ថ្ងៃក្រោយ​ឲ្យ​រាង កុំរ​ពិស​ដៃ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​ទ្រម​ខ្លួន​បន្ទាប់​ពី​បានឃើញ​ម៉ូតូ​គេ​ទុក​ចោល​ក៏​បណ្ដើរ​លួច​ចេញ​ទៅ​តែ​ត្រូវ​ម្ចាស់​តាម​ទាន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ជន​២​នាក់​កំពុង​តែ​បណ្ដើរ​ម៉ូតូ​១​គ្រឿង ម៉ាក​ឆា​លី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នោះ​មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ។ ពេល​នោះ​ម្ចាស់​ម៉ូតូ​បាន​ឆោឡោ​បាត់​ម៉ូតូ​ដែល​ទុក​នៅ​មុខ​ផ្ទះ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​បាន​និង​កំពុង​តែ​បណ្ដើរ​ម៉ូតូ​បំណង​លួច​យក​ទៅ​ក៏​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ទៅ​បាត់ ។

បើ​តាម​សម្ដី​របស់​ជនសង្ស័យ​ឈ្មោះ ហែម រ៉ា​យ៉ា អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ប្រាប់​ថា រូបគេ​ទើបតែ​ចេញពី​លេង​អ៊ិ​ន​ធើ​រ​ណេ​ត​នៅ​ម្ដុំ​ស្ពាន​អាកាស​៧​មក​រា​ហើយ​បំណង​ដើរ​ត្រលប់​មក​ផ្ទះ​វិញ ពេល​ដើរ​កាត់​កន្លែង​កើតហេតុ​ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿង​ខាងលើ​ម៉ាក ឆា​លី ពណ៌​ស គ្មាន​ស្លាក​លេខ ទុក​មុខ​ផ្ទះ​ចោល ដោយ​មិន​ចាក់សោ ពេល​នោះ​មាន​បក្សពួក​របស់​គេ​ម្នាក់​បានឲ្យ​​គេ​បណ្ដើរ​យក​ម៉ូតូ​នេះ​ចេញ​ទៅ​បំណង​លក់​យក​លុយ​ចែក​គ្នា ក៏​ត្រូវ​បាន​ប្រជាជន​នៅ​ម្ដុំ​នោះ​សាកសួរ និង​ត្រូវ​បាន​ម្ចាស់​តាម​ទាន់​ហើយ​ក៏​បាន​ទទួល​រាក់ទាក់​ម្នាក់​មួយ​ដៃ​មួយ​ជើង គាប់​ជួន​ពេល​នោះ​បក្សពួក​របស់​ជនសង្ស័យ​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់ ទុក​តែ​ជនសង្ស័យ​នៅ​នឹង​កន្លែង​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕