ករណី​​យក​ប្រាក់​ជា​ថ្នូរ​ហ៊ាន​ឲ្យ​ឡាន​ដឹក​លើស​ទម្ងន់​បើក​ចេញ ក្រសួង​សូម​ឲ្យ​រាយការណ៍​

រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ លោក​ស៊ុន ចាន់​ថុល ចង់​ឲ្យ​សាធារណជន​ទាំង​អស់​ចូល​រួម​រាយការណ៍​ចំពោះ​​ករណី ឬ​ឈ្មោះ​មន្ត្រី​ណា​ដែល​ហ៊ាន​បណ្ដោយឲ្យ​ឡាន​ដឹក​លើស​ទម្ងន់ ​ចរាចរណ៍​លើ​ផ្លូវ​ជា​ថ្នូ​នឹង​លុយ​កាក់ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ដឹក​ជញ្ជូន​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ។

 

កន្លង​មក​តែង​មាន​ការ​រិះ​គន់​ថា នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត មាន​ការ​ប្រព្រឹត្ត​បទល្មើស​អនុញ្ញាត​ឲ្យ​ឡាន​ដែល​ដឹក​លើស​ទម្ងន់​បើក​ចេញ​ដោយ​យក​ប្រាក់​ជា​ថ្នូរ​ ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​​ខូច រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ច្រើន​ដើម្បី​ជួស​ជុល ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាន់​តែ​កើន​ឡើង​ទៀត​ផង។​

 

លោក ថា បើ​សិន​ជា​រក​ឃើញ​មាន​ការ​ឃុប​ឃិត​បែប​នេះ​មែន សាធារណជន​ទាំង​អស់​អាច​ផ្ដល់​ព័ត៌មាន​ទៅ Facebook របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ឬ​ Inbox របស់​ក្រសួង​តែ​ម្ដង​ក៏​បាន។

 

វី​ដេ​អូ៖

 

 

គួរ​រំលឹក​ថា កន្លង​មក​មាន​គុណ​វិបត្តិ​ឧបករណ៍​ជញ្ជីង​ចល័ត​យក​ទៅ​ប្រើ​ប្រាស់​ចេញ​ជា​បាតុភាព​អសកម្ម​គ្រប់​បែប​យ៉ាង​រហូត​ធ្វើ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​លុប​ចោល​ឈប់​ឲ្យ​ប្រើ ដោយ​នៅ​តែ​ជញ្ជីង​អ​ចល័ត៕

 

អត្ថបទ៖ លឹម សុ​នា