ក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការ។

សាស្ត្រាចារ្យ​ច្បាប់៖ ស្ថាប័ន​ព្រះមហាក្សត្រ​​ដែល​មាន​អំណាច​ពិត​ប្រាកដ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​តុលាការ​ឯករាជ្យ

វ៉ាស៊ីនតោន — សាស្ត្រាចារ្យច្បាប់ខ្មែរមួយរូបលើកឡើងថា ប្រទេសកម្ពុជាគួរតែផ្ដល់ព្រះរាជតួនាទីនិងអំណាចពិតប្រាកដដល់ស្ថាប័នព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យភាពនៃតុលាការ និងប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសនេះ។

ការលើកឡើងនេះធ្វើឡើង ខណៈដែលស្ថាប័នតុលាការ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានគេមើលឃើញថា បាននិងកំពុងស្ថិតក្រោមឥទ្ធិពល ឬរងសម្ពាធពីរដ្ឋាភិបាលក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ទោះបីជារដ្ឋធម្មនុញ្ញបានធានាការបែកចែកអំណាចដាច់ពីគ្នារវាងនីតិបញ្ញត្តិឬសភា នីតិប្រតិបត្តិឬរដ្ឋាភិបាល និងអំណាចតុលាការក៏ដោយ។

លោក យឿង សុធារ៉ា សាស្ត្រាចារ្យច្បាប់នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានថ្លែងបែបនេះនៅក្នុងកម្មវិធី«Hello VOA» កាលពីថ្ងៃច័ន្ទទី ១៣ ខែមិថុនានេះថា៖

«ក្នុងបរិបទបច្ចុប្បន្ននេះអាចជាជម្រើសល្អ ប្រសិនជាអនុញ្ញាតឲ្យព្រះមហាក្សត្រ ព្រះអង្គអាចសម្ដែងនូវអំណាចខ្លះ ដើម្បីបំពេញតួនាទីរបស់ព្រះអង្គ ដើម្បីធានានូវឯករាជ្យភាពនៃប្រព័ន្ធតុលាការ ពីព្រោះបើយើងពិនិត្យជាក់ស្ដែងទៅនៅក្នុងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមហ្នឹង ព្រះអង្គគ្មានអំណាចស្អីទេ»។

ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានប្រកាសឲ្យប្រើកាលពីខែកក្កដា ឆ្នាំ២០១៤ ក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការ។

ប៉ុន្តែ ថ្វីត្បិតតែច្បាប់នេះបានកំណត់ដាក់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យស្ថិតនៅក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រក៏ដោយ ក៏សាស្ត្រាចារ្យច្បាប់រូបនេះមើលឃើញថា ព្រះអង្គគ្មានអំណាចនៅក្នុងការសម្រេចចិត្តសំខាន់ៗអ្វីឡើយ។

«ព្រះអង្គមានអំណាចតិចមែនទែន ហើយអ្នកដែលមានអំណាចពិតប្រាកដហ្នឹង គឺជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទេ ហើយបើយើងពិនិត្យទៅលើតួនាទីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គាត់ជាសេនាធិការរបស់ស្ថាប័ននីតិប្រតិបត្តិទេ»។

រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលនៃប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនេះ បានកំណត់ថា ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។

អ្នកវិភាគខ្លះលើកឡើងថា ការគ្រាន់តែអនុញ្ញាតឲ្យព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាចនេះ គឺដើម្បីបង្ការអ្វីមួយដែលគេហៅថារបបរាជានិយមផ្ដាច់ការ ដែលមានព្រះមហាក្សត្រ គ្រងរាជ្យនិងមានអំណាចសម្រេចកិច្ចការគ្រប់បែបយ៉ាងនោះ។

សាស្ត្រាចារ្យ​ច្បាប់៖ ស្ថាប័ន​ព្រះមហាក្សត្រ​​ដែល​មាន​អំណាច​ពិត​ប្រាកដ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​តុលាការ​ឯករាជ្យ

ប៉ុន្តែ លោក យឿង សុធារ៉ា យល់ថា ការផ្ដល់អំណាចខ្លះដល់ព្រះមហាក្សត្រក្នុងសម័យបច្ចុប្បន្ននេះ មិនអាចនាំប្រទេសឲ្យធ្លាក់ទៅក្នុងរបបរាជានិយមផ្ដាច់ការណាមួយនោះឡើយ។ តែផ្ទុយទៅវិញ លោកថា ការធ្វើបែបនេះ អាចជួយធានាឲ្យមានឯករាជ្យភាពនៃប្រព័ន្ធតុលាការទៅវិញទេ។

«បើគ្រាន់តែអនុញ្ញាតឲ្យព្រះអង្គមានតួនាទីខ្លះធានានូវឯករាជ្យភាព ហើយអនុវត្តអំណាចខ្លះនៅក្នុងសមាសភាពនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម វាអត់មានបញ្ហាអីទេសម្រាប់ខ្ញុំ»។

នៅក្នុងប្រទេសកម្ពុជា នៅពេលដែលមានការបកស្រាយច្បាប់ណាមួយផ្សេងគ្នា ឬផ្ទុយគ្នាពីសំណាក់អ្នកច្បាប់ និងអ្នកនយោបាយដែលមាននិន្នាការផ្សេងគ្នានោះ គេពិបាករកស្ថាប័នអាជ្ញាកណ្ដាលដែលអព្យាក្រឹត និងឥតលម្អៀងបានណាស់ ដោយសារស្ថាប័នដែលមានស្រាប់ ឬទើបបង្កើតថ្មី ដែលត្រូវទទួលបន្ទុកពិនិត្យមើលការបកស្រាយច្បាប់នោះ ត្រូវបានគេមើលឃើញថា ស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាលឬមិនមានឯករាជ្យភាពពិតប្រាកដ ពីព្រោះតែថ្នាក់ដឹកនាំ ឬសមាជិកនៃស្ថាប័នយុត្តិធម៌ទាំងនោះគឺជាសមាជិកគណបក្សនយោបាយ។

«ប្រសិនបើមន្ត្រីតុលាការ ដូចជាចៅក្រម គាត់ជាសមាជិកគណបក្សនយោបាយ អាហ្នឹងចង់មិនចង់ ទោះបីជាគាត់ខំព្យាយាមស្រែក ព្យាយាមតាំងខ្លួនធានាថា គាត់អនុវត្តតួនាទីរបស់គាត់ឲ្យឯករាជ្យ ឲ្យត្រឹមត្រូវ ឲ្យយុត្តិធម៌ តែបើគាត់ជាសមាជិករបស់គណបក្ស ហើយមានរឿងក្ដីជំទាស់នឹងគណបក្សរបស់គាត់ អាហ្នឹងការអនុវត្តតួនាទីនិងអំណាចរបស់គាត់ ចង់ឬមិនចង់ ត្រូវតែមិនឯករាជ្យហើយ ទោះបីជាធ្វើឯករាជ្យយ៉ាងណា ក៏គេមើលទៅមិនឯករាជ្យដែរ »។

ដូច្នេះ លោកបន្ថែមថា ការផ្ដល់អំណាចពិតប្រាកដខ្លះដល់ព្រះមហាក្សត្រក្នុងសម័យបច្ចុប្បន្ននេះ នឹងអាចរួមចំណែកធានាឲ្យមានឯករាជ្យភាពនៃស្ថាប័នតុលាការ និងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា៕

ប្រភពៈ VOA