មន្ត្រី​ប៉ូលិស​ចរាចរណ៍​បំភ្លឺ ការ​ផាកពិន័យ​ពីនារី​២​នាក់គ្មាន​វិក្កយបត្រ

មន្ត្រី​ប៉ូលិស​ចរាចរណ៍​បំភ្លឺ ការ​ផាកពិន័យ​ពីនារី​២​នាក់គ្មាន​វិក្កយបត្រ



ខេត្តកណ្តាល ៖ ជុំវិញ​សំណុំរឿង​មន្ត្រី​ចរាចរណ៍​ផាកពិន័យ​មិន​ព្រម​ចេញ​វិក្កយបត្រ​បង់ប្រាក់​ឲ្យ​ម្ចាស់​យានយន្ត លោក សាត គី​ម​សាន្ត ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​បំភ្លឺ​ប្រាប់​​ថា មន្ត្រី​របស់​លោក​មិន​បាន​ទទួលយក​ប្រាក់​ចំនួន​២​ម៉ឺន​រៀល​ពី​នារី​២​នាក់​ដែល​បង់ថ្លៃ​ការ​ផាកពិន័យ​ក្នុង​បទលហុ​«​មិន​ពាក់មួក​សុវត្ថិភាព​»​នោះ​ទេ តែ​នារី​នោះ​បាន​បោះ​ប្រាក់​ទៅ​លើ​តុ​រួច​ចាកចេញ​ទៅ​បាត់ រីឯ​ប្រាក់​២​ម៉ឺន​រៀល​នោះ​ក៏​ហើរ​តាម​ខ្យល់​បាត់​ភ្លាម​ៗ​ដែរ​។

លោក សាត គី​ម​សាន្ត ប្រធាន​ការិយាល័យ​ចរាចរណ៍​ខេត្ត​បំភ្លឺ​បែប​នេះ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន ខណៈ​ដែល​សំណុំរឿង​ដ៏​រសើប និង​តូចតាច​មួយ​នេះ បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​ក៏​ដូច​ជា​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ហើយ​ក៏​ចំ​ពេល​ដែល​មន្ត្រី​សវន​កម្ម​ផ្ទៃក្នុង​របស់​អគ្គស្នងការ​នគរបាល​ជាតិ កំពុង​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នានា​នៅ​ក្នុង​អង្គភាព​ចរាចរណ៍​មួយ​នេះ​ដែរ ។

លោក សាត គី​ម​សាន្ត បាន​ថ្លែង​ថា នារី​វ័យក្មេង​២​នាក់​នោះ​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ព្រះ​នារាយណ៍ ឃាត់​ផាកពិន័យ​ដោយសារ​តែ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ។

លោក​ថា បើ​តាម​ផ្លូវច្បាប់ នារី​ទាំង​២​នាក់​ត្រូវ​ផាកពិន័យ​ម្នាក់​១៥០០០​រៀល តែ​ពួក​គេ​ទាំង​២​នាក់​សុំ​បង់​ត្រឹម​២​ម៉ឺន​រៀល ហើយ​មិន​យក​វិក្កយបត្រ​បង់ប្រាក់​ទេ ។ ក្រោយ​ពី​តថ្លៃ​រួច នារី​២​នាក់​នោះ​បាន​បោះ​ប្រាក់​២​ម៉ឺន​រៀល​ទៅ​លើ​តុ រួច​នាំ​គ្នា​ដើរ​ចេញ​ទៅ​យក​ម៉ូតូ​ជិះ​បាត់​ទៅ ហើយ​ប្រាក់​នោះ​ក៏​ហើរ​តាម​ខ្យល់​បាត់​ទៅ​ដែរ ។

ការ​បកស្រាយ​របស់​លោក សាត គី​ម​សាន្ត ប្រធាន​ការិយាល័យ​ចរាចរណ៍​នេះ ហាក់​មិន​មាន​ហេតុផល​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឲ្យ​មហាជន​ទូទៅ​មានការ​ជឿជាក់​ឡើយ ។ ផ្ទុយ​ទៅ​វិញ​រឹតតែ​ធ្វើ​ឲ្យ​មាន​ច​ម្ង​ល់ និង​សំនួរ​ជា​ច្រើន​ចោទសួរ​ទៅ​កាន់​លោក ។ នៅ​ពេល​សួរ​ថា តាម​គោលដៅ​នីមួយ​ៗ​របស់​មន្ត្រី​ចរាចរណ៍ សុទ្ធតែ​មាន​ប្រធាន​ក្រុម​ដឹកនាំ​ទទួលខុសត្រូវ ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រ៉ឹ​ង និង​មានការ​ប្រយ័ត្នប្រយែង​បំផុត ចុះ​ហេតុ​អ្វី​បានជា​មន្ត្រី​អ្នក​សរសេរ​វិក្កយបត្រ​មិន​ព្រម​រាយការណ៍​ប្រាប់​ប្រធាន​ក្រុម​របស់​ខ្លួន នៅ​ពេល​នារី​២​នាក់​នោះ​បោះ​ប្រាក់​២​ម៉ឺន​រៀល​លើ​តុ​បែប​មាក់ងាយ​សមត្ថកិច្ច ហើយ​ចាកចេញ និង​មិន​ព្រមយក​វិក្កយបត្រ​ទៀត ? ត្រង់​ចំណុច​នេះ លោក សាត គី​ម​សាន្ត ហាក់​បាន​ទទួលស្គាល់​នូវ​កំហុស​របស់​មន្ត្រី​លោក ។

លោក​និយាយ​ថា នេះ​ជា​កំហុស​ដែល​មន្ត្រី​របស់​លោក​មិន​បាន​រាយការណ៍​ទៅ​ប្រធាន​ក្រុម​របស់​ខ្លួន​ពេល​ដែល​មានរឿង​នេះ​កើតឡើង ។ ដូច្នេះ​ហើយ​ទើប​មានការ​ចោទប្រកាន់​ថា មន្ត្រី​របស់​លោក​ផាកពិន័យ​ហើយ​មិន​ចេញ​វិក្កយបត្រ​បង់ប្រាក់​ដល់​ម្ចាស់​យានយន្ត​ដែល​បំពាន​ច្បាប់ ប៉ុន្តែ​បញ្ហា​នេះ​លោក​នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​ទេ ដើម្បី​រក​ឲ្យ​ឃើញ​ការ​ពិត ។

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ឧសភា​កន្លង​ទៅ មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ព្រះ​នារាយណ៍ ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ឃាត់​នារី​២​នាក់ ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ដើម្បី​ផាកពិន័យ​តាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​មន្ត្រី​ចរាចរណ៍ មិន​បាន​ផាកពិន័យ​ឬ​ចេញ​វិក្កយបត្រ​បង់ប្រាក់​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​ទៅ​នារី​២​នាក់​នោះ​ទេ បែរជា​ទារប្រាក់​២​ម៉ឺន​រៀល ហើយ​ប្រាប់​នារី​២​នាក់​នោះ​ថា «​មិនបាច់​យក​វិក្កយបត្រ​ទេ ព្រោះ​ដល់​ម៉ោង​សម្រាក​ហើយ​»​។ លុះ​នារី​២​នាក់​នោះ​ជិះ​ម៉ូតូ​ចេញ​ទៅ​ដល់​ខាង​មុខ​យោធភូមិ​ភាគ​ទី​៥ ក៏​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​នៅ​ទីនោះ​ចាប់​ផាកពិន័យ​ពួក​នាង​អស់​៣​ម៉ឺន​រៀល​មួយ​តង់​ទៀត ទើប​បែកធ្លាយ​នៅ​រឿងអាស្រូវ​នេះ​តែ​ម្ដង​ទៅ ។

នៅ​ក្នុង​ក្លិប​វី​ដេ​អូ​មួយ​ដែល​កោះសន្តិភាព​ទទួល​បាន នារី​វ័យក្មេង​ទាំង​២​នាក់​បាន​រៀបរាប់​ប្រាប់​មន្ត្រី​ចរាចរណ៍​គោលដៅ​ទី​២​ថា ពួក​នាង​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ព្រះ​នារាយណ៍​ចាប់​ផាកពិន័យ​ម្ដង​ហើយ តែ​មន្ត្រី​នោះ​មិន​ចេញ​វិក្កយបត្រ​ឲ្យ​ទេ ដោយ​ទារប្រាក់​ពី​នាង​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ មន្ត្រី​នោះ​បាន​ប្រាប់​នាង​ថា ថ្ងៃ​ល្ងាច​និង​ដល់​ម៉ោង​សម្រាក​ហើយ អ​ញ្ចឹ​ង​បង់​តែ​២​ម៉ឺន​រៀល​មក មិនបាច់​យក​វិក្កយបត្រ​ទេ ហើយ​នាង​ក៏​មិន​បាន​ទាមទារ​ដែរ ។  ប៉ុន្តែ​ពេល​នាង​សួរ​ថា ចុះបើ​អត់​មាន​វិក្កយបត្រ ពេល​នាង​ជិះ​ចេញ​ទៅ​គេ​ផាក​ទៀត​គិត​យ៉ាងម៉េច ? មន្ត្រី​នោះ​ឆ្លើយ​ថា អត់​មាន​ទេ គឺ​ដល់​ម៉ោង​សម្រាក​អស់ហើយ ។ លុះ​ពួក​នាង​ជិះ​ដល់​ខាង​មុខ​យោធភូមិ​ភាគ​ទី​៥ ស្រាប់តែ​ត្រូវ​មន្ត្រី​ច​រារ​ច​ណ៍​ចាប់​ផាក​អស់​៣​ម៉ឺន​រៀល​ទៀត តែ​ក្រុម​នេះ​បាន​ចេញ​វិក្កយបត្រ​ផាកពិន័យ​ត្រឹមត្រូវ ។

សូម​បញ្ជាក់​ដែរ​ថា ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្តបាត់ដំបង បាន​បែងចែក​កម្លាំង​ជា​ច្រើន​គោលដៅ​ក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់​ក៏​ដូច​ជា​ការ​ចុះ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ជើង​គោក​។ ការ​ចុះ​អនុវត្ត​ច្បាប់​នេះ បើ​តាម​មន្ត្រី​ចរាចរណ៍​បាន​ប្រាប់​ថា ក្រសួងមហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ផាកពិន័យ​លើ​យានយន្ត ឬ​អ្នកដំណើរ​ដែល​មិន​គោរព​ច្បាប់​នៅ​នឹង​កន្លែង​គោលដៅ​ទេ គឺ​តម្រូវ​ឲ្យ​មន្ត្រី​ជំនាញ​ចេញ​វិក្កប​ត្រ​ផាកពិន័យ​ឲ្យ​ទៅ​ម្ចាស់​យានយន្ត ឬ ពលរដ្ឋ​ដែល​ប្រព្រឹត្ត​ខុស​កាន់​វិក្កយបត្រ​នោះ​ទៅ​បង់ប្រាក់​ផាកពិន័យ​ដោយ​ខ្លួនឯង​នៅ​ការិយាល័យ​ចរាចរណ៍ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​តែ​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​លួច​បន្លំ​ទារប្រាក់​ផាកពិន័យ​ក្រៅ​ផ្លូវច្បាប់​ដដែល ។ លុះ​មានការ​បែកធ្លាយ​នូវ​រឿង​ពុក​រលួយ​នេះ បែរជា​គេចវេះ​មិន​ទទួលខុសត្រូវ ហើយ​ព្យាយាម​ទម្លាក់​កំហុស​នេះ​ទៅ​លើ​ពលរដ្ឋ​ទៅ​វិញ ។ ដូច​ជា​ករណី​ខាងលើ​នេះ​ជាដើម គឺ​ខុស​តែ​ប្រជាពលរដ្ឋ រីឯ​មន្ត្រី​ខិលខូច​នៅ​តែ​អាច​រួចខ្លួន​រហូត ។

ទាក់ទិន​នឹង​រឿងអាស្រូវ​នៅ​ក្នុង​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​ខេត្ត​ខាងលើ​នេះ​ដែរ បើ​តាម​ប្រភព​ពី​មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​សវន​កម្ម​ផ្ទៃក្នុង​របស់​អគ្គស្នងការ​នគរបាល​ជាតិ​មួយ​ក្រុម កំពុង​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ឯកសារ​មួយ​ចំនួន​នៅ​ក្នុង​ការិយាល័យ​នេះ ដែល​គេ​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី ។

ប្រភព​ក្រៅផ្លូវការ​ដដែល​នេះ​បាន​បញ្ជាក់​ថា គោលដៅ​នៃ​ការ​ត្រួតពិនិត្យ​របស់​មន្ត្រី​សវន​កម្មនេះ គឺ​សំដៅលើ​ក្បាល​ប័ណ្ណ​ផាកពិន័យ​ដែល​បាន​ធ្វើ​កន្លង​មក ហើយ​ត្រូវ​សង្ស័យ​ថា មិន​ប្រក្រតី​ដោយសារ​ការ​កែ​បន្លំ តែ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ ៕