គណៈកម្មការស្រាវជ្រាវ​និងពិនិត្យស្នាមមេដៃ​រកឃើញភាពមិនប្រក្រតី

រាជធានីភ្នំពេញ ៖​ ការធ្វើកោសល្យវិច័យស្នាមមេដៃលើញ្ញត្តិរបស់​គណបក្សសង្រ្គោះជាតិ​ដាក់ថ្វាយព្រះមហាក្សត្រ​បានពិនិត្យ​ចំនួន​៣០%​ហើយ ​​ក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺននាក់ ​ហើយលទ្ឋផលតាមរយៈការធ្វើកោសល្យ​វិច័យ​ស្នាមមេដៃ​ចំនួន​៣០%នេះ រកឃើញថា​មានភាពមិនប្រក្រតី​ ដូចជាស្នាមមេដៃតែមួយផ្តិត​នៅលើឈ្មោះច្រើននាក់ ​ស្នាមមេដៃខ្លះទៀត​មិនមាន​អត្តសញ្ញាណ​ច្បាស់លាស់​ និងខ្លះទៀតមិនមានការ​បញ្ជាក់អាសយដ្ឋានជាដើម ។

នេះបើយោងតាមអនុប្រធាន​គណៈកម្មការស្រាវជ្រាវ ​និង ធ្វើកោសល្យវិច្ច័យស្នាមមេដៃ ​និងជាអគ្គស្នងការរងនគរបាលជាតិ លោក​ឧត្តមសេនីយ៍ ​កង ​សាខន​ ដែលបា្រប់ក្រុមអ្នកកាសែត​ក្រោយការពិនិត្យនៅព្រឹកថ្ងៃទី១៤ ​មិថុនា ២០១៦ ​ដោយមាន​ការចូលរួម​ពី​លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនករបាលជាតិប្រធានគណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច្ច័យ​ស្នាមមេដៃផងដែរ ។

មកដល់ម៉ោង១១និង៥៥នាទី​ថ្ងៃត្រង់ថ្ងៃអង្គារដដែលនេះ ​មិនទាន់មានប្រតិកម្មតបភ្លាមៗ​នៅឡើយទេ​ ពីមន្រ្តីជាន់ខ្ពស់គណបក្ស​សង្រ្គោះ​ជាតិ ​ជុំវិញលទ្ឋផលបឋម​ដែលរកឃើញដោយគណៈកម្មការស្រាវជ្រាវ ​​និង ​ធ្វើកោសល្យវិច្ច័យ​ស្នាមមេដៃខាងលើនេះ ៕