​តារា​​ K-pop 4Minute អាច​នឹង​រំសាយ​នៅ​ចុងខែ​នេះ

តារាចំរៀង​​កូរ៉េ ក្រុម K-pop 4Minute ដែល​លោក​​អ្នក​បាន​ស្គាល់​ដោយសារ​​បទ  «Hot Issue» និង «Huh» អាច​​នឹង​រំសាយ​ក្រុម ​បន្ទាប់​ពី​កុងត្រា​​របស់ពួក​គេ ​ត្រូវ​បាន​បញ្ចប់​ចុងខែ​​នេះ​ ។

បើ​​តាម​ដំណឹង​របស់​ក្រុមហ៊ុន​​ផលិតកម្ម Cube Entertainment ដែល​ជា​ម្ចាស់​ផលិតកម្ម​របស់​ក្រុម​តារា​ស្រី​ទាំង​៥​រូប​នេះ​ បានឱ្យ​ដឹង​​ថា គេ​នឹង​បញ្ចប់​កុងត្រា​​របស់​ក្រុម​តារា​ស្រី 4Minute នៅ​ចុង​ខែ​នេះ លើកលែងតែតារា​ស្រី HyunA ដែល​ជា​សមាជិក​មួយ​​រូប​ក្នុង​ក្រុម ដែល​ត្រូវ​ឱ្យ​​បន្ត​កុងត្រា​របស់​ខ្លួន ​។

រីឯ​សមាជិក​៤​រូប​ទៀត ​ដែល​ក្នុង​នោះ​មាន Jeon Ji-yoon, Heo Ga-yoon, Kwon So-hyun  និង Nam Ji-hyun  គឺ​ស្ថិត​ក្នុង​ស្ថានភាព​ពិចារណា​នៅឡើយ​ថា​ គួរតែ​បន្ត ឬ​បញ្ឈប់​។

យើង​ឃើញ​ថា​ មាន​តែ HyunA ទេ​ ដែល​អាច​បន្ត​អាជីព​របស់​ខ្លួន​ ជា​អ្នកចំរៀង​ទោល (Solo Singer) ហើយ​គេ​នឹង​បញ្ចេញ​អាល់​ប៊ុ​ម​ថ្មី​របស់​គេ​ នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​​នេះ​។

គួរ​រំលឹក​ឡើង​វិញ ក្រុម​តារាចំរៀង​K-pop 4Minute​ នេះ បាន​ចេញ​អាល់​ប៊ុ​ម​ដំបូង​នៅ​ឆ្នាំ​២០០៩ ដែល​មាន​ចំណងជើង​ថា «Hot Issue» ​។ ពិតប្រាកដ​​ណាស់ បទ​​នេះ​ត្រូវ​បាន​ស្ដាប់ ​និង​គាំទ្រយ៉ាង​ពេញទំហឹង​ ដោយ​ប្រិ​យ​មិត្ត​ក្នុង​ស្រទាប់​​យុវវ័យ ​។