គ្រូ​ជើង​ឯក​ Leo Cup B សង្ឃឹម​៧០​% ឡើងដល់​​វគ្គ​១/២​ ពាន Leo Cup A

ក្រោយ​ទទួល​បាន​​ជើង​ឯក​បាល់ទះ​​ជាតិ Leo Cup 2016 កម្រិត​ B កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ គ្រូ​បង្វឹក​ក្រុម​បាល់ទះ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​មក​ពី​ខេត្ត​ព្រះ​សីហនុ​រំពឹង​ខ្ពស់​​ក្នុង​ការ​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​ជើង​ឯក​ជាតិ​ Leo Cup 2016 កម្រិត​ A។

 

គ្រូ​ជើង​ឯក​ Leo Cup B សង្ឃឹម​៧០​% ឡើងដល់​​វគ្គ​១/២​ ពាន Leo Cup A លោក ប៉ុល ចន្នី (អាវខ្មៅ)​ពេល​ផ្តល់​បទ​សម្ភាសន៍​

 

លោក​វរនាវីឯក​ ប៉ុល ចន្នី ​គ្រូ​បង្វឹក​ក្រុម​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​បាន​​ប្រាប់​​ថា​ ការ​ឡើង​​ទៅ​លេង​នៅ​ក្រប​ខណ្ឌ​ A វា​ពិត​ជា​ពិបាក​ណាស់​ ពី​ព្រោះ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ខ្លាំង​ៗ។ «ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​សង្ឃឹម​​៧០​ទៅ​៨០​ភាគ​រយ​ ដែល​អាច​​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ចន្នី​ និង​បាន​បន្ថែម​ថា ចាប់​ពី​ពេល​នេះ​ទៅ​ក្រុម​របស់​លោក​នឹង​ប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​កាន់​តែ​ខ្លាំង។

 

លោក​បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​ក្រុម​របស់​ខ្លាំង​យូរ​មក​ហើយ​ដោយ​បាន​ក្លាយ​ជា​ក្រុម​ជើង​ឯក​បាល់ទះ​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​មុន​ពេល​ឈាន​មក​គ្រង​ជើង​ឯក​ Leo Cup កម្រិត​ B នេះ​ទៀត។ មុន​នឹង​ក្លាយ​ជា​ក្រុម​រឹង​មាំ​មួយ​បាន លោក​បាន​ដឹក​នាំ​កូន​ក្រុម​ហ្វឹកហាត់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។

 

លោក​វរនាវីឯក​រូប​នេះ​បាន​លើក​ឡើង​ជុំ​វិញ​បញ្ហា​លំបាក​ខ្លះ​ៗ​​ថា ពេល​ខ្លះ​កីឡាករ​មួយ​ចំនួន​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន អ្នក​ខ្លះ​ដើរ​លេង​ច្រើន​ ឬ​ជាប់​សិក្សា​ជា​ដើម ដូច្នេះ​ជា​ការ​លំបាក​សម្រាប់​គាត់​ដើម្បី​ប្រមូល​ហ្វឹកហាត់។ ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា​ ​កីឡាករ​ភាគ​ច្រើន​យល់​​ពី​បញ្ហា​នេះ។

 

 គ្រូ​ជើង​ឯក​ Leo Cup B សង្ឃឹម​៧០​% ឡើងដល់​​វគ្គ​១/២​ ពាន Leo Cup Aកង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ឈ្នះ​ពាន​Leo Cup 2016 កម្រិត​ B

 

បន្ទាប់​ពី​បញ្ចប់​ Division B ​ពាន​រង្វាន់ Leo Cup ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ការ​ប្រកួត​វគ្គ Division A ​របស់​ខ្លួន​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា ឆ្នាំ​២០១៦​នេះ ដោយ​ការ​ប្រកួត​ដំណើរ​រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៦​ទើប​ បញ្ចប់៕

 

ព័ត៌មាន​បាល់ទះ​ជា​ច្រើន​ទៀត សូម​ចុច៖ http://www.leocupvolleyball.com/

 

អត្ថបទ៖ ជាន ចាន់រ៉ា​