អកតញ្ញូ​ណាស់ ! កូនប្រុស​ទាញ​ពូថៅ​កាប់​​ឪពុក​របួសធ្ងន់

ខេត្តកំពត ៖ កូន​អកតញ្ញូ​ម្នាក់​បាន​ទាញ​ពូថៅ​កាប់​ឪពុក​របស់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដោយសារ​ទំនាស់​រឿង​ឪពុក​លក់​មាន់​១​ក្បាល​យក​លុយ​ជួសជុល​ម៉ូតូ​មិន​បាន​ប្រាប់ ។ អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ។

នគរបាល​សង្កាត់​អណ្ដូង​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​កូន​អកតញ្ញូ​ឈ្មោះ ហេង វិបុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ចំណែក​ឪពុក​រង​គ្រោះ​ឈ្មោះ ហេង សម្បត្តិ អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

នគរបាល​សង្កាត់​អណ្ដូង​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា រសៀល​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​មាន់​ជល់​១​ក្បាល​លក់​យក​លុយ​ដើម្បី​ជួសជុល​ម៉ូតូ​ដោយ​មិន​បាន​ប្រាប់​កូនប្រុស​របស់​ខ្លួន​ឲ្យ​ដឹង​ឡើយ ។ លុះ​ពេល​យប់​កូនប្រុស​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ដឹង​ថា ឪពុក​យក​មាន់​ជល់​របស់​ខ្លួន​លក់​ក៏​កើតជា​ជម្លោះ​ពាក្យ​សម្តី​គ្នា ។ ជម្លោះ​ពាក្យ​សម្តី​កាន់តែ​ខ្លាំង​ឡើង​ៗ​រហូត​កូនប្រុស​អកតញ្ញូ​ទាញ​ពូថៅ​កាប់​ត្រូវ​ដៃ​របស់​ឪពុក​របួសធ្ងន់ ហើយ​ព្យាយាម​ដេញ​កាប់​បន្ថែម​ទៀត​តែ​តាម​កាប់​មិន​ទាន់ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​វាយ​បំផ្លាញ​ពាងទឹក​ដើម្បី​រំសាយកំហឹង​ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យទាំង​យប់ លុះ​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​ឆ្នាំ​ដដែល​ក៏​នាំ​គ្នា​មក​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​កូន​អកតញ្ញូ​រូប​នេះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕