ពលរដ្ឋ​មាន​ទំនាស់​ដី​៦៥​គ្រួសារ​នៅ​ស្រុក​រុក្ខគិរី​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ប្រមាណ ១៥​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៦៥​គ្រួសារ នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ទាមទារ​ឲ្យ​​អាជ្ញាធរ​ប្រគល់​ដី​របស់​ពួកគាត់​ដែល​ធ្លាប់​​កាន់កាប់​​ក្នុង​សហគមន៍​ព្រៃត្រឡាច យក​មក​​ដាំដុះ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។

អ្នក​ភូមិ​​អះអាង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង ចុះ​រុះរើ​ផ្ទះ​របស់​ពួកគាត់​អស់ ១៣​ខ្នង និង​ដក​ហូត​ដី​​ដែល​បាន​ដាំដុះ​នៅ​ក្នុង​ព្រៃ​សហគមន៍ ​ដោយ​ពុំ​មាន​ផ្ដល់​សំណង​នៅ​ឡើយ។

ពលរដ្ឋ​នៅ​ស្រុក​​រុក្ខគិរី សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ថា​គ្មាន​វិធានការ​ច្បាស់​លាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់។

តំណាង​ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ស្រះថត ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី អ្នកស្រី ហើស សុឃុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ក្រោម​ដើម​ពោធិ៍ ខាង​កើត​របង​​​​សាលា​ខេត្ត​បាត់ដំបង​ថា មូលហេតុ​ដែល​ពួកគាត់​នាំ​គ្នា​តវ៉ា ដោយសារ​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​​​ពួកគាត់​ជិត​មួយ​ឆ្នាំ​ហើយ​ តែ​ពុំ​ទទួល​បាន​លទ្ធផល​ឡើយ។

អ្នកស្រី​អះអាង​​ថា​ ពួកគាត់​ប្រមាណ ៦៥​គ្រួសារ​ដាំដុះ​នៅ​​លើ​ទំហំ​ជិត ២០០​ហិកតារ​ នៅ​ឃុំ​ព្រៃត្រឡាច​ តាំង​ពី​ឆ្នាំ​២០១១ មក គឺ​នៅ​មុន​ការ​​បង្កើត​សហគមន៍​ព្រៃឈើ ឃុំ​ព្រៃត្រឡាច ទៅ​ទៀត។អ្នកស្រី​ស្នើ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ប្រគល់​ដី​ប្រមាណ ២០០​ហិកតារ​​ដែល​សមត្ថកិច្ច​ចម្រុះ​បាន​ដក​ហូត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​​ ឲ្យ​ពួកគាត់​យក​ទៅ​ដាំដុះ​ឲ្យ​បាន​ឆាប់រហ័ស៖ «កាល​ដែល​សមត្ថកិច្ច​ចុះ​រុះរើ​​បំផ្លាញ​ផ្ទះ​របស់​ពួក​ខ្ញុំ​ យើង​បាន​អង្វរ​សមត្ថកិច្ច​សុំ​ទុក​តែ​រោង​មួយ​សម្រាប់​ជ្រក​ក៏​មិន​ព្រម​ដែរ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់​ទង​អភិបាល​ខេត្ត​បាត់ដំបង គឺ​លោក ច័ន្ទ សុផល​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា។ ប៉ុន្តែ​អភិបាល​ស្រុក​រុក្ខគិរី លោក ពេជ្រ ម៉ាឡៃ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​​នឹង​ចុះ​ស្រាវជ្រាវ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ក្នុង​សប្ដាហ៍​នេះ៖ «បើ​ពួកគាត់​រស់​នៅ​មុន​បង្កើត​សហគមន៍​ព្រៃ​ឈើ យើង​នឹង​ដោះ​ស្រាយ​ជូន​ពួកគាត់។ ចំពោះ​បងប្អូន​ដែល​រស់​នៅ​ថ្មី​ យើង​បាន​អំពាវនាវ​ឲ្យ​ពួកគាត់​ចាក​ចេញ​ដោយ​មិន​អាច​ផ្ដល់​ដី​ជូន​ឲ្យ​គ្រួសារ​ណា​មួយ​បាន​ទេ»

​​​​​​​​​​​​​​​ទោះ​បី​យ៉ាង​នេះ​ក្ដី​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់សំគាល់​ថា​ អាជ្ញាធរ​ដោះស្រាយ​រឿង​ទំនាស់​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី​ កន្លង​មក​ ហាក់​យឺតយ៉ាវ និង​មិន​ដំណើរ​ការ​ទៅ​មុខ​ឡើយ។

លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​តវ៉ា​ដោយសារ​ពួកគាត់​ជួប​ការ​លំបាក ហើយ​​គ្មាន​ជម្រើស​ដែល​ប្រសើរ​ជាង​នេះ៖ «គំរូ​អាក្រក់​នេះ​ គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ឃើញ​មន្ត្រី​ទៅ​ចាប់​ដី​រស់​នៅ​ក្នុង​សហគមន៍​ព្រៃឈើ​នោះ​បាន ហើយ​ពួកគាត់​ក៏​នាំ​គ្នា​ទៅ​រស់​នៅ​ទី​នោះ​ដែរ។ តែ​សមត្ថកិច្ច​​ចាត់​វិធាន​ការ​តែ​ពលរដ្ឋ​ទន់ខ្សោយ​ ចំណែក​ឯ​មន្ត្រី​មាន​អំណាច​រស់​នៅ​បាន​ដោយ​សេរី»

កាល​​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ មន្ត្រី​ជំនាញ​ខេត្ត​បាត់ដំបង​ បាន​ដឹក​នាំ​កម្លាំង​ចុះ​​រុះរើ និង​ដុត​​​ផ្ទះ​របស់​ពលរដ្ឋ​អស់​​ជាង ១០​ខ្នង ​និង​រោង​ស្នាក់​អាស្រ័យ​ចំនួន ៣០​ខ្នង​ ដែល​បាន​សាងសង់​នៅ​តំបន់​ព្រៃ​សហគមន៍​នោះ។ ក្រោយ​មក​ប្រជាពលរដ្ឋ​បាន​តវ៉ា​​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។ បន្ទាប់​ពី​ពលរដ្ឋ​តវ៉ា​ប្រមាណ ២​ម៉ោង មន្ត្រី​សាលា​ខេត្ត​បាត់ដំបង​ បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ចំនួន ២​នាក់​ ចូល​ជួប​ពិភាក្សា​នៅ​ក្នុង​សាលា​ខេត្ត​ជាង​កន្លះ​ម៉ោង​ ហើយ​​ឲ្យ​ពួកគាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​​សន្យា​​ប្រាប់​អ្នក​ភូមិ​ថា​ នឹង​ចុះ​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕