សាលាបឋមសិក្សា​មាន​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ជាក់ស្តែង​ និពន្ធដោយ : VOA       June-14-2016, 11:39 am         67

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សាលាបឋមសិក្សា​មាន​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ជាក់ស្តែង​VIRGINIA ៖ ពិន្ទុ​សូន្យ​មិនមែនជា​ពិន្ទុ​ល្អ​ក្នុងពេល​ប្រឡង​នៅ​សាលារៀន​ឡើយ ប៉ុន្តែ​សាលាបឋមសិក្សា​មួយ​ឈ្មោះថា Discovery បែរ​ជាមាន​មោទនភាព​ចំពោះ​ការ​មាន​"​សំណល់​ពិន្ទុ​សូន្យ​"​របស់ខ្លួន​ទៅវិញ​។ សំណល់​ពិន្ទុ​សូន្យ​សម្រាប់​អគារ​សាលារៀន មានន័យថា សាលារៀន​នោះ​អាច​ផលិត​បរិមាណ​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​នៅនឹងកន្លែង ស្មើនឹង​បរិមាណ​ថាមពល​ដែល​សាលារៀន​នោះ​ប្រើប្រាស់​។
សាលាបឋមសិក្សា Discovery គឺ​សាលាបឋមសិក្សា​ដែលមាន​"​សំណល់​ពិន្ទុ​សូន្យ​"​ដំបូង​នៅ​រដ្ឋ Virginia និង ជា​សាលាបឋមសិក្សា​ធំ​បំផុត​នៅ​តំបន់​មជ្ឈិម​អា​ត្ល​ង់​ទិ​ក​។ លោកស្រី Faiza Elmasry រៀបរាប់ថា ទិដ្ឋភាព​ច្នៃ​បង្កើត​ថ្មី​នៅ​អគារ​សាលារៀន​នេះ នឹង​ប្រែក្លាយ​សាលា​ទៅជា​ឧបករណ៍​បង្រៀន ឬ​ជា​មន្ទីរពិសោធន៍​បើកទូលាយ​ដែល​កូនសិស្ស​ត្រូវតែ​រៀនសូត្រ​ពី​វិទ្យាសាស្ត្រ និង​និរន្តរភាព​។


​សាលាបឋមសិក្សា Discovery ពិតជា​ស័ក្តិសម​ទៅនឹង​ឈ្មោះ​របស់​វា​។ សាលា​នេះ​មាន​រាប់​ចាប់ពី​អាហារ​ដ្ឋា​ន​ដែល​កូនសិស្ស​ប្រើ​ជញ្ជីង​វាស់​លើ​បរិមាណ​កាកសំណល់​អាហារ រហូតដល់​ប្រតិទិន​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដែល​ភ្ជាប់​នឹង​សាលា ដែល​អាច​ប្រាប់​កូនសិស្ស​ពី​ពេលវេលា និង​ការ​សម្គាល់​នៃ​ការប្រែប្រួល​រដូវ​កាល​។​

​លោក Greg Rusk អ្នកសម្របសម្រួល​បច្ចេក​វិទ្យា​សម្រាប់​បង្ហាត់បង្រៀន​រប​ស់​សាលាបឋមសិក្សា Discovery នេះ និយាយថា បន្ទះ​សូ​ឡា​ប្រហែល​១.៧០០​បន្ទះ​នៅលើ​ដំបូល​អគារ​សាលារៀន បាន​ផលិត​ថាមពល​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​សាលារៀន​ទាំងមូល​។​

«​ថាមពល​ទាំងនោះ ត្រូវបាន​បំប្លែង​ទៅជា​ចរន្តអគ្គិសនី​ផ្សេងទៀត ហើយ​ចរន្ត​នេះ​ត្រូវ​រក្សាទុក​នៅ​កន្លែង​ស្តុក​និង​ផ្គត់ផ្គង់​អគ្គិសនី​រួម បន្ទាប់មក​យើង​នឹង​ទាញយក​អគ្គិសនី​នោះ​ទៅ​ប្រើពេល​ត្រូវការ​ប្រើប្រាស់​។ គោលដៅ​ដែល​យើង​ចង់បាន គឺ​សំណល់​ពិន្ទុ​សូន្យ មានន័យថា​យើង​ផលិត​ថាមពល​អគ្គិសនី​តែ​ក្នុង​បរិមាណ​មួយ​ដែល​យើង​ត្រូវការ​ដើម្បី​ប្រើប្រាស់​ប៉ុណ្ណោះ​។ ប៉ុន្តែ ក្រុម​ស្ថាបត្យករ និយាយថា ពួកគេ​រចនា​អគារ​បែបនេះ គឺ​ដើម្បី​បង្កើត​សំណល់​លេខ​វិជ្ជមាន ដែល​យើង​សង្ឃឹមថានឹង​អាច​ឲ្យ​យើង​ផលិត​ថាមពល​អគ្គិសនី​កាន់តែច្រើន​»​។​

​លោក Rusk និយាយថា ជញ្ជាំង​អគារ​ជាង​មួយ​ភាគបី​ធ្វើ​ពី​កញ្ចក់ គឺ​ដើម្បី​អាច​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​ឲ្យ​បាន​ក្នុង​កម្រិត​អតិបរមា និង​មាន​បង្កប់​បំពង់​ពន្លឺព្រះអាទិត្យ​នៅលើ​ពិ​ដាន ដែល​បញ្ជូន​ពន្លឺ​ទៅ​ផ្នែក​សំខាន់ៗ​នៃ​អគារ​។ អំពូល​ពន្លឺ LED ដែល​អាច​ភ្លឺ​បានល្អ ត្រូវបាន​ដាក់​នៅ​ទី​ដែល​ពន្លឺព្រះអាទិត្យ​មិនអាច​ទៅដល់​។ ពិ​ដាន​នេះ​មាន​បន្ទះ​ស្រូប​សំឡេង គឺ​ដើម្បី​កាត់បន្ថយ​ការបំពុល​ដោយ​សំឡេង​»​។​

«​សាលារៀន​នេះ ស្ថិតនៅ​កណ្តាលវាល ដែល​អាចបង្កើត​ឲ្យ​មានការ​ឡង​សំឡេង​ជាច្រើន​។ ដូច្នេះ​ដើម្បី​បង្ការ គេ​ត្រូវដាក់​បន្ទះ​ជាច្រើន​នៅ​ពិ​ដាន​ដើម្បី​អាច​ស្រូប​សំឡេង​បាន​ខ្លះ និង​អាច​ឲ្យ​កូនសិស្ស​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការរៀនសូត្រ​»​។​

​ថ្នាក់រៀន​នីមួយៗ មាន​តុ​គ្រូ និង​តុ​សិស្ស​ដែលមាន​សណ្ឋាន​ប្លែកៗ​ពីគ្នា ហើយ​ការរៀបចំ​កៅអី​មាន​របៀប​ផ្សេងៗ​គ្នា​។​

«​ថ្នាក់រៀន​មួយចំនួន​មាន​កៅអី​ចល័ត ហើយ​ថ្នាក់រៀន​ខ្លះទៀត​មាន​កៅអី​រ៉ឺ​ស័​រ​។ របៀប​រៀប​កៅអី​គឺ​ទៅតាម​ជម្រើស​របស់​កូនសិស្ស ឬ​តាម​ជម្រើស​គ្រូបង្រៀន​។ ខ្ញុំ​គិតថា របៀប​រៀប​បែបនេះ នឹង​ជំរុញ​ទឹកចិត្ត​គ្រូបង្រៀន និង​កូនសិស្ស​ប្រើប្រាស់​បរិវេណ​ផ្ទាល់ខ្លួន​សម្រាប់​ការរៀនសូត្រ​»​។​

​បន្ថែម​លើ​ការ​រចនា​ដែល​មិន​ធ្វើ​តាមបែប​ប្រពៃណី​នេះ សាលាបឋមសិក្សា Discovery ក៏មាន​ឧបករណ៍​សម្រាប់​រំអិល​ខ្លួន​ចុះ​ដែល​កូនសិស្ស​អាច​ប្រើ​ដើម្បី​សម្រូត​ចុះទៅ​ជាន់​ក្រោម ជំនួស​ឲ្យ​ការប្រើ​ជណ្តើរ​។​
«​ការ​រចនា​អគារ​បែបនេះ ជាការ​រៀបចំ​ដែលមាន​លក្ខណៈ​តាម​លំដាប់​ខ្សែបណ្តោយ ហើយ​កូនសិស្ស​តែងតែ​និយាយ​អំពី​រឿងនេះ​នៅពេល​ពួកគេ​នៅក្រៅ​សាលារៀន​។ វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃលក្ខណៈ​ពិសេស​របស់​សាលារៀន​នេះ​ផ្ទាល់​»​។​

​ការ​រចនា​អគារ​បែបនេះ មិន​គ្រាន់តែ​ជួយ​សន្សំសំចៃ​ថាមពល​ទេ វា​ថែមទាំង​ផ្តល់នូវ​ទស្សនវិជ្ជា​បែប​អប់រំ​ផងដែរ​។​

«​អគារ​បើកទូលាយ​បែបនេះ នឹង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​កូនសិស្ស​ធ្វើការ​ជាមួយគ្នា​។ ប្រសិនបើ​អ្នក​ដក​បច្ចេកវិទ្យា​ទាំងអស់នោះ​ចេញ ពួកគេ​នៅតែ​ធ្វើការ​រួមគ្នា ហើយ​នោះ​គឺជា​គន្លឹះ​សម្រាប់​ភាពជោគជ័យ​សកល​។ ខ្ញុំ​គិតថា យើង​ត្រូវតែ​បន្ត​ការធ្វើ​បែបនេះ និង​ចាត់ទុក​វា​ជា​គោលបំណង​សម្រាប់​អប់រំ​មួយ​»​។​

​អ្នកស្រី Erin Russo នាយក​សាលាបឋមសិក្សា Discovery ក៏បាន​យល់ស្រប​បែបនេះ​ដែរ​។ អ្នកស្រី​និយាយថា​៖
«​សាលាបឋមសិក្សា​នេះ មិនមែន​គ្រាន់តែ​ជា​អគារសិក្សា​ដែល​កូនសិស្ស​មក​រៀន​រាល់ថ្ងៃ​ទេ វា​ក៏​ជា​អគារ​ដែល​កូនសិស្ស​អាច​សិក្សា​ស្វែងយល់​ពី​វា​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។ គ្រប់​ជ្រុង គ្រប់​ច្រក​ផ្លូវ សុទ្ធតែជា​ឱកាស​សម្រាប់​ការរៀនសូត្រ​។ ជាក់ស្តែង ក្រុម​កូនសិស្ស​រៀន​ថ្នាក់​ទី​៥ របស់​យើង បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​ទិដ្ឋភាព​មួយ​នៃ​និរន្តរភាព​របស់​អគារ​នេះ ហើយ​ខ្ញុំ​ជឿជាក់ថា ប្រសិនបើ​អ្នក​សាកសួរ​កូនសិស្ស​ទាំងនោះ នោះ​អ្នកនឹង​ឃើញថា នេះ​គឺជា​ចំណុច​លេចធ្លោ​នៃ​ការសិក្សា​របស់​ពួកគេ​ក្នុងឆ្នាំនេះ​»​។​

​កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់​ឈ្មោះ Anna Sprinker បាន​សិក្សា​អង្កេត​លើ​អណ្តូង​ផ្តល់​កំដៅ​ក្រោម​ដី ដែល​ស្ថិតនៅ​ខាងក្រោម​ទីធ្លា​ក្មេង​លេង ដែល​អណ្តូង​នេះ​ស្រូប​ថាមពល​ពី​ខាងក្រោម​ស្រទាប់​ខាងក្រៅ​នៃ​ផែនដី​។​

«​ខ្ញុំ​បានដឹង​ពី​ទីតាំង​របស់​អណ្តូង​ទាំងនោះ ដឹង​ពី​ជម្រៅ​របស់​វា ដឹង​ពី​របៀប​ដែល​អណ្តូង​ទាំងនោះ​ជួយ​ឲ្យ​មានការ​ប្រើប្រាស់​ថាមពល​ដល់​កម្រិត​សូន្យ និង​ដឹង​ពី​របៀប​ដែល​អណ្ដូង​ទាំងនោះ​ចូលរួម​ការពារ​បរិស្ថាន​។ ប្រសិនបើ​អ្នកអាន​សៀវភៅ​វិទ្យាសាស្ត្រ អ្នកនឹង​មើលឃើញ​រូប​ភាពជា​ឧទាហរណ៍​តែប៉ុណ្ណោះ ប៉ុន្តែ​វារឹតតែ​ប្រសើរ​ថែមទៀត​នៅពេល​យើង​មើលឃើញ​វិទ្យាសាស្ត្រ​នោះ​ពិត​ជាក់ស្តែង​»​។​

​ឧទាហរណ៍​ទាំង​អម្បាលម៉ាន​ដែល​លោកគ្រូ​អ្នកគ្រូ​បាន​និយាយ​នេះ ធ្វើ​ឲ្យ​សាលាបឋមសិក្សា Discovery នេះ​ផ្ទាល់​ក្លាយជា​កិច្ច​តែងការ​សម្រាប់​ការបង្រៀន​។​

«​យើង​ទើបតែ​ចាប់ផ្តើម​រៀន​អំពី​អគារ​នេះ និង​សិក្សា​លើ​របៀប​ដែល​អគារ​នេះ​អាច​លើកកម្ពស់​ការសិក្សា​រប​ស់​កូនសិស្ស​។ យើង​តែង​និយាយថា យើង​ធ្វើការ​ងារ​ដែល​កំពុងតែ​មាន​ដំណើការ​»​។​
​ហើយ​ពួកយើង​កំពុង​រៀនសូត្រ​ពីបទ​ពិសោធន៍​មួយ​ដ៏​គួរ​ជាទី​រំភើប​សម្រាប់​ទាំង​កូនសិស្ស និង​គ្រូបង្រៀន​៕

​ប្រែ​សម្រួល​ដោយ កោះ សុគ​ន្ធី​