ជន​ឆបោក​ប្រជាពលរដ្ឋ​៥០​គ្រួសារ ប្រមូល​លុយ​ជាង​៥.០០០​ដុល្លារ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តក្រចេះ : កម្លាំង​នគរបាល​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បួន​នាក់​ពាក់ព័ន្ធ ការដើរ​ឆបោក​យកលុយ​ពី​ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ​ប្រមូល​លុយ​បាន​ស្មើ​៥.០០០​ដុ​លា្ល​រ​ទាក់ទិន​នឹង​សុំ​ដី​សម្បទាន​សង្គមកិច្ច​ពីរ​ដ្ឋ​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​នោះ​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​។​

​លោក ច័ន្ទ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មាន​មនុស្ស​ដើរ​ចលនា​ប្រជាពលរដ្ឋ​ចំនួន​៥០ គ្រួសារ​ដោយ​តម្រូវ​ឲ្យ​បរិច្ចាគ​ថវិកា​មួយ​គ្រួសារ​ចំនួន​១០០​ដុល្លារ ដើម្បី​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋ​ចំនួន​៥​ហិកតា​ក្នុង​មួយ​គ្រួសារ​។ ទីតាំង​ដី​ដែល​ក្រុម​ជន​នោះបាន​បំផុស​ថា នឹង​ស្នើសុំ​ដី​ពីរ​ដ្ឋ​នោះ​ស្ថិតនៅ​ក្នុងភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម និង​ឃុំ​បឹង​ចារ ស្រុក​ព្រែក ប្រសព្វ ខេត្តក្រចេះ​។​

​ក្រោយ​ទទួល​ព័ត៌មាន​ជាក់លាក់​រួចមក​លោក​បាន​ដាក់​កម្លាំង​តាម​ស្រាវជ្រាវ​ក៏​រកឃើញ​ជន​ចំនួន​បួន​នាក់​ពាក់ព័ន្ធ​ក្នុងករណីនេះ​។ ក្នុងនោះ​ក្រុម​ជនសង្ស័យ​មាន​លិខិត​ដែល​បានធ្វើ​សំណើរ​ទៅ​អភិបាលខេត្ត និង​ចំណារ​ឯកភាព​ក្លែងក្លាយ ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ជំនឿ​លើ​ពួកខ្លួន​។

​លោក​អធិការ​បាន​បន្តថា​ជន សង្ស័យ​បួន​នាក់​នោះ​ឈ្មោះ ឈឿ សុធា​រី ហៅ​ពៅ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ជា​អ្នក​ប្រើ ឈ្មោះ លី ហេន ភេទ ប្រុស អាយុ​៦៣​ឆ្នាំ នៅ​ភូមិ ឃុំ ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ ជា​អ្នកសារព័ត៌មាន​, ឈ្មោះ ប៊ូ ខុន ភេទ​ប្រុស​អាយុ​៦០ ឆ្នាំ​នៅ​ភូមិ​រកា​ធំ​ឃុំ​ជ្រោយ​បន្ទាយ​ស្រុក​ព្រែក​ប្រសព្វ​។ លោក​បន្តថា សកម្មភាព​នេះ​ពួកគេ​បាន​ប្រព្រឹត្ត​ចាប់តាំងពី​ខែ​ពាក់កណ្តាល​ខែមីនា​ឆ្នាំ ២០១៦​មក​ម្លេះ រហូតដល់​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៦​ដោយ​ប្រមូលបាន​លុយ ចំនួន​៥.០០០​ដុល្លារ​ពី​ប្រជាពលរដ្ឋ​៥០​គ្រួសារ​។​

​បន្ទាប់ពី ឃាត់ខ្លួន និង​សាកសួរ​ជន​ទាំង​នោះបាន​ឆ្លើយ​សារភាព​ពី​សកម្មភាពរ​បស់​ក្រុម​ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​៕

ជន​ឆបោក​ប្រជាពលរដ្ឋ​៥០​គ្រួសារ ប្រមូល​លុយ​ជាង​៥.០០០​ដុល្លារ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​