តាម​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ ទៅ​ប្រទះឃើញ​កាំបិត ​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ជាច្រើន​ដើម​

តាម​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ ទៅ​ប្រទះឃើញ​កាំបិត ​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ជាច្រើន​ដើម​



បាត់ដំបង​ ៖ ​រយៈពេល​២​ថ្ងៃ​ ដែល​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​តាម​ក្រសោប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដែល​មាន​លំនៅឋាន​ផ្សេងៗ​ពី​គ្នា​ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន ដោយ​ដក​ហូត​បាន​នូវ​សារធាតុ​ញៀន​មួយ​ចំនួន និង​បាន​ប្រទះ​ឃើញ​នូវ​កាំបិត ​កាំភ្លើង​ខ្យល់​ និង​ដាវ​សាំម៉ូរ៉ៃ​ជាច្រើន​ដើម​ថែម​ទៀត។

បើ​តាម​សេចក្ដីរាយការណ៍​ពី​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៦ ក្រោយពី​ទទួល​បាន​នូវ​ព័ត៌មាន​ស្ដីពី​ករណី​ចែកចាយ​គ្រឿងញៀន ​ដែល​កំពុងតែ​ប្រព្រឹត្ត​ជាក់ស្ដែង​រួចមក ទើប​កម្លាំង​បាន​ចេញ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ព្រមទាំង​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​ ឈ្មោះ​តាក់ ចាន់ថា​ ហៅ​ព្រើត​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ រស់នៅ​ត្រង់​ចំណុច​ខាង​លើ ​ព្រម​ទាំង​បាន​ដកហូត​នូវ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន១កូន​ថង់ ដែល​ស្មើនឹង​ទម្ងន់​០,៧១​ក្រាម។

ក្រោយពី​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​រូប​នេះ​ទៅកាន់​ការិយាល័យ​ ដើម្បី​ធ្វើការ​សាកសួរ​ទៅតាម​នីតិ​វិធី​រួចមក ទើប​កម្លាំង​ជំនាញ​បាន​ទទួល​ចម្លើយ​សារភាព​ទាំង​ស្រុង។ នៅ​ថ្ងៃ​ទី​១២​ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា នួន សាន​ ដើម្បី​បន្ត​តាម​ឃាត់ខ្លួន​មុខសញ្ញា​ទី​២ទៅតាម​ការ​សារភាព​របស់​ជនសង្ស័យ​ខាងលើ។

ជំហាន​ទី​ពី២​នេះ គឺ​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក សមត្ថកិច្ច​បាន​ចុះទៅ​កាន់​ចំណុច​ភូមិ​ប៉ោយ​ស្វា​យ ឃុំ​តា​គ្រាម ស្រុក​បាណន់ ដោយ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ម្នាក់​បន្ថែម​ទៀត ដែល​ជន​នេះ​មាន ឈ្មោះ សេង សុខា​ល័យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ព្រមទាំង​បាន​ដកហូត​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១ថង់​តូច ស្មើនឹង​ទម្ងន់ ៤ ក្រាម ឧបករណ៍​ប្រើប្រាស់ និង​ទុក​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម កាំបិត​វែង​១​ដើម ដែក​ចំពុះទុង​កាំភ្លើង​១​ដើម កាំភ្លើង​ខ្យល់​ច្នៃ​បាញ់​គ្រាប់​កង់​ចំនួន​១​ដើម និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង។

ក្រោយពី​បាន​ដកហូត​នូវ​វត្ថុ​តាង ព្រម​ទាំង​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជា​បន្តបន្ទាប់​រួចមក​ ការិយាល័យ​ជំនាញ​បាន​និង​កំពុង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ខ្លួន​ជន​ទាំងនេះ​ទៅកាន់​តុលាការ​ហើយ៕