ប្តី​ចិត្ត​តិ​រ​ច្ឆា​ន្ត វ៉ៃ​បង្ខំ​ប្រពន្ធ​មាន​ផ្ទៃពោះ ឲ្យ​ទៅរក​លក់ខ្លួន​នៅតាម​សួនច្បារ​វត្តភ្នំ​

​រាជធានី​ភ្នំពេញ : ស្ត្រី​វ័យក្មេង​ម្នាក់​ត្រូវបាន​ប្តី​ហេងស៊យ​វាយ​ធ្វើបាប​បង្ខំ​ឲ្យ​រកស៊ី​លក់ខ្លួន​នៅតាម​សួនច្បារ​វត្តភ្នំ​ទាំង​មាន​ផ្ទៃពោះ​ជាង​១​ខែ  ហើយ​នាង​បាន​ជិះ​ម៉ូតូឌុប​រត់គេចខ្លួន ទៅរក​ប៉ូលិស​អង្គភាព​គោលដៅ​ទី​៣​ឲ្យ​ជួយ​អន្តរាគមន៍​។​


​ស្ត្រី​អភ័ព្វ​រូបនេះ​អាយុ​១៩​ឆ្នាំ ជា​អតីត​សន្តិសុខ​ឯកជន​មួយ​មាន​ទីលំនៅ​ផ្ទះជួល​ម្តុំ​វិហារ​អ៊ិ​ស្លាម​បឹងកក់ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្បាលដំរី ឃុំ​គោក​ព្រិច ស្រុក​គិរីវង់ ខេត្តតាកែវ​។ តាម​មន្ត្រីប៉ូលិស​អង្គភាព​គោលដៅ​ទី​៣ ឱ្យដឹងថា ស្ត្រី​វ័យក្មេង​ម្នាក់​នោះបាន​ជិះ​ម៉ូតូឌុប​ទាំង​ទឹកភ្នែក​មករក ប៉ូលិស​ដែល​ប្រចាំការ​នៅ​គល់ស្ពាន​ជ្រោយចង្វា​ឱ្យជួយ​អន្តរាគមន៍ បន្ទាប់ពី​ប្រុស​ស្នេហ៍​បង្ខំ​ឱ្យ​រកស៊ី​ផ្លូវភេទ ។​


​តាម​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា នាង​ជា​កូនកំព្រា​តាំងពី​តូច​រស់នៅ​ជាមួយ​ជីដូន ហើយ​មក​ភ្នំពេញ​ធ្វើការ​ជា​សន្តិសុខ​ឯកជន​មួយ ប្រមាណ​ជិត​១​ឆ្នាំ​នាង​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ជនជាតិ​ចិន​ម្នាក់​រហូត​មាន​ផ្ទៃពោះ គ្រាន់តែ​ដឹងថា មាន​ផ្ទៃពោះ​ជនជាតិ​ចិន​នោះបាន​រត់គេចខ្លួន​បាត់​ទៅ​។ លុះ​ក្រោយមក​ប្រមាណ​កន្លះ​ខែ​មុន​ក៏ បាន​ជួប​ជាមួយ​បុរស​ម្នាក់ទៀត​ឈ្មោះ រ័ត្ន អាយុ​២៦​ឆ្នាំ ជា​ទាហាន​ហើយ​បាន​រួមរស់​ជាមួយគ្នា​។​


​ការរស់នៅ​ជាមួយ​ប្តី​ហេងស៊យ​នោះ​មិន​បានធ្វើ​ឲ្យ​ជីវិត​នាង​មាន​សេចក្តីសុខ​នោះទេ ត្រូវ​ប្រុស​ស្នេហ៍​វាយ​បង្ខំ​ឲ្យ​រកស៊ី​ផ្លូវភេទ ដើម្បី​យកប្រាក់​មក​ឲ្យ​ផឹកស៊ី និង​ជក់​គ្រឿងញៀន​៕

ប្តី​ចិត្ត​តិ​រ​ច្ឆា​ន្ត វ៉ៃ​បង្ខំ​ប្រពន្ធ​មាន​ផ្ទៃពោះ ឲ្យ​ទៅរក​លក់ខ្លួន​នៅតាម​សួនច្បារ​វត្តភ្នំ​