Aaron Kwok ទើបទិញរថយន្តថ្មី Ferrari FXX-K តម្លៃជិត៣លានដុល្លារ

ចិន៖ កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦ ដែលត្រូវនឹងថ្ងៃ នៃពិធីបុណ្យទូកនាគ «Dragon Boat Festival» កន្លងទៅនេះ តារាចម្រៀង និងសម្តែងប្រុសហុងកុង Aaron Kwok បានបង្ហោះសារ និងរូបភាព នៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញថា គាត់ទើបតែទិញ រថយន្តស្ព័រថ្មី ម៉ាក Ferrari FXX-K តម្លៃជិត៣លានដុល្លារអាមេរិកឯណោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាប្រុសវ័យ ៥០ឆ្នាំរូបនេះ មានចំណង់ចំណូលចិត្តប្រណាំងរថយន្តណាស់ ហើយគេបានដឹងថា គាត់គឺជាអ្នកដែលចូលចិត្ត ទិញរថយន្តស្ព័រទុក ពីជុំវិញពិភពលោកទៀតផង។

បើតាមសារនៅលើបណ្តាញសង្គម Weibo របស់គាត់ បានសរសេរថា «រីករាយពិធីបុណ្យទូកនាគ Dragon Boat Festival! ខ្ញុំពិតជាសប្បាយរីករាយជាពិសេស ក្នុងថ្ងៃនេះ ដោយសារតែខ្ញុំ បានទទួលរថយន្ត ក្នុងក្តីស្រមៃរបស់ខ្ញុំហើយ គឺរថយន្តម៉ាក Ferrari FXX-K ពីដៃនាយកប្រតិបត្តិ នៃក្រុមហ៊ុន Ferrari ក្នុងប្រទេសចិនផ្ទាល់តែម្តង គឺលោក Matteo Torre»។

ភ្ជាប់ជាមួយនឹងសារនេះដែរ គឺរូបថតប៉ុន្មានសន្លឹកទៀត ដែលបង្ហាញពី លោក Aaron Kwok ជាមួយនឹង រថយន្តស្ព័រម៉ាក Ferrari FXX-K ពណ៌ក្រហម ដ៏ស្រស់ស្អាតរបស់គាត់ ផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តស្ព័រម៉ាក Ferrari FXX-K នេះ គឺជារថយន្ត ដែលមានល្បឿនលឿន ព្រោះមានកម្លាំងសេះ រហូតដល់ទៅ ១០៣៥hp និងជារថយន្តដែលត្រូវបានគេផលិតតែ ៣២គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៥ ដែលមានតម្លៃ យ៉ាងហោចណាស់ចាប់ពី ២.៧លានដុល្លារអាមេរិក។ រថយន្ត Ferrari FXX-K របស់លោក Aaron Kwok នេះ គឺមានបន្ថែមនូវកម្មវិធីប្រណាំងរថយន្ត ដែលមានឈ្មោះថា «Ferrari Corse Clienti» ទៀតផង៕

ប្រភព ៖
Lollipop

កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ កាលពីពេលថ្មីៗ កន្លងទៅនេះ ក៏មានព័ត៌មានចុះផ្សាយ ទាក់ទងនឹង លោក Aaron Kwok ដែរ ដោយបាននិយាយថា លោកបានបង្ហាញមុខ មិត្តស្រីរបស់ខ្លួន ជាសារធាណៈ ក្នុងបណ្តាញសង្គម Weibo​ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។

តារាប្រុសវ័យ៥០ឆ្នាំរូបនេះ បានបង្ហោះរូបថត កាន់ដៃគ្នានៅក្នុងឡាន ចូលក្នុងបណ្តាញសង្គម Weibo ដោយមានការ Tag ជាមួយគណនីមួយទៀត ដែលគេដឹងថា ជាមិត្តស្រីរបស់គាត់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មិត្តស្រីរបស់លោក Aaron Kwok ជាតារាម៉ូដែលចិន ឈ្មោះថា Moka Fang វ័យ២៧ឆ្នាំ។ ហើយជាពិសេស​ គឺមានតែរូបនាងតែប៉ុណ្ណោះ ដែលរូបលោក ហ៊ានបង្ហាញមុខ ឲ្យគ្រប់គ្នាបានស្គាល់។

គួរបញ្ជាក់ផងដែរថា លោក Aaron Kwok ធ្លាប់មានស្នេហាលួចលាក់ ជាមួយតារាម៉ូដែលស្រីចិនម្នាក់ ឈ្មោះ Lynn Hung យ៉ាងផ្អែមល្ហែមជាមួយគ្នា អស់រយៈពេល៧ឆ្នាំ តែក៏បានបែកបាក់គ្នាវិញ កាលពី២ឆ្នាំមុន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload