សកម្មជនCNRPជាច្រើននាក់​កំពុងនៅមុខទីស្នាក់ការបក្ស ​ខណៈកម្លំាងប្រឆាំង​បាតុកម្ម​កំពុងហាត់សម

រាជធានីភ្នំពេញ​ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​គិតត្រឹមវេលាម៉ោង៩និង០៨​នាទីព្រឹកថ្ងៃទី១៤ មិថុនា ២០១៦ ​សកម្មជននិងអ្នកគំាទ្រគណបក្សសង្រ្គោះជាតិ​ជាច្រើននាក់​បាននិងកំពុងឈរនិងអង្គុយ​ជួបជុំគ្នានៅ​មុខទីស្នាក់ការកណ្តាល​គណបក្សសង្រ្គោះជាតិ​(CNRP)​ ដើម្បីឃ្លំាមើលហេតុការណ៍ណាមួយ​ ខណៈពេលដែលលោក ​កឹម សុខា​ ប្រធានស្តីទី ​CNRP មិន​ទៅ​បំភ្លឺនៅតុលាការ​តាមដីកាកោះរបស់​តំណាងអយ្យការ ។

ដោយឡែក ​នៅព្រឹកថ្ងៃអង្គារដដែលនេះ​ ក្រុមកងកម្លំាងប្រឆាំងបាតុកម្មរបស់​ក្រសួងមហាផ្ទៃនិងនៅក្នុង​ខណ្ឌទំាងអស់​ទូទំាង​រាជធានី​ភ្នំពេញ​ជាច្រើនរយនាក់​ ​បាននិងកំពុងហ្វឹកហាត់សម​នៅផ្លូវ​៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការរៀបចំសណ្តាប់ធ្នាប់​និងសន្តិសុខក្នុងករណី​មានបាតុកម្មណាមួយកើតឡើង ។