តំណាងរាស្ត្រ​អាមេរិក​ជំរុញ​ឲ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

សមាជិក​សភា​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និយម ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  កំពុង​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់​មួយ​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក អាឡាន់ ឡូវ៉ិនថល ដែល​មាន​វត្តមាន​នៅ​ក្នុង​បាតុកម្ម​របស់​ខ្មែរ-​អាមេរិក នៅ​មុខ​អគារ​រដ្ឋ​សភា​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​សុក្រ ទី​១០ មិថុនា អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថ្កោលទោស​គ្រប់​ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ខាង​ផ្នែក​នយោបាយ ដាក់​ទណ្ឌកម្ម​កម្ពុជា ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​កំពុង​កើត​មាន​ឡើង ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​ខាង​សារព័ត៌មាន សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ ការ​ធ្វើ​បាតុកម្ម ការ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​គាំទ្រ​ការ​កែទម្រង់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ។

លោក អាឡាន់ ឡូវ៉ិនថល៖ «យើង​ជំរុញ​អោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​ការ​យាយី ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គណបក្ស​ប្រឆាំង។ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ខាង​ផ្នែក​នយោបាយ​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ហើយ​អនុញ្ញាត​អោយ​ពួកគេ​វិល​មក​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​វិញ ហើយ​គោរព​បរិយាកាស​ប្រជាធិបតេយ្យ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង»

ជាង​នេះ​ទៅ​ទៀត លោក អាឡាន់ ឡូវ៉ិនថល ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​អស់​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​របស់​ពួកគេ​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដើម្បី​ឲ្យ​បាន​ក្លាយ​ទៅ​ច្បាប់​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។